ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗពីរ មានសុទិដ្ឋិនិយមខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១

0
333

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងកើនឡើង៤,០% នៅឆ្នាំ២០២១ និង៥,៥% ក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា និងការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីថ្មីៗដែលបានកើតឡើង។ ផលិតកម្មឧស្សាហកម្ម រំពឹងថា នឹងកើនឡើង ៧,១% ក្នុងឆ្នាំ២០២១ និង៧,០% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញ នៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃឧស្សហកម្មធនស្រាល ផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់ ។ វិស័យកសិកម្ម រំពឹងថា នឹងកើនឡើង១,៣% ក្នុងឆ្នាំ២០២១ និង១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើង នៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងវិស័យសេវាកម្ម នឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២ ដោយសារការរឹតបន្តឹងការធ្វើដំណើរត្រូវបានរំពឹងថា នឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវបានរំពឹងថា អាចជួយជំរុញកំណើនផ្នែក សេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹងឧស្សាហកម្មសំណង់ ។

បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង២,១ពាន់លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន៤៧៧លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា ។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន១,៣៥ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩ ។

ដោយឡែក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនពី-៣,៥%ក្នុងឆ្នាំ២០២០ ដល់៤,២%ក្នុងឆ្នាំ២០២១។ ទោះយ៉ាងណាអត្រាអតិផរណាកម្ពុជា ស្ថិតក្នុងកម្រិតទាបប្រមាណ២,៩ភាគរយ អត្រាប្តូរប្រាក់ប្រែប្រួលក្នុងកម្រិតទាបជាង១% ស្របពេលដែលទុនបម្រុងអន្តរជាតិ ត្រូវបានគរពូនជាលំដាប់ដែលអាចធានា ការនាំចូលទំនិញ និងសេវាបាន១១ខែដែលរួមចំណែក ក្នុងការរក្សាស្ថិរភាពថ្លៃ និងតុល្យភាពម៉ាក្រូសេដ្ឋកិច្ច ៕ (ដោយៈ ដំរី)

LEAVE A REPLY

Please enter your comment!
Please enter your name here