ត្រូវស្វែងយល់អំពីផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ក្នុងឆ្នាំ២០២១

0
123

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១ និងដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តបណ្តាភារកិច្ចជាយុទ្ធសាស្ត្រសំខាន់ៗ ក្នុងជំហានឆ្ពោះទៅកាន់ការធានាបាននូវការស្តារឡើងវិញឲ្យបានឆាប់រហ័សនៃវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី ។

ជំងឺកូវីដ-១៩ បានឆ្លងរាលដាលដល់គ្រប់ប្រទេស និងដែនដីទាំងអស់នៅលើសកលលោក ដោយបានបន្តវិវត្តន៍បំលែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ ថ្មី បង្កគ្រោះថ្នាក់កាន់តែកាចសាហាវដល់អាយុជីវិតមនុស្សជាតិ ។ ប្រទេសជាច្រើនលើពិភពលោក បានប្រកាន់យកវិធានការជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងជំងឺរាលដាលនេះ និងបានប្រកាន់យកវិធានការចាក់វ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងបានឈានដល់ដំណាក់កាលនៃការដាក់ឲ្យប្រើប្រាស់ ។ ដោយឡែកនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលក៏បានប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺម៉ាត់ ដោយបានដាក់ចេញវិធានការដាច់ខាតតាមរយៈការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងបិទខ្ទប់ភូមិ ឬឃុំនានា នៅតាមបណ្តាខេត្ត តាមស្ថានភាពតម្រូវជាក់ស្តែង ដែលនាំឲ្យយើងទទួលបានជោគជ័យជាបឋម ដោយបានការអនុញ្ញាតិឲ្យមានការធ្វើចរាចរណ៍ និងសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅតំបន់លឿង ។

  • រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឲ្យអនុវត្ត «ផែនការមេចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស» ក្នុងគោលបំណងបង្កើតភាពស៊ាំដល់អ្នកផ្តល់សេវាជួរមុខទូទាំងប្រទេស ដែលគិតត្រឹមពីខែកុម្ភៈ​ ដល់ខែមេសា ឆ្នាំ២០២១​ អ្នកទទួលការវ៉ាក់សាំងមានជាង ១,៣លាននាក់ ។ ផ្អែកលើលទ្ធផលនៃយុទ្ធនាការនេះ រាជរដ្ឋាភិបាលបានវាយតម្លៃឲ្យឃើញនូវស្ថានភាពមួយចំនួន គឺ ភាពខ្លាំងៈ ការសម្រេចចិត្តបានឆាប់រហ័សក្នុងការចាក់វ៉ាក់សាំង , អ្នកបម្រើសេវាជួរមុខ ១,៣លាននាក់ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ , ការប្រើប្រាស់កម្លាំងជាតិសរុបចូករួមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង កាលានុវត្តភាពៈ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ , កិច្ចសហការរបស់ប្រជាជនក្នុងការអនុវត្តវិធានការសុខាភិបាល , កិច្ចសហការ និងការចូលរួមស្ម័គ្រចិត្តរបស់ប្រជាជន និងវិស័យឯកជន និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅតាមមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ភាពខ្សោយៈ ធនធានមានកម្រិត , កខ្វះខាតហេដ្ឋារចនាសម្ព័ន្ធក្នុងការប្រមូលប្រព័ន្ធទិន្នន័យ និងកង្វះទីតាំង/ឃ្លាំងស្តង់ដារសម្រាប់ស្តុកវ៉ាក់សាំង ការគំរាមកំហែងៈ លទ្ធភាពក្នុងការរកទិញ និងការផ្គត់ផ្គង់វ៉ាក់សាំង កង្វះហេដ្ឋារចនាសម្ព័ន្ធរក្សាទុក និងដឹកជញ្ជូនវ៉ាក់សាំង , ជំងឺកូវីដ-១៩ ប្រភេទវីរុសបំលែងថ្មីដែលធ្វើឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព និងប្រជាជន-បុគ្គលិកក្នុងវិស័យឯកជនមួយចំនួន នៅមិនទាន់ស្ម័គ្រចិត្តការចាក់វ៉ាក់សាំង ។ ប៉ុន្តែយុទ្ធនាការជាតិចាក់វ៉ាក់សាំង-ដំណាក់ទី១ ដែលគ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខ បានប្រព្រឹត្តិទៅក្នុងល្បឿនលឿន និងសម្រេចបានលទ្ធផលតាមការគ្រោងទុក ។
  • ផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១ គឺជាការអនុវត្តដំណាក់កាលទី២ បន្តពីយុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទី១ ដោយផ្តោតទៅលើ ៖ ១- ការចាក់វ៉ាក់សាំងជូនប្រជាជនគ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅក្នុងតំបន់អាទិភាពខ្ពស់ (គោលដៅរួមសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់ ត្រូវសម្រេចឲ្យបានក្នុងឆ្នាំ២០២១នេះ , កាន់តែឆាប់កាន់តែប្រសើរ) ២- អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សតាមថិរវេលាកំណត់ក្រោមការសម្របសម្រួល និងការធ្វើសមកាលកម្មច្បាស់លាស់រវាងផែនការសកម្មភាពចាក់វ៉ាក់សាំង និងកាលវិភាគការមកដល់ ការបញ្ជាទិញ​ និងការផ្គត់ផ្គង់វ៉ាក់សាំងថ្មីស្របតាមតំរូវការជាក់ស្តែង និង ៣- អនុវត្តការចាក់វ៉ាក់សាំងក្នុងលក្ខណៈជាយុទ្ធនាការជាតិ តាមរយៈការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិឲ្យបានឆាប់រហ័ស ។
  • ការចាក់វ៉ាក់សាំងនេះ គឺជាវិធានការយុទ្ធសាស្ត្រគន្លឹះដ៏មានប្រសិទ្ធភាពដែលត្រូវអនុវត្តគូបផ្សំជាមួយវិធានការជាច្រើន ជាពិសេស «៣-កុំ និង ៣-ការពារ» ដើម្បីធានាឲ្យកម្ពុជាអាចបន្តដំណើរអភិវឌ្ឍន៍ទៅមុខលើគន្លងនៃ «ប្រក្រតីភាពថ្មី» ។
  • មានកត្តាហានិភ័យធំៗចំនួន ៣ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំង រួមមាន៖ – ការទទួលបានវ៉ាក់សាំងមិនគ្រប់តាមតម្រូវការ អាស្រ័យដោយកម្រិតនៃការផ្គត់ផ្គង់ , តម្រូវការខ្ពស់ពីបណ្តាប្រទេសក្នុងពិភពលោក ភាពស្មុគស្មាញនៃបញ្ហាបច្ចេកទេសក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់វ៉ាក់សាំង ។ ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចចិត្តត្រឹមត្រូវក្នុងការចាប់ដៃគូរជាយុទ្ធសាស្ត្រជាមួយចិន ដោយដោះស្រាយបានបញ្ហាខាងលើនេះ – សមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំង គឺចំនួនច្រើននៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំង , រយៈពេលខ្លីនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងកង្វះខាតសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង និង ៣- ការកើតឡើង ឬការឆ្លងចូលមកកម្ពុជានៅវីរុសកូវីដ-១៩ បំលែងថ្មី ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់តាមដានយ៉ាងដិតដល់នូវស្ថានការវិវត្តន៍តាមបណ្តាប្រទេស ដែលរងឥទ្ធិពលពីវីរុសបំលែងថ្មីនេះ , ការរឹតបន្តឹងវិធានការសុខាភិបាល ការគ្រប់គ្រងច្រកចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ និងអនុត្តម៉ឺងម៉ាត់វិធានការចត្តាឡីស័ក ។
  • ជាការសន្និដ្ឋាន ទោះបីកម្ពុជាកំពុងទទួលរងឥទ្ធិពលនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ការដាក់ចេញផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១ រួមនឹងការអនុវត្តវិធានការផ្សេងទៀត គឺជាភាពបន្ទាន់ និងមានសារៈសំខាន់ដើម្បីបង្កើតឲ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ច នៅឆ្នាំ២០២១ នៅរាជធានី ទីរួមខេត្ត និងតំបន់ទីប្រជុំជនធំៗ ។ ផែនការយុទ្ធសាស្ត្រនេះ គឺជាកិច្ចការអាទិភាពគន្លឹះមួយ ដែលត្រូវសម្រេចអនុវត្តឲ្យបានជោគជ័យក្នុងរយៈពេលខ្លី ដោយទាមទារឲ្យមានការគិតគូរគ្រប់ជ្រុងជ្រោយ ការសម្របសម្រួល ការប្តេជ្ញាចិត្តចូលរួម និងស្មារតីទទួលខុសត្រូវពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការរួមចំណែកគ្រប់គ្រងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការបោះជំហានឆ្ពោះទៅរកការធានាបាន ការស្តារឡើងវិញយ៉ាងឆាប់រហ័ស នៃវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមគន្លង «ប្រក្រតីភាពថ្មី» ៕ (ដកស្រង់ដោយៈ ដំរី)

 

LEAVE A REPLY

Please enter your comment!
Please enter your name here