លោក Macron ស្វែងរកការបំភ្លឺពីលោក ពូទីន អំពីបញ្ហាអ៊ុយក្រែន

0
99

 

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកនឹងស្វែងរកការបំភ្លឺជុំវិញចេតនារបស់រុស្ស៊ីចំពោះអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតី Vladimir Putin នៅថ្ងៃសុក្រខាងមុខ ចំពេលមានការកើនឡើងនៃការភ័យខ្លាចពីការវាយប្រហារដោយវិមានក្រឹមឡាំង លើអតីតសាធារណរដ្ឋសហភាពសូវៀត។ លោក Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសង្កត់ធ្ងន់លើការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ កាលពីថ្ងៃអង្គារ នៅទីក្រុងប៊ែរឡាំង ហើយបានបញ្ជាក់ជំហរថា រុស្ស៊ីនឹងបង់នូវតម្លៃខ្ពស់ ប្រសិនបើប្រទេសនេះវាយប្រហារប្រទេសជិតខាងតូចជាងខ្លួន។ មេដឹកនាំទាំងពីរបាននិយាយនៅមុនការបន្តនៃកិច្ចចរចា ដែលគេហៅថា តាមទម្រង់ “Normandy(ជាឈ្មោះខេត្តមួយរបស់បារាំងនៅប៉ូលខាងជើង)” ដោយមានទីប្រឹក្សានយោបាយមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់ គ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងប៉ារីស នៅថ្ងៃពុធនេះ។ លោក Macron បាននិយាយថា លោកសង្ឃឹមថាការហៅទូរស័ព្ទរបស់លោកជាមួយលោក ពូទីន នៅថ្ងៃសុក្រខាងមុខ នឹងផ្តល់ “ការសន្ទនាដែលទាមទារ និងទទួលបានការបំភ្លឺ”។ អង្គការណាតូ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងដាក់កម្លាំងរង់ចាំ និងពង្រឹងអឺរ៉ុបខាងកើតជាមួយនឹងកប៉ាល់ និងយន្តហោះចម្បាំងបន្ថែមទៀត នៅក្នុងអ្វីដែលរុស្ស៊ីបានថ្កោលទោសថា ជា “រោគសរសៃប្រសាទ” ជាការឆ្លើយតបទៅនឹងការបង្កើនកងទ័ពរាប់ម៉ឺននាក់ នៅតាមព្រំដែនអ៊ុយក្រែន។ ទោះយ៉ាងណា ទីក្រុងប៊ែរឡាំងបានបដិសេធមិនធ្វើតាមប្រទេសលោកខាងលិច ក្នុងការបញ្ជូនអាវុធទៅកាន់ទីក្រុង Kiev ដើម្បីការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលអាចជំរុញឱ្យលោក Scholz ការពារកំណត់ត្រារបស់ខ្លួន ស្តីពីការគាំទ្រអ៊ុយក្រែនតាមមធ្យោបាយផ្សេងទៀត។ លោកបានមានប្រសាសន៍ថា “យើងបានធ្វើកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ ដើម្បីគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅអ៊ុយក្រែន” ដោយបន្ថែមថា មានហេតុផលប្រវត្តិសាស្ត្រ សម្រាប់ការបដិសេធរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនអាវុធដ៍សាហាវទៅកាន់តំបន់សង្រ្គាម។ លោក​បាន​បន្ថែម​ថា​៖ «​យើង​មាន​អារម្មណ៍​អំពីការទទួល​ខុស​ត្រូវ ​ជា​ឧទាហរណ៍​សម្រាប់​ការ​ធានា​ថា​អ៊ុយក្រែន​នៅ​តែ​ជា​ប្រទេស​ឆ្លងកាត់ (ឧស្ម័ន)»។ “អ៊ុយក្រែនដឹងច្បាស់ថា ខ្លួនអាចពឹងផ្អែកលើអាល្លឺម៉ង់” ។ រុស្ស៊ីបដិសេធថា មិនមានផែនការឈ្លានពានអ៊ុយក្រែនទេ ប៉ុន្តែកំពុងទាមទារការធានាសន្តិសុខស្របច្បាប់ ពីសហរដ្ឋអាមេរិក និងណាតូ។ រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងឃ្លាំមើលដោយក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអាមេរិកបានដាក់ទាហានចំនួន 8,500 នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ដាក់ពង្រាយទៅកាន់អឺរ៉ុប ក្នុងករណីមានការកើនឡើងនៅក្នុងវិបត្តិអ៊ុយក្រែន៕ (Reuters ថ្ងៃទី២៦ ខែមករា)

LEAVE A REPLY

Please enter your comment!
Please enter your name here