មេដឹកនាំលោកខាងលិចបានបង្កើនការត្រៀមលក្ខណៈ សម្រាប់សកម្មភាពយោធាណាមួយរបស់រុស្ស៊ីនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី25 ខែមករា ដោយកិច្ចពិភាក្សាបានធ្វើឡើង ស្តីពីការការពារការផ្គត់ផ្គង់ថាមពល ហើយប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកនឹងពិចារណាដាក់ទណ្ឌកម្មដោយផ្ទាល់ លើលោកប្រធានាធិបតី Vladimir Putin។ ភាពតានតឹងនៅតែមានកម្រិតខ្ពស់ បន្ទាប់ពីអង្គការណាតូបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងដាក់កម្លាំងរង់ចាំ និងពង្រឹងអឺរ៉ុបខាងកើតជាមួយនឹងនាវា និងយន្តហោះចម្បាំងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការបង្កើនកងទ័ពរបស់រុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន។ រុស្ស៊ីដែលបដិសេធការវាយប្រហារនោះ បាននិយាយថា ខ្លួនកំពុងមើលដោយក្តីបារម្ភជាខ្លាំង។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយឡើងវិញនូវខ្សែបន្ទាត់របស់ទីក្រុងមូស្គូថា វិបត្តិនេះត្រូវបានជំរុញដោយសកម្មភាពរបស់អាមេរិក និងអង្គការណាតូ មិនមែនជាការកសាងកងទ័ពរុស្ស៊ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីល្ងាចថ្ងៃអង្គារ បានជំរុញជនរួមជាតិរបស់លោកឱ្យរក្សាភាពស្ងប់ស្ងាត់ ហើយបាននិយាយថា ការងារកំពុងដំណើរការ ដើម្បីនាំមកនូវកិច្ចប្រជុំរវាងលោក និងមេដឹកនាំនៃប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងបារាំង។ ការដាក់ទណ្ឌកម្មផ្ទាល់របស់អាមេរិកលើមេដឹកនាំបរទេស គឺកម្រមានណាស់ពីមុនមក។ កន្លងមក មានមេដឹកនាំបរទេស ៣រូប ត្រូវបានអាមេរិកដាក់ទណ្ឌកម្ម រួមមាន លោក Nicolas Maduro របស់វេណេស៊ុយអេឡា លោក Bashar al-Assad របស់ប្រទេសស៊ីរី និងលោក Muammar Gaddafi របស់ប្រទេសលីប៊ី។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា ទាហានអាមេរិកប្រហែល 8,500នាក់ ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយកំពុងរង់ចាំការបញ្ជាឱ្យដាក់ពង្រាយទៅកាន់ផ្នែកខាងកើតរបស់អង្គការណាតូ។ យន្តហោះអាមេរិក មួយគ្រឿង ដែលផ្ទុកសម្ភារៈយោធា និងគ្រាប់បែកបានចុះចតនៅទីក្រុង Kyiv កាលពីថ្ងៃអង្គារ ដែលជាការដឹកជញ្ជូនលើកទីបីនៃកញ្ចប់សន្តិសុខតម្លៃ 200 លានដុល្លារអាមេរិក ដើម្បីឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន។ អាមេរិកបានសន្យាផ្តល់ជំនួយយោធាជាង ៦០០លានដុល្លារ ដល់អ៊ុយក្រែន និងច្រើនជាង ២,៧ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៤ នៅពេលរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមៀរពីអ៊ុយក្រែន។ មកដល់ពេលនេះ អង្គការណាតូមានកងទ័ពប្រមាណ ៤ ០០០នាក់ ចម្រុះជាតិសាសន៍ ដាក់ពង្រាយនៅប្រទេសអេស្តូនី លេតវី និងប៉ូឡូញ ដែលគាំទ្រដោយរថគ្រោះការពារដែនអាកាស និងអង្គភាពស៊ើបការណ៍៕ (Reuters ថ្ងៃទី២៦ ខែមករា)