តើដើមពោធិ៍រឿងទុំ និងទាវ នៅខេត្តត្បូងឃ្មុំ ដូចរឿងដើមស្វាយម្តាយព្រះគោធ្លាក់សុគតនៅក្រុងលង្វែកដែរឬយ៉ាងណា?
កន្លងទៅនេះនៅក្នុងផេក Im Sophal Page បានចុះផ្សាយអត្ថបទស្រាវជ្រាវដ៏មានអត្ថន័យអំពីប្រវត្តិនិងស្លាកស្នាមនៃរឿងព្រះគោ ព្រះកែវនិងរឿងទុំទាវ។វេបសាយ ដំរី សូមអនុញ្ញាតលើកយកអត្ថបទនេះមកចុះផ្សាយដូចខាងក្រោម :-
១.ព្រះបរមរាជាទី២ “ចៅពញាអន” (១៥៩៧-១៥៩៩) ក្រោយពីបានឡើងគ្រងរាជ្យ ព្រះអង្គលើកកងទ័ពទៅបង្ក្រាបក្រុមបះបោរដឹកនាំដោយ នាយកែវ នៅឯស្រុកបាភ្នំ។ នៅពេលយាងត្រឡប់មកវិញ ព្រះអង្គបានជួបនិងសព្វព្រះទ័យជាមួយ “នាងទាវ” ដែលជាភរិយារបស់ “ពញាថី” ហើយចង់យកនាងមកធ្វើជាស្នំ។ ប៉ុន្តែនាងទាវមិនព្រម ព្រោះនាងស្មោះស្ម័គ្រជាមួយតែស្វាមី “ពញាថី” មួយប៉ុណ្ណោះ ពេលនោះព្រះអង្គក្រោធយ៉ាងខ្លាំងក៏ចាប់នាងទាវដាក់ច្រវាក់នាំយកទៅរាជវាំងជាមួយ។
២.នៅពេលនោះ ពញាថី មើលឃើញអំពើឃោរឃៅផ្តាច់ការរបស់ស្តេចបរមរាជាទី២ ធ្វើបាបភរិយារបស់ខ្លួនបែបនេះ មានការឈឺចាប់ក៏រត់ទៅចុះចូលជាមួយក្រុមបះបោរដឹកនាំដោយនាយកែវ ហើយក្រោយមកក្រុមនេះបានរៀបចំផែនការធ្វើគុតព្រះបរមរាជាទី២ បានសម្រេចនៅឆ្នាំ១៥៩៩គ.ស.។
៣. រឿងអាស្រូវស្តេចប្លន់យកប្រពន្ធរាស្ត្រ ធ្វើឱ្យប្រជាពលរដ្ឋមានការឈឺចាប់និយាយតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ព្រះមហាក្សត្រ ពីមួយរជ្ជកាលទៅមួយរជ្ជកាលរហូតមកដល់ឆ្នាំ១៧៩០គ.ស.ក្នុងរជ្ជកាលស្តេចអង្គអេង ដែលពេលនោះចៅហ៊្វាបែន (អភ័យវង្សបែនស្តេចត្រាញ់ខេត្តបាត់ដំបង) និងចៅហ៊្វា ប៉ុក (បិតាចិញ្ចឹមរបស់ព្រះអង្គអេង) គ្រប់គ្រងកិច្ចការជាតិទាំងមូល ព្រោះព្រះអង្គអេងនៅព្រះជន្មក្មេងពេក ក៏បានប្រឌិតរឿងអាស្រូវស្តេចប្លន់ប្រពន្ធរាស្ត្រនេះ ឱ្យទៅជារឿងប្រលោមលោភដោយបង្វែរភាពឃោរឃៅរបស់ព្រះរាជាទៅលើតួអង្គ “អកជូន” ចៅហ្វាយខេត្តត្បូងឃ្មុំវិញ ព្រោះអកជូន ធ្លាប់បានដឹកនាំកងទ័ពទៅវាយប្រហារចៅហ៊្វាបែន រហូតនាំព្រះអង្គអេងភៀសព្រះកាយទៅស្រុកសៀម។
៤. ដូច្នេះរឿងអាស្រូវរបស់ព្រះរាជា ត្រូវបានអ្នកនិពន្ធយករឿងពិតរបស់នាងទាវនិងពញាថី ប្រឌិតឱ្យទៅជារឿងប្រលោមលោភមួយគឺ“រឿងទុំទាវ”ថ្មី។ ប៉ុន្តែកាលបរិច្ឆេទរវាងព្រះបរមរាជាទី២ និងនាងទាវកើតឡើងនៅឆ្នាំ១៥៩៧គ.ស.។ ចំណែកកាលបរិច្ឆេទដែល អកជូន ធ្វើជាចៅហ្វាយខេត្តត្បូងឃ្មុំគឺនៅឆ្នាំ១៧៩០គ.ស. ដូច្នេះព្រឹត្តិការណ៍ទាំងពីរនេះកើតឡើងមានរយៈពេលខុសគ្នារហូតដល់ទៅ១៩៣ឆ្នាំ។
៥.ក្រោយពេលគេប្រឌិតរឿងទុំទាវថ្មី និងរយៈពេលចេះតែកន្លងផុតទៅអស់ជិត២សតវត្សរ៍ ធ្វើឱ្យប្រជារាស្ត្រខ្មែរភ្លេចអស់នូវរឿងអាស្រូវស្តេចប្លន់ប្រពន្ធរាស្ត្រ ហើយនាំគ្នាចងចាំតែរឿងទុំទាវ ដែលជារឿងប្រលោមលោភផ្នែកមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះវិញ។
(សូមបន្ថែមសម្ផស្សនាងទាវបន្តិច នៅក្នុងឯកសារសរសេរថា “នាងទាវ” ពិតជាមានរូបឆោមសម្ផស្សស្រស់ស្អាតខ្លាំងណាស់។ ចំណែកស្វាមី “ពញាថី” ទំនងជាមន្ត្រីជាន់ខ្ពស់ ឬអ្នកមានទ្រព្យស្តុកស្តម្ភហើយ បានជាគេប្រើពាក្យ “ពញា” នេះ ព្រោះពាក្យ ពញា សម័យកាលនោះប្រើសម្រាប់តែមន្ត្រីជាន់ខ្ពស់ ឬអ្នកមានទ្រព្យ ដូចពាក្យឧកញ៉ា ចឹងដែរ)
(រាត្រីសួស្តីពីទីក្រុងឡុងដ៍ ០៦ ឧសភា ២០២១! )