កសិករភូមិត្រពាំងសង្កែ ចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ ទទួលបានជោគជ័យ ហើយមានជីវភាពប្រសើរឡើងជាលំដាប់

0
421

ខេត្តត្បូងឃ្មុំ៖ គ្រួសារលោកស្រី ពុត សុជា រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជ្រើសយករបរចិញ្ចឹមភ្ញាស់កូនមាន់ លក់ លក់ស៊ុត និងបើកបង្រៀនការចិញ្ចឹមមាន់តាមបច្ចេកទេសដល់កសិករធានាទទួលបានជោគជ័យ ។ ធ្វើឲ្យជីវភាពធូរធារល្អប្រសើរឡើង ក្នុងប្រាក់ចំណូលមិនក្រោម ៨លានរៀលក្នុង១ខែ ការចិញ្ចឹមបានជោគជ័យនេះ ដោយមានការជួយជ្រោមជ្រែងផ្តល់បច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំផងដែរ ។


លោកស្រី ពុត សុជា អាយុ៣៨ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់បានចិញ្ចឹមមាន់លក់រយៈពេលជាង១៥ឆ្នាំមកហើយ ដំបូងគាត់ចិញ្ចឹមលក់ទាំងមាន់សាច់ និងភ្ញាស់យកកូនលក់ ។ តែនៅឆ្នាំ២០១៨ និងឆ្នាំ២០២២នេះ គាត់ចិញ្ចឹមដោយភ្ញាស់យកតែកូនលក់ និងលក់ស៊ុតតែម្តង ដោយភ្ញាស់តាម ទូរភ្ញាស់ស្វ័យប្រវត្តិ អាចលក់កូនមាន់ជូនប្រជាពលរដ្ឋក្នុងខេត្ត បានគ្រប់តំរូវការ ជាងនេះទៀត យើងក៏បានលក់ជូនប្រជាពលរដ្ឋនៅក្រៅខេត្ត ស្ទើរទូទាំងប្រទេសហើយ មានខេត្ត កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី និងព្រៃវែង ។ល។ ចំពោះទ្រុងមានចំនួនពីរ មានទំហំ ៤មែត្រ គុណ ៣៣មែត្រ មាន៧០បន្ទប់ អាចដាក់មេមាន់ចំនួន ៤០០ក្បាល និងឈ្មោលបង្កាត់ពូជចំនួន ៨០ក្បាល ដែលវាផលិតបានស៊ុតជាង ៤០០០ស៊ុតកូនជាង២០០០ក្បាល ២៥០០ក្បាល ក្នុង១ខែ ការថែរក្សាកូនមាន់ បន្ទាប់ពីញាស់ក្នុងទូរភ្ញាស់រួច យកទៅដាក់ក្នុងទ្រុង ថែរក្សាកូនមាន់ ដោយដាក់អំពូលកំដៅ ផ្តល់ទឹក និងចំណី១ថ្ងៃ៣ទៅ៤ដង នៅពេលវាអាយុបាន៦ថ្ងៃ ត្រូវដាក់វ៉ាក់សាំង អាយធូ ដោយបន្តក់ភ្នែក និងច្រមុះ អាយុបាន១២ថ្ងៃ វ៉ាក់សាំង អុត ដុះស្លាប អាយុ២១ថ្ងៃបន្តក់រំលឹក អាយធូ ឡើងវិញ ។ កូនមាន់មានអាយុ២១ថ្ងៃ អាចលក់បាន ដោយក្នុង១ក្បាលតម្លៃ ៦០០០រៀល លក់រាយ និងស៊ុត១គ្រាប់២០០០រៀល ហើយអ្នកទិញច្រើន សព្វថ្ងៃនេះ មានទីផ្សារល្អ ការភ្ញាស់លក់សឹងតែភ្ញាស់មិនទាន់តម្រូវការរបស់ប្រជាកសិករយើងផង ។


លោកស្រីបានបញ្ជាក់ពីលក្ខណៈបច្ចេកទេសទៀតថា កូនមាន់ល្អ ដោយសារការជ្រើសរើសមេដែលមានមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ផ្តល់ស៊ុតច្រើន ដូចគ្នាដែរ ឈ្មោល ទុកជាន់មេ ត្រូវរើស បាមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ពូកែជាន់មេ ហើយយើងចាក់វ៉ាក់សាំងដល់វាឲ្យបានត្រឹមត្រូវដែរ ។ ការថែទាំទ្រុង (ជីវសុវត្ថិភាព) ត្រូវសំអាតទ្រុង ២ទី៣ថ្ងៃម្តង បាញ់ថ្នាំ ឬ បាចកំបោរស សម្លាប់មេរោគ ១សប្តាហ៍ម្តង ត្រូវផ្ដល់ចំណីឲ្យវា១ថ្ងៃ២ដង ព្រឹកម្តង និងល្ងាចម្តងទៀត ដោយប្រើចំណីផ្សំដោយខ្លួនឯង ក្នុងនោះយើងប្រើវត្ថុធាតុដើមក្នុងស្រុក រួមមាន៖ ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅដំឡូងម៉ី ម្សៅព្រីម៉ិច ម្សៅសំបកខ្យង អំបិល បន្លែបៃតង និងម្សៅត្រី ។
លោកស្រីបានបញ្ជាក់ទៀតថា គ្រួសារគាត់មានជីវភាពធូរធារដោយសារគាត់ចិញ្ចឹមមាន់នេះឯង ពោលគឺមានផ្ទះធំទ្រនំខ្ពស់ អាចផ្តល់សេវាឲ្យកូនគាត់រៀនសូត្របានត្រឹមត្រូវ មិនជំពាក់ធនាគារទេ ។ ពិសេសទៀត លោកស្រីទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានស្នាដែឆ្នើមក្នុងការអនុវត្ត ការចិញ្ចឹមមាន់ពូជក្នុងស្រុកយកសាច់ និងភ្ញាស់យកកូនលក់តាមបែបពាណិជ្ជកម្មខា្នតតូច និងបានប្រឡងប្រណាំងក្នុងសន្និបាតកសិករទូទាំងប្រទេសលើកទី៨នាថ្ងៃទី២៩-៣០ខែមិនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។


ហើយ លោកស្រីក៏សូមថ្លែងអំណរគុណដល់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានឲ្យគ្រួសារគាត់ចូលក្នុងគម្រោង កាត់បន្ថយភាពក្រីក្រ និងដោយមានការណែនាំ របៀបចិញ្ចឹមមាន់ ទៅតាមលក្ខណៈបច្ចេកទេស ធ្វើឲ្យគ្រួសារនាងខ្ញុំទទួលបានជោគជ័យ ជាងនេះទៀតសោធ និងមានការបើកបង្រៀនដល់កសិករដែលមានបំណងចង់ចេះផ្នែកការចិញ្ចឹមមាន់តាមរបៀបបច្ចេកទេស ធានាបានជោគជ័យពេល បញ្ចប់វគ្គ និងមានចេញប័ណ្ណបញ្ជាក់ការសិក្សាចេញដោយមន្ទីរកសិកម្មខេត្តទៀតផង កសិករចង់រៀនសូមទំនាក់លេខទូរស័ព្ទ ( 0977887430 .095650600 ) ៕
អាចារ្យលាក់ ២០.១.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here