ផ្លូវក្រាលកៅស៊ូមួយខ្សែខូចខាតយ៉ាងដំណំ ពលរដ្ឋសំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទជួយជុលផង

0
99

ខេត្តត្បូងឃ្មុំៈ ផ្លូវកៅស៊ូមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិដំណាក់ចារ ដល់ភូមិឈូកស មានប្រវែង១៥គីឡូម៉ែត្រកន្លះ នោះ ទទួលរងការខូចខាតយ៉ាងដំណំ នៅរដូវវស្សានាឆ្នាំកន្លងមកនេះ បង្ករការលំបាកដល់រាល់ការធ្វើដំណើរឆ្លងកាត់ ពិសេសគឺ ពលរដ្ឋក្នុងឃុំអញ្ចើម និងឃុំដូនតី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ដើម្បីសម្រួលដល់ការអាស្រ័យនេះ បងប្អូនប្រជាពលរដ្ឋ លោកជំរាបដល់អាជ្ញាធរពាក់ពន្ធ័ មន្ទីរជំនាញ ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាជួយជុលផ្លូវនេះឲ្យបានប្រសើរឡើងវិញផង ។


លោក នៅ អូន មេឃុំអញ្ចើមបានបញ្ជាក់ថា នៅឃុំយើងខ្ញុំ ចំពោះផ្លូវកៅស៊ូដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រូវឆ្លងកាត់៦ភូមិគឺ ភូមិដំណាក់ចារ ភូមិកូនត្មាត ភូមិពោន ភូមិពន្លៃ ភូមិអែអូត និងភូមិពោរោង ។ មួយរយៈចុងក្រោយនេះឃើញថា ផ្លូវមានការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្ករការលំបាកក្នុងការធ្វើដំណើររបស់ពលរដ្ឋ បញ្ហានេះ លោកបានសួរទៅខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដែរ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ ទោះយ៉ាងណាក៏ឃុំខិតខំខ្នះខ្នែងរាយការណ៍ជូន ស្រុក មន្ទីរ ខេត្តដើម្បីមានចំណាត់ការ ។


លោក ធន សុភា អាយុ៥០ឆ្នាំ រស់នៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងដែរថា ការខូចខាតនេះបណ្តាលមកពីមានរថយន្តធំៗ បើកឆ្លងកាត់ពិសេសនៅរដូវវស្សា ហើយផ្លូវចាក់ស្តើងផង ដូច្នេះមិនតុល្យភាពនឹងរថយន្តដឹកលើសទម្ងន់ជាហេតុបណ្តាលឲ្យផ្លូវឆាប់ខូច ហើយបងប្អូនប្រជាពលរដ្ឋមិនមានសិទ្ធិទៅហាមឃាត់រថយន្តទាំងនោះទេ ពេលដែលផ្លូវខូចបានត្រឹមតែទទួលការលំបាកក្នុងការធ្វើដំណើរតែប៉ុណ្ណោះ ហើយចុងក្រោយខ្ញុំសំណូមពរដល់អាជ្ញាធរមូលដ្ឋាន មន្ទីរអភិវឌ្ឍន៍ខេត្តមេត្តាមានចំណាត់ការតាមនិតិវិធី ជាប្រយោជន៍ដល់សង្គមជាតិ ។


លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ឲ្យដឹងផងដែរថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ មានប្រវែង១៥,៥គីឡូម៉ែត្រ ឆ្លងកាត់ចំនួន២ឃុំ គឺឃុំអញ្ចើម និងឃុំដូនតី ផ្លូវកៅស៊ូនេះត្រូវបានកសាងឡើងដោយគម្រោងថវិកាធនាគារអភិវឌ្ឍន៍អាស៉ីADB ដោយបដិភាគជាមួយរដ្ឋាភិបាល ។ មន្ទីរជាមន្ត្រីអនុវត្តន៍គម្រោងជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលផ្លូវធ្វើហើយសុពលភាពបាន២ឆ្នាំទើបគេប្រគល់ឲ្យមន្ទីរទទួលខុសត្រូវ

ប៉ុន្តែបើមានការខូចខាតនាយកដ្ឋានផ្លូវជនបទជាអ្នកទទួលជួសជុលគ្រប់ផ្លូវកៅស៊ូទាំងអស់របស់គម្រោងហ្នឹង ហើយផ្លូវដែលមានការខូចខាតនេះ មន្ទីរមិនព្រងើយកន្តើយទេ ពោលគឺមន្ទីរបានធ្វើសំណើសុំការជួលជួសជុលទៅក្រសួងហើយ ដោយរង់ចាំក្រសួងដាក់គម្រោងនាពេលឆាប់ៗខាងមុខនេះ ៕
អាចារ្យលាក់ ១៧.១.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here