ហ្វីលីពីន៖ លោកស្រី ស៊ូជី ជាតួអង្គមិនអាចខ្វះបាន នៅក្នុងដំណើរការសន្តិភាពមីយ៉ាន់ម៉ា

0
142

 

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែមករាថា មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ដោយយោធា គឺលោកស្រី អ៊ុងសាន ស៊ូជី ជាតួអង្គមិនអាចខ្វះបាន ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដល់ប្រទេស ហើយត្រូវតែបញ្ចូលទៅក្នុងកិច្ចចរចាសន្តិភាពណាមួយ ដោយមិនគិតពីការផ្តន្ទាទោសរបស់លោកស្រីនោះទេ។ នៅក្នុងការស្តីបន្ទោសយ៉ាងខ្លាំងទៅលើរបបយោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី កាលពីឆ្នាំមុន លោក Teodoro Locsin បានថ្កោលទោសការកាត់ទោស កាលពីសប្តាហ៍មុន លើជ័យលាភីរង្វាន់ណូបែល និងបានចោទប្រកាន់យោធាថា បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកំទេចគូប្រជែងរបស់ខ្លួន។ លោក Locsin បាននិយាយថា លោកនឹង “ទទួលយក” សុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសន័រវេស Anniken Huitfeldt ក្នុងការទាមទារឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយ បញ្ឈប់អំពើហិង្សា និងការគោរពសិទ្ធិមនុស្ស។ លោក Locsin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការឈឺចាប់របស់ប្រជាជនស៊ីវិល”។ “យើងក៏អំពាវនាវឱ្យថ្នាក់ដឹកនាំយោធាចូលរួមក្នុងកិច្ចសន្ទនារួមមួយ និងបន្តដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យឡើងវិញ”។ លោក Locsin ក៏បានសន្យា “គាំទ្រអស់ពីចិត្ត” ដល់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានថ្មី សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែនេះ ជាដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស ដែលសមាជិកមួយចំនួនមានការព្រួយបារម្ភថា អាចបង្ហាញពីការទទួលស្គាល់របស់អាស៊ានលើរបបយោធា នេះបើយោងតាមមន្ត្រីកំពូលរបស់ប្រទេសម៉ាឡេស៊ី។ លោក Locsin បាននិយាយថា ប្រទេសហ្វីលីពីននឹងជំរុញឱ្យមានវឌ្ឍនភាពនៅក្នុងមតិឯកភាព ប្រាំចំណុចរបស់អាស៊ាន ស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមាន ការចរចាសន្តិភាព ការបញ្ឈប់អរិភាព និងការអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌។ លោកសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង គឺជាផែនការតែមួយគត់ ហើយមិនត្រូវចងភ្ជាប់ជាមួយផែនទីបង្ហាញផ្លូវណាមួយឡើយ៕ (Reuters ថ្ងៃទី១៧ ខែមករា)

LEAVE A REPLY

Please enter your comment!
Please enter your name here