ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់នៅថ្ងៃចន្ទ ទី17 ខែមករានេះ អ្វីដែលអាចជាមីស៊ីលផ្លោង នៅក្នុងការសាកល្បងលើកទី៤ ក្នុងខែមករានេះ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងឆ្ពោះទៅមុខជាមួយនឹងការអភិវឌ្ឍន៍យោធាថ្មី ចំពេលមានការជាប់គាំងជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូង ក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើងបានបាញ់ “កាំជ្រួចមិនស្គាល់អត្តសញ្ញាណ” ឆ្ពោះទៅកាន់សមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីមក ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងចំនួន ៣ លើកមុន ដែលជាការសាកល្បងអាវុធយ៉ាងញឹកញាប់មិនធម្មតា។ ការបាញ់បង្ហោះចំនួន ពីរលើកមុននោះ ពាក់ព័ន្ធនឹង “កាំជ្រួចដែលមានល្បឿនលឿន” ខណៈលើកទីបី កាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងកាំជ្រួចផ្លោងរយៈចម្ងាយខ្លី (SRBMs) ដែលបាញ់ចេញពីរថភ្លើង។ គេមិនទាន់ដឹងថា តើមីស៊ីលប្រភេទណាដែលបានបាញ់បង្ហោះលើកទី៤ កាលពីថ្ងៃចន្ទនោះទេ។ ការបាញ់បង្ហោះជាបន្តបន្ទាប់ បានជំរុញឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ និងបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ក្នុងបញ្ជីខ្មៅនូវបុគ្គល និងអង្គភាពមួយចំនួនរបស់កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើងបានការពារការសាកល្បងកាំជ្រួចនេះ ជាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការការពារខ្លួន ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា មានចេតនាធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ជាមួយនឹងការដាក់ទណ្ឌកម្មថ្មី៕ (Reuters ថ្ងៃទី១៧ ខែមករា)