ខេត្តរតនគិរី÷ ជនរងគ្រោះម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកដេកដួលនៅកណ្តាលផ្លូវម្នាក់ឯង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង២៨នាទីល្ងាច ថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២១
ត្រង់ចំណុចផ្លូវលំមួយខ្សែរ មុខផ្ទះឈ្មោះ ថៅ ធឹក ស្ថិតនៅក្នុងភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ។
យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានហើយកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញនៃអធិការ ចុះមកដល់កន្លែងកើតហេតុ បានឃើញជនរងគ្រោះដេកដួលនៅកណ្តាលផ្លូវ
ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2005 ពាក់ស្លាកលេខភ្នំពេញ1J-7916 បានរងរបួសធ្ងន់ ហើយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ។
របាយការណ៍បានបញ្ជាក់ថា អ្នកបើកបររថយន្តម៉ាកហ្វត ស្លាកលេខរដ្ឋ 3436 មានឈ្មោះ ពីម ទេន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ខណះវ៉ាជែងមិនប្រុងប្រយ័ត្នជ្រុលចង្កូតបុកម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញរឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកអូរជុំដើម្បីចាត់ការបន្តតាមនីតិវិធី៕ ឦសាន