ភ្នំពេញ៖លោកនូ ចំរើនអគ្គលេខាធិការ សហព័ន្ធកីឡាខ្មែរទោចក្រយានបានកំណត់ថាខេត្តចំនួន៣ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ដោយខេត្តមានសក្តានុពលវិស័យទេសចរណ៍ដ៏ទាក់ទាញព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ល្អប្រសើរ ក្នុងការរៀបចំប្រកួតកីឡាទោចក្រយានសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកអគ្គលេខាធិការ បាននិយាយថា យោងតាមផែនការយុទ្ធសាស្ត្រ និងការចង្អុលបង្ហាញរបស់ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានណែនាំដល់ក្រុមមន្ត្រីបច្ចេកទេសសហព័ន្ធ ក្នុងការជ្រើសរើសទីតាំងខេត្តចំនួន៣ ខាងលើនេះសម្រាប់ការទទួលរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សម្រាប់ខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ឧទ្យានភ្នំគូលែនដែលអាចរៀបចំការប្រកួតប្រភេទកីឡាកង់ភ្នំកង់គក់ដែលក្រុមការងារបច្ចេកទេសរបស់សហព័ន្ធបានចុះទៅត្រួតពិនិត្យម្តងរួចហើយៗបាន វាយតម្លៃថានឹងអាចរៀបចំការប្រកួតស្របតាមស្តង់ដាបច្ចេកទេសយ៉ាងល្អប្រសើរ។
ខេត្តព្រះសីហនុគឺជាតំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញដ៏ល្អដែលសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ម្តងហើយនិងបានទទួលលទ្ធផលប្រកបដោយភាពជោគជ័យ កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ។
ខេត្តព្រះសីហនុមាន សក្តានុពលផ្លូវថ្នល់ ដែលទាក់ទាញខ្លាំងក្នុងការរៀបចំការប្រកួតផង និងទាក់ទាញ់ភ្ញៀវជាតិ-អន្តរជាតិ ក្នុងការចូលរួមទស្សនាគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ផងដែរ។
ខេត្តកែបក៏មានលក្ខណៈស្រដៀងគ្នានឹងខេត្តព្រះសីហនុផងដែរដោយខេត្តនេះមានស្ថានភាពផ្លូវថ្នល់ឡើងចុះក្នុងនោះមានឧទ្សានខេត្តកែបដែលផ្តល់នូវភាពងាយស្រួលក្នុងការរៀបចំការប្រណាំងកង់ភ្នំស្របតាមបទដ្ឋានបច្ចេកទេសសមស្របទៀតផង។
លោក នូ ចំរើនបានអះអាងថា ក្នុងចំណោមខេត្តទាំង៣នេះ គឺខេត្តសៀមរាប ជាខេត្តអាទិភាពជាងគេ សម្រាប់ការប្រណាំងកង់ នៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ម្យ៉ាងទៀតប្រភពធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹកភាគច្រើន ក៏កើតចេញពីខេត្តតំបន់ទេសចរណ៍-វប្បធម៌ដ៏ទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះផងដែរ៕