អាជ្ញាធរខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់បន្ថែមទៀត ជាអ្នកមកពីរាជធានីភ្នំពេញ

0
33

កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់បន្ថែមទៀត គឺឈ្មោះ រូន រាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈរថយន្តឈ្នួល១២កៅអី ដោយរួមដំណើរជាមួយមិត្តភក្តិម្នាក់ ដែលមានអាសយដ្ឋាននៅភូមិជាមួយគ្នា ប៉ុន្តែឈ្មោះ រូន រាន់ នេះគឺជាអ្នកបានមកធ្វើចត្តាឡីស័ក ចំណែកអ្នករួមដំណើរទាំង០៨នាក់ ក៏បានកំណត់អត្តសញ្ញាណរួចហើយ ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា នៅពេលរថយន្តមកដល់ចំណុចស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ឈ្មោះ រូន រាន់ និងមិត្តភក្តិ បានសុំឈប់ និងបន្តដំណើរដោយជិះម៉ូតូទៅមណ្ឌលចត្តាឡីស័កព្រះដាក់ ស្រុកបន្ទាយស្រី តាមការរៀបចំរបស់ក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន លុះនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ រូន រាន់ ចាប់ផ្តើមមានបញ្ហាសុខភាព និងរោគសញ្ញាសង្ស័យ ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កឃុំព្រះដាក់ បញ្ជូនមកមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវ និងទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា អ្នករួមដំណើរក្នុងរថយន្តចំនួន៧នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ដោយផ្អែកតាមទិន្នន័យដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់នៃស្រុកជីក្រែង ខេត្តសៀមរាប និង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងនោះអ្នកដំណើរចំនួន៥នាក់ មានអាសយដ្ឋានស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារជំនាញបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងដោយឡែក ចំនួន២នាក់ទៀត ក្នុងនោះមានម្នាក់បានបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតជាអ្នកបើកបរ បានបន្តដំណើរទៅរាជធានីភ្នំពេញវិញ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: គិតត្រឹមល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៧នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៤៦នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ ដែលគាត់ជាអ្នកជំងឺខូចតម្រោងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here