ខេត្តកំពង់ស្ពឺអ្នកស្លាប់បានកើនឡើងដល់៥នាក់ហើយ ខណៈអ្នកកំពុងព្យាបាលកើនឡើងដល់១១៥នាក់

0
49

កំពង់ស្ពឺ : ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ដូចបណ្តាខេត្ត-រាជធានីផ្សេងៗដែរ ដែលអត្រាឆ្លងមានការកើនឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ។រដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺកំពុងតែដុតដៃដុតជើងក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលចូលក្នុងសហគមន៍ដោយប្រើគ្រប់យន្តការនានាដើម្បីបញ្ជៀបការយល់ដឹងជាសកលដល់បងប្អូនប្រជាពលរដ្ឋឱ្យចេះពីវិធានការការពារនៃការឆ្លងរីករាលដាលនេះ។

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា បើគិតមកត្រឹមថ្ងៃទី៧ខែឧសភាឆ្នាំ២០២១មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១១៥នាក់ ដោយគិតទាំងអ្នកឆ្លងថ្មីដែលទើបរកឃើញក្នងថ្ងៃនេះ១០នាក់ផងដែរ ហើយក្នុងនោះអ្នកជំងឺចំនួន៥នាក់ត្រូវបានផ្ទេរចេញទៅព្យាបាលនៅរាជធានីភ្នំពេញ។ចំពោះអ្នកជំងឺចំនួន១០៦នាក់ដែលកំពុងស្ថិតក្រោមការព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅមិនទាន់មានអ្នកជំងឺណាម្នាក់បានជាសះស្បើយនោះទេ។

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ក៏បានបញ្ជាក់ពីដំណឹងអកុសលដែលអ្នកជំងឺកូវីដ-១៩ចំនួន៥នាក់ហើយនៅក្នុងខេត្តកំពង់ស្ពឺបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវមួយនេះ។លោកថាក្រុមគ្រូពេទ្យបានជួយព្យាបាលពួកគាត់អស់លទ្ធភាពហើយ តែដោយអ្នកជំងឺទទួលការវាយលុកផ្នែកសួតទាំងពីរធ្ងន់ធ្ងរពេកទើបបណ្តាលឱ្យអ្នកជំងឺមិនអាចជួយសង្គ្រោះបាន។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺលោកវេជ្ជបណ្ឌិត អោ វណ្ណថេន ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃនេះដែរខេត្តកំពង់ស្ពឺមានអ្នកជាប់សង្ស័យថាបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ចំនួន១០១៩នាក់ដែលកំពុងបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាលនៅតាមមណ្ឌលនិងលំនៅដ្ឋានរៀងៗខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here