បុរសដែលជេរប្រមាថមើលងាយសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់ ត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការ

0
239

(ភ្នំពេញ)៖ បុរសម្នាក់ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ សម្រេចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនបង្ក ឈ្មោះ យឹង វណ្ណដា អាយុ២៧ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា រ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត។

ជនបង្ករូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

គួរជម្រាបថា ការដាក់បទបញ្ជារបស់មេនគរបាលជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូមួយ នៅតាមបណ្ដាញសង្គម Facebook ដោយបានបង្ហាញពីសកម្មភាពច្រង៉ែងច្រង៉ាងរបស់បុរសម្នាក់មកលើ មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅអនុវត្តច្បាប់ស្ពានអាកាសស្ទឹងមានជ័យ។

បុរសម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ប៉ុន្ដែបានបញ្ចេញនូវសកម្មភាពមើលងាយ ជេរប្រមាថ រុញច្រាន និងគំរាមប្រើប្រាស់អំពើហិង្សាទៅលើមន្ដ្រីនគរបាលចរាចរណ៍ ដោយចាប់ខ្លួនម៉ូតូរបស់គេ។ បន្ថែមពីនេះ បុរសរូបនោះបានគំរាមដកស័ក្ដិមន្ដ្រីនគរបាលដែលកំពុងតែឈរជើងអនុវត្តច្បាប់ថែមទៀតផង។

យ៉ាងណាមិញ គេមិនទាន់ដឹងមូលហេតុច្បាស់អំពីរឿងរ៉ាវនេះនៅឡើយទេ ប៉ុន្ដែគ្រាន់តែដឹងជំហ៊ានដំបូងបុរសម្នាក់នោះ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda NEX ពាក់ផ្លាកលេខភ្នំពេញ1BG-5792 បានប៉ះអ្នកធ្វើដំណើរតាមដងផ្លូវ ជាមួយគ្នា ហើយជិះបកបញ្ច្រាសនៅក្រោមស្ពាន ពេលនោះសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅកន្លែងនោះ បានចេញឃាត់តែម្ដង។

តាមរយៈរូបភាព ម៉ូតូរបស់បុរសម្នាក់នេះ មិនមានកញ្ចក់មើលក្រោយនោះទេ ដែលនេះក៏ចាត់ទុកថា ល្មើសច្បាប់មួយករណីបាត់ទៅហើយ។

ប៉ុន្ដែនៅពេលឃាត់ បុរសម្នាក់នោះមិនបានសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់ឡើយ ហើយថែមទាំងបញ្ចេញចរិកច្រង៉ែងច្រង៉ាងដាក់សមត្ថកិច្ចថែមទៀតផង រហូតហា៊ននិយាយថា «ប្រយ័ត្នអស់ស័ក្ដិ»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here