ចិនកាត់បន្ថយទំនាក់ទំនងការទូត ជាមួយលីទុយអានី ក្រោយតៃវ៉ាន់បង្កើតការិយាល័យតំណាងនៅទីនោះ

0
396

ប្រទេស ចិន កាលពី ថ្ងៃ អាទិត្យ ទី២១ ខែវិច្ឆិកា បាន ប្រកាស កាត់ បន្ថយ ជា ផ្លូវការ នូវ ទំនាក់ទំនង ការទូត ជាមួយ ប្រទេស លីទុយអានី ដោយចាប់ ពី ពេល នេះ ត ទៅ ទំនាក់ទំនង ដែល ចិន បាន បន្ត រក្សា ទុក ជាមួយ លីទុយអានី មាន ត្រឹម ថ្នាក់ មន្រ្តី ទទួល បន្ទុក កិច្ចការ កំប៉ិកកំប៉ុក ប៉ុណ្ណោះ។ មូលហេតុ គឺ មក ពី ចិន ក្តៅ ក្រហាយ នឹង លីទុយអានី ដែល បាន ប្រកាស យល់ព្រម កាល ពី ខែ កក្កដា ឲ្យ តៃវ៉ាន់ បង្កើត ស្ថានទូត នៅ ក្នុង ទីក្រុង វីលនីញូស។ នេះ ជា លើកទី១ គិត តាំង ពី ១៨ឆ្នាំ កន្លង ទៅ ដែល មាន ប្រទេស អឺរ៉ុប មួយ ប្រកាស យល់ព្រម ឲ្យ តៃវ៉ាន់ បង្កើត ការិយាល័យ តំណាង នៅ លើ ទឹកដី អឺរ៉ុប។ ចិន យល់ ថា ទង្វើ របស់ លីទុយអានី ជា ការ រំលោភបំពាន លើ អធិបតេយ្យ របស់ ចិន និង ជា ការ ក្បត់ ពាក្យ សន្យា នយោបាយ ដែល លីទុយអានី បាន សន្យា ក្នុង ពេល ភ្ជាប់ ទំនាក់ទំនង ការទូត ជាមួយ ចិន។ ការ សន្យា នយោបាយ របស់ លីទុយអានី កាល ណោះ គឺ ការ ទទួល ស្គាល់ ចិន តែ មួយ ជា ផ្លូវការ ដោយ មិន និយាយ ឬ បែងចែក រវាង ចិន ដីគោក និង ចិន តៃវ៉ាន់ ទេ។ លីទុយអានី បាន បញ្ចេញ ប្រតិកម្ម តប វិញ ភ្លាមៗ ដោយ សម្តែង ការ សោកស្តាយ ចំពោះ ការ សម្រេចចិត្ត របស់ ចិន និង បញ្ជាក់ ជា ថ្មី ពី ការ ប្រកាន់ យក នយោបាយ ចិន តែ មួយ។ តែ ក៏ មិន ភ្លេច បន្ថែម ថា លីទុយអានី មាន សិទ្ធិ ពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយ តៃវ៉ាន់ ក្នុង នោះ ក៏ មាន ការ បង្កើត ឡើង នូវ បេសកកម្ម មិន ការទូត ដែរ។ យ៉ាង ណា ក៏ ដោយ ចិន មិន បាន យល់ ឃើញ ដូច លីទុយអានី ទេ និង បាន សម្រេច ផ្អាក ការ ដឹកទំនិញ តាម រថភ្លើង ទៅ កាន់ លីទុយអានី និង ឈប់ ផ្តល់ លិខិត អនុញ្ញាត ឲ្យ នាំ ចេញ ផលិតផល ចំណីអាហារ។ សព្វ ថ្ងៃ នេះ មាន តែ ១៥ប្រទេស ប៉ុណ្ណោះ ដែល បាន ទទួល ស្គាល់ តៃវ៉ាន់ ជា ផ្លូវការ។ តៃវ៉ាន់ ត្រូវ បាន ចិន ចាត់ ទុក ជា ខេត្ត ឧទ្ទាម របស់ ខ្លួន និង ត្រៀម វាយប្រហារ ដោយ កម្លាំងទ័ព បើ តៃវ៉ាន់ ហ៊ាន ប្រកាស ឯករាជ្យ នៅ ថ្ងៃ ណា មួយ។ គួរ បញ្ជាក់ ថា តាំង ពី ការ ឡើង កាន់ តំណែង ប្រធានាធិបតី ចិន របស់ លោក ស៊ី ជីនពីង សមានចិត្ត និង ការ គាំទ្រ អន្តរជាតិ ចំពោះ តៃវ៉ាន់ មាន ការ កើន ឡើង គួរ ឲ្យ កត់សម្គាល់។ ក្នុង រយៈពេល ប៉ុន្មាន ខែ ចុង ក្រោយ នេះ គេ ឃើញ មាន ទស្សនកិច្ច ការទូត ក្រៅ ផ្លូវការ ជា ច្រើន ទៅ កាន់ តៃវ៉ាន់ ពិសេស ពី សហភាព អឺរ៉ុប និង ពី សហរដ្ឋអាមេរិក៕ (AP ថ្ងៃទី២១ ខែវិច្ឆិកា)

LEAVE A REPLY

Please enter your comment!
Please enter your name here