ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងចំនួនខ្ពស់ប្រចាំថ្ងៃមិនធ្លាប់មាន ចំនួនជាង ៤១២.០០០នាក់ និងមានអ្នកស្លាប់ដល់៣.៩៨០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌារហូតមកដល់ពេលនេះ កើនដល់ជាង២១លាននាក់ និងមានអ្នកស្លាប់សរុបជាង២៣០.០០០នាក់។ ព្រមជាមួយគ្នានេះ មន្ត្រីឥណ្ឌាមួយចំនួនព្រមានថា រលកទី៣នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ នឹងកើតមាននៅទូទាំងប្រទេស។ លោក K. Vijay Raghavan ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌា បានព្រមានថា រលកទី៣នៃការឆ្លងរាតត្បាតនេះ នឹងកើតមានឡើងពាសពេញផ្ទៃប្រទេស ស្របពេលដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២នៃការឆ្លងនេះនៅឡើយ។ វិបត្តិជំងឺកូវីដ១៩នៅឥណ្ឌា កំពុងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារការខ្វះខាតជាខ្លាំងនូវម៉ាស៊ីនអ៊ុកស៊ីហ្សែនសម្រាប់អ្នកជំងឺដែលត្រូវការជាចាំបាច់ ក៏ដូចជាវត្ថុធាតុដើម សម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។ តុលាការកំពូលឥណ្ឌា បានចេញដីកាបញ្ជាឲ្យរដ្ឋាភិបាលត្រូវដាក់ផែនការដើម្បីឆ្លើយតបនឹងតម្រូវការម៉ាស៊ីនអ៊ុកស៊ីហ្សែន នៅក្នុងមន្ទីរពេទ្យនានា ក្នុងរដ្ឋធានីញូវដែលីនៅត្រឹមថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ។ ទោះបីឥណ្ឌាជាប្រទេសដែលមានរោងចក្រផលិតវ៉ាក់សាំងធំជាងគេបង្អស់នៅក្នុងពិភពលោកក្តី ក៏ពលរដ្ឋឥណ្ឌាចំនួនតែ២%ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋសុរបជាង ១.៣០០លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕ Reuters