ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក ចុះពិនិត្យដំណើរការរៀបចំដាំឡើងវិញ នូវដើមពោធិ៍ដ៏ធំមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំ គឺ «ដើមពោធិ៍លោកតាក្រហម ក» ដែលដួលរលំដោយខ្យល់កន្ត្រាក់ ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខណ:មានការយល់ច្រលំថាជា «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំទាវ»នៅក្បែរនោះ មានចម្ងាយប្រមាណ៧០ម៉ែត្រពីគ្នា ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការសែនព្រេន ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា និងណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុករៀបចំបច្ចេកទេស ពន្លឿនការដាំឡើងវិញ រៀបចំកែសម្រួលសោភ័ណភាព បន្តអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះ រហូតនារសៀលថ្ងៃដដែលនេះ បានធ្វើការស្ទូចដាំរួចរាល់ជាស្ថាពរ។
សូមជម្រាបថា បន្ទាប់ពីទទួលដំណឹងពីការដួលរលំនេះ ភ្លាមៗក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានចំណាត់ការទាំងយប់ឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ចុះទៅដល់ទីតាំង នឹងត្រៀមគ្រឿងចក្របច្ចេកទេស ដើម្បីធ្វើការស្ទូចលើករៀបចំដាំឡើងវិញ ។
គួរឲ្យដឹងផងដែរ ក្នុងរយៈពេល២ថ្ងៃនេះ ភូមិសាស្រ្តខេត្តត្បូងឃ្មុំ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្ត្រាក់ជាប់ៗគ្នាដែលរងផលប៉ះពាល់ទៅលើក្រុង/ស្រុកទូទាំងខេត្ត ធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ ត្រូវបានប៉ើងដំបូល និងដួលរលំ ព្រមទាំងដើមឈើ និងផលដំណាំ រងការខូចខាតជាដំណំផងដែរ ៕
សាន វិឡែម