ម៉ាឡេស៊ីនឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ពីផ្នែកខ្លះនៃប្រទេសឥណ្ឌា

0
255

ប្រទេសម៉ាឡេស៊ីនឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ពីតំបន់ភាគខាងជើង និងខាងលិចនៃប្រទេសឥណ្ឌា នៅពេលមានការកើនឡើងនូវករណីកូវីដ១៩ និងអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌា។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Hishammuddin Hussein កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា បាននិយាយថាបេសកកម្មធ្វើមាតុភូមិនិវត្តន៍នឹងប្រើយន្ដហោះពិសេសពីប្រទេសម៉ាឡេស៊ី។ លោកបន្តថា “យន្ដហោះនេះនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី និងទីក្រុងមុមបៃ ប្រទេសឥណ្ឌា នៅពេលដែលមានការរៀបចំពាក់ព័ន្ធទាំងអស់ រួមទាំងការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌាសម្រាប់ការហោះហើរពិសេស”។ លោក Hishammuddin បាននិយាយថា អ្នកដែលបានវិលត្រឡប់មកវិញ រួមមាន បុគ្គលិកបម្រើតាមផ្ទះមកពីទីភ្នាក់ងារម៉ាឡេស៊ីផ្សេងៗនិងអ្នកនៅក្នុងបន្ទុករបស់ពួកគេ។ ពួកគេទាំងអស់នឹងត្រូវឆ្លងកាត់ការធ្វើតេស្តិ៍កូវីដ-១៩ មុនពេលចាកចេញពីប្រទេសឥណ្ឌា និងពេលមកដល់ប្រទេសម៉ាឡេស៊ីផងដែរ។ លោកបានមានប្រសាសន៍ថា“ ក្រៅពីនោះ ពួកគេក៏ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ នៅតាមមណ្ឌលដែលរដ្ឋាភិបាលបានរៀបចំ”។ លោកបាននិយាយថា តំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេសឥណ្ឌា មិនត្រូវបានរាប់បញ្ចូលក្នុងបេសកកម្មធ្វើមាតុភូមិនិវត្តន៍ទេ ដោយសារស្ថានភាពស្ថិតក្រោមការគ្រប់គ្រង៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here