ប្រទេសថៃបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ចូលជនបរទេសចំនួន ៣លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសនេះ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីការពារដល់ពលរដ្ឋទាំងអស់ ទោះបីជាមានការបារម្ភពីចំនួនវ៉ាក់សាំងដែលថៃមានក៏ដោយ។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសថៃលោក Opas Kankawinpong បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «អ្នកណាក៏ដោយ ដែលរស់នៅក្នុងប្រទេសថៃ ទោះជាពលរដ្ឋថៃ ឬ ជនបរទេសក្តី បើគេចង់ចាក់វ៉ាក់សាំង គេអាចចាក់បាន»។ ទោះជាយ៉ាងនេះក្តី ជនបរទេសនៅក្នុងប្រទេសថៃ សម្តែងក្តីកង្វល់របស់គេ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អំពីការខ្វះប្រភពព័ត៌មានសាធារណៈ បញ្ហាចុះឈ្មោះ និងការយល់ច្រឡំអំពីលទ្ធភាពការចាក់វ៉ាក់សាំងនៅតាមគ្លីនិកឯកជនជាដើម។ ការឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសថៃ ហាក់មានភាពនៅហ្នឹង ចាប់ពីពាក់កណ្តាលខែមេសាមក ពោល គឺមានអ្នកឆ្លងក្នុងមួយថ្ងៃៗប្រមាណ ២.០០០នាក់។ កាលពីថ្ងៃព្រហស្បតិ៍ ថៃរកឃើញអ្នកឆ្លងថ្មីចំនួន ១.៩១១នាក់ និងមានអ្នកស្លាប់ចំនួន ១៨នាក់។ គិតមកដល់ព្រឹកថ្ងៃសុក្រនេះ ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩ សរុប ៧៦ ៨១១ករណី អ្នកស្លាប់សរុបចំនួន ៣៣៦នាក់ និងព្យាបាលបានជាសះស្បើយចំនួន ៤៦ ៧៩៥នាក់ ៕ Reuters