ប្រដាល់សកលប្តេជ្ញាបង្កើនមេដាយ នៅស៊ីហ្គេម ២០២២ និងដាក់គោលដៅឲ្យបានមេដាយមាស១ សម្រាប់ស៊ីហ្គេម ២០២៣

0
34

ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានបង្ហាញនូគោលដៅរបស់សហព័ន្ធនៃគោលដៅស៊ីហ្គេម ២លើកចំពោះមុខនេះ ដោយប្តេជ្ញាបង្កើនមេដាយ នៅស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងគោលដៅបង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺប្រឹងប្រែងធ្វើយ៉ាងណាឲ្យឈ្នះមេដាយមាស១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក្នុងការប្រជែងមេដាយនេះ គឺដោយយោងទៅលើការខិតខំយ៉ាងខ្លាំងក្លា តាមរយៈការបោះជំរំហ្វឹកហាត់ត្រៀមរបស់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា និងការបង្កើតព្រឹត្តិការណ៍ប្រដាល់ថ្មីមួយ គឺ Ultimate Boxing Championship និងកំពុងស្នើសុំឲ្យមានការប្រកួតប្រចាំសប្តាហ៍ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ តាមបណ្តាស្ថានីយទូរទស្សន៍នានា នៅក្នុងស្រុក។

លោក ប៊ុយ សុភ័ណ្ឌ អះអាងថា សម្រាប់ការត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺសហព័ន្ធប្រដាល់សកលកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីចន្លោះពី៨ទៅ៩នាក់ នៅក្នុងព្រឹត្តិការណ៍រៀងរាល់២ឆ្នាំម្តងមួយនេះ ដោយម្ចាស់ផ្ទះ វៀតណាមមបានលើកពេលពីចុងឆ្នាំ២០២១ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយសារវិបត្តិជំងឺកូវីដ-១៩។

លោកបន្ថែមថា សហព័ន្ធនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិឲ្យដណ្តើមមេដាយបានច្រើន ឬឈានទៅរកមេដាយកម្រិតខ្ពស់ជាងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដោយធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង។

អគ្គលេខាធិការរូបនេះដាក់ក្តីសង្ឃឹមថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជានឹងអាចមានលទ្ធភាពប្រជែងបានមេដាយច្រើនជាស៊ីហ្គេម កន្លងមក ដើម្បីបំបែកកំណត់ត្រាថ្មីមួយរបស់ប្រភេទកីឡាប្រដាល់សកល។ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយ ដើម្បីកំណត់គោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយសហព័ន្ធជំនាញមួយនេះនឹងបន្តពង្រឹងបច្ចេកទេសរបស់ក្រុមជម្រើសជាតិ ដែលកំពុងហ្វឹកហាត់ក្នុងស្រុក និងកីឡាករកំពុងហ្វឹកហាត់នៅក្រៅប្រទេស (ទម្ងន់៩០គីឡូក្រាម) ធ្វើយ៉ាងណាឲ្យប្រជែងបានមេដាយមាស១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ប្រចាំឆ្នាំ២០២១ មានចំនួនសរុប ១៣នាក់ ក្នុងនោះមានកីឡាការិនី២នាក់ និងមានកីឡាករចំនួន ១១នាក់ ដែលកំពុងហ្វឹកហាត់នៅនាយកដ្ឋានអង្គរក្ស និងកីឡាករម្នាក់ទៀតកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម៕

#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here