សំបុត្រយន្តហោះពីខ្មែរទៅចិនថ្លៃខ្ទង់ម៉ឺនដុល្លារទូតចិនព្រមានក្រុមហ៊ុនអាកាសចរណ៍កុំចង់ចំណេញហួសហេតុ

0
47

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា ព្រមានចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលបានលួចបន្ថែមលក្ខខណ្ឌដោយខ្លួនឯង ដូចជារកលេះតំឡើងថ្លៃសំបុត្រយន្តហោះកប់ពពក។ការព្រមាននេះ ធ្វើឡើងក្រោយពីស្ថានទូតចិន ទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋចិន ដោយពួកគេអះអាងថា សំបុត្រយន្តហោះពីប្រទេសកម្ពុជាត្រឡប់ទៅកាន់ប្រទេសចិនវិញមានតម្លៃថ្លៃខ្លាំង បង្កការលំបាកដល់ភ្ញៀវទេសចរ។

ស្ថានទូតចិនព្រមានទៀតថា បើសិនជារកឃើញថាក្រុមហ៊ុនអាកាសចរណ៍កេងចំណេញហួសហេតុឬភ្ជាប់ លក្ខខណ្ឌមិនសមហេតុផល ក្រុមហ៊ុននោះអាចនឹងបាត់បង់ឱកាសផ្តល់សេវាហោះហើរទៅចិននៅថ្ងៃក្រោយ។

ស្ថានទូតចិន បានគូសបញ្ជាក់ថា មានក្រុមហ៊ុនអាកាសចរណ៍ខ្លះបានបង្កើនលក្ខខណ្ឌលើសពីចំនួនមូលដ្ឋាននៃលក្ខខណ្ឌការពារ និងត្រួតពិនិត្យពីចម្ងាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលនាំឱ្យការវិលត្រឡប់ទៅប្រទេសវិញរបស់ប្រជាជនត្រូវចំណាយខ្ពស់ពេក។ស្ថានទូតចិនបន្តថា ផ្អែកលើស្មារតី៖ “វិស័យការទូតគឺសម្រាប់បំរើប្រជាជន” ស្ថានទូតចិនបានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនឹងការធ្វើតេស្តរកវីរុសកូវីដ១៩របស់កម្ពុជា នឹងបានសម្រេចកាត់បន្ថយ ឬលើកលែងការចំណាយមួយចំនួនលើការធ្វើតេស្ត និងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ពាក់ព័ន្ធធ្វើការកែតម្រូវជាបន្ទាន់ ហើយការដាក់ឱ្យនៅដាច់ពីគេ និងភាពវឹកវរនៃសំបុត្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ស្ថានទូតចិន បានពន្យល់ថា កន្លងទៅស្ថានទូតបានតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍កំណត់ឱ្យអ្នកធ្វើដំណើរត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤មុនឡើងយន្តហោះដោយតម្រូវស្នាក់នៅក្នុងសណ្ឋាគារមិនអនុញ្ញាតឱ្យចេញក្រៅជាដាច់ខាត។ប៉ុន្តែចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា នេះតទៅការធ្វើចត្តាឡីស័កត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល៤ថ្ងៃវិញ។

បើតាមសេចក្តីជូនដំណឹងស្ថានទូតចិនបន្តថា បច្ចុប្បន្ន អ្នកដំណើរទៅប្រទេសចិនត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ៣លើក និងការធ្វើតេស្តឈាមរកអង់ទីគ័រចំនួន ១លើក។ ហើយការធ្វើតេស្តរកវីរុសកូវីដ១៩ចំនួន២លើកដំបូងគឺ នៅមុនពេលឡើងយន្តហោះចំនួន១៤ថ្ងៃ និងមុនពេលឡើងយន្តហោះ៣ថ្ងៃ(មិនរាប់បញ្ចូលថ្ងៃឡើងយន្តហោះ) ដែលការធ្វើតេស្តនេះត្រូវធ្វើឡើងនៅមន្ទីរពេទ្យព្រះកេតុមាលា(ពេទ្យយោធា)។ចំណែកឯការធ្វើតេស្តលើកទី ៣ និងការធ្វើតេស្តឈាមរកអង់ទីគ័រចំនួន ១លើកគឺត្រូវធ្វើនៅវិទ្យាស្ថាន NIPH ក្នុងរយៈពេល ២ថ្ងៃមុនពេលឡើងយន្តហោះ។

ស្ថានទូតចិន បានសង្កត់ធ្ងន់ថា បើគ្មានការយល់ព្រមពីស្ថានទូតចិនទេ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនអាចស្នើសុំឱ្យអ្នកដំណើរបង្កើនចំនួននៃលក្ខខណ្ឌនៃការធ្វើតេស្តឡើយ។ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវតែមានការទទួលខុសត្រូវផ្នែកសង្គម ដោយគិតគូរពីការអភិវឌ្ឍន៍រយៈពេលវែងរបស់ក្រុមហ៊ុន និង មិនត្រូវប្រើប្រាសហេតុផលជើងហោះហើរមានចំនួនតិច ទើបតំលើងតម្លៃ សំបុត្រយន្តហោះ ដើម្បីបង្កើនប្រាក់ចំណូលឡើយ។

ស្ថានទូតចិន អះអាងថា តម្លៃសំបុត្រយន្តហោះទៅប្រទេសចិន បានឡើងលើសពីតម្លៃសំបុត្រយន្តហោះតម្លៃពេញទៅហើយ ក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធទាំងអស់ត្រូវបានស្នើសុំឱ្យលុបចោលជាបន្ទាន់នូវឃ្លា “ហាមមិនអោយផ្លាស់ប្តូរជើងយន្តហោះ រឺ សងប្រាក់វិញ” ដើម្បីកុំឱ្យខូចខាតធ្ងន់ធ្ងរកិត្តិនាមក្រុមហ៊ុន ដែលការណ៍នេះអាចបណ្តាលឱ្យក្រុមហ៊ុនទទួលផលវិបាកដ៏ធ្ងន់ធ្ងរដោយមិនអាចធ្វើការហោះហើរទៅកាន់ប្រទេសចិនទៀតបាន ។

ជាងនេះទៅទៀត ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រមានក្រុមហ៊ុនអាកាសចរណ៍ណាបង្ខិតបង្ខំអ្នកដំណើរឱ្យយល់ព្រមទទួលយកលក្ខខណ្ឌលើសពីបទប្បញ្ញត្តិរបស់ស្ថានទូតដោយហេតុផលកង្វះសំបុត្រយន្តហោះ។ប្រសិនបើអ្នកដំណើរដែលធ្វើដំណើរទៅកាន់ប្រទេសចិនប្តឹងអំពីការបំពានរបស់ក្រុមហ៊ុនអាកាសចរណ៍ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការពារ និងត្រួតពិនិត្យពីចម្ងាយរបស់ស្ថានទូត នៅពេលដែលទទួលបាន និងផ្ទៀងផ្ទាត់ការប្តឹងនោះគឺជាការពិត ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងដាក់ទណ្ឌកម្មនិងវិធានការពាក់ព័ន្ធ ហើយផលវិបាកទាំងអស់ដែលកើតឡើង ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះត្រូវទទួលខុសដោយខ្លួនឯង។

គួរបញ្ចាក់ផងដែរថា បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍ បច្ចុបន្បនេះសំបុត្រយន្តហោះពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានឡើងថ្លៃខ្ពស់ដែលមិនធ្លាប់មានដោយតម្លៃចន្លោះពី ៧០០០ដុល្លារទៅ១២០០០ដុល្លារក្នុងមួយជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here