រកឃើញគ្រូបង្រៀនរដ្ឋ និងឯកជននៅភ្នំពេញ ២៦នាក់ ឆ្លងជំងឺកូវីដ-១៩

0
12

នៅក្នុងឱកាសថ្ងៃបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះ ក្រុមការងារនៅតាមសាលារដ្ឋ និងឯកជននានានៅក្នុងរាជធានីភ្នំពេញ បានធ្វើតេស្តរហ័សលោកគ្រូអ្នកគ្រូប្រមាណជាង ៨ ៤០០ នាក់ ហើយជាលទ្ធផលបានរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ២៦ នាក់ស្មើនឹង ០,៣ ភាគរយ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះថា ក្រុមការងារតាមសាលានីមួយៗបានធ្វើតេស្តលោកគ្រូអ្នកគ្រូចំនួន ៨ ៤៤៤ នាក់ ក្នុងនោះគ្រូបង្រៀនសាលារដ្ឋមានជាង ៥ ០០០ នាក់ រកឃើញមានវិជ្ជមានចំនួន ២២ នាក់ និងគ្រូបង្រៀនសាលាឯកជនជាង ៣ ០០០ នាក់ ដោយរកឃើញមានវិជ្ជមានចំនួន ៤ នាក់ប៉ុណ្ណោះ។

លោកប្រធានមន្ទីរបានបន្តថា លោកគ្រូអ្នកគ្រូដែលរកឃើញវិជ្ជមានចំនួន ២៦ នាក់នោះត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួនរួចហើយ។ រហូតមកដល់ពេលនេះស្ថានភាពសុខភាពរបស់ពួកគាត់ល្អជាធម្មតាទេដោយសារពួកគាត់បានចាក់វ៉ាក់សាំងបាន៣ដូសគ្រប់ៗគ្នា។

លោក ហែម ស៊ីណារ៉េត បានបន្តទៀតថា រយៈពេល ៣ ថ្ងៃនៃដំណើរការបើកសាលារៀនឡើងវិញនេះ ឃើញមានការប្រព្រឹត្តិទៅដោយមានភាពរលូន មិនមានឃើញគ្រូ ឬសិស្សដែលបង្រៀន និងរៀននៅក្នុងថ្នាក់ មានឆ្លងជំងឺកូវីដ-១៩ នោះទេ ខណៈពេលបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើតេស្តគ្រូជាង ៧ ពាន់នាក់ហើយជាលទ្ធផលរកឃើញគ្រូចំនួន ២៤ នាក់បានឆ្លងជំងឺកូវីដ-១៩។ ក្រោយមកចូលរៀនបាន២ថ្ងៃ ក៏បានរកឃើញសិស្សចំនួន ២៣ នាក់បានឆ្លងជំងឺកូវីដ-១៩ ហើយបានបិទថ្នាក់រៀនចំនួន ១៥ ថ្នាក់នៅសាលាចំនួន១៥។

ប្រធានមន្ទីរអប់រំខាងលើ បានបន្ថែមទៀតថា បន្ទាប់មកនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ មន្ទីរបានធ្វើតេស្តគ្រូជាង ៧ ពាន់នាក់ទៀត ហើយជាលទ្ធផលមានគ្រូចំនួន ១២ នាក់បានរកឃើញឆ្លងជំងឺកូវីដ-១៩។ ចំណែកគ្រូសាលាឯកជនប្រមាណជិត ៩០០ នាក់បានធ្វើតេស្តដែរ តែមិនមានរកឃើញគ្រូបង្រៀនណាម្នាក់មានឆ្លងជំងឺកូវីដ-១៩នោះទេ។

លោក ហែម ស៊ីណារ៉េត បានមានប្រសាសន៍ទៀតថា ការបើកដំណើរការសាលាឡើងវិញគ្រប់កម្រិតនេះ មានសាលារដ្ឋនិងឯកជនចំនួន ៥៣១ សាលាចាប់ពីកម្រិតមតេយ្យសិក្សា និងសាលាបឋមសិក្សា ក្នុងនោះសាលារដ្ឋមានចំនួន ១៨១ សាលា កម្រិតមតេយ្យសិក្សា ១៨ និងកម្រិតបឋម ១៦៣សាលា។ ចំណែកសាលាឯកជនមាន ៣៥០ សាលា ក្នុងនោះមតេយ្យចំនួន ១៨ និងសាលាមឋមចំនួន ៣៣សាលា។

លោក ហែម ស៊ីណារ៉េត បានបន្តទៀតថា ការបើកសាលារៀន ក្រសួងតម្រូវឱ្យដាក់សិស្ស១ថ្នាក់ចំនួនពី ១៥ ទៅ ២០ នាក់ប៉ុណ្ណោះ។ ដូចនេះសាលានីមួយៗត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នា ដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសាលា៕

ប្រភព : កម្ពុជាថ្មី

LEAVE A REPLY

Please enter your comment!
Please enter your name here