ប៉ូលិសក្នុងប្រទេសកូឡុំប៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ក្នុងរដ្ឋធានីបូហ្គោតា កាលពីថ្ងៃពុធកន្លងទៅ ខណៈបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស បានឈានចូលដល់ថ្ងៃទី៨ បន្ទាប់ពីក្រុមបាតុករបានធ្វើការវាយប្រហារទៅការិយាល័យប៉ូលិសនៅក្នុងទីក្រុងនេះ កាលពីយប់កន្លងទៅ។ បាតុកម្មនេះពីដំបូងកើតមានឡើង ដោយសារការប្រឆាំងទៅលើផែនការកំណែទំម្រង់ពន្ធដារ ហើយដែលពេលនេះត្រូវបានលុបចោលទៅវិញ។ ប៉ុន្តែក្រុមបាតុករបានពង្រីកនូវការទាមទាររបស់គេ ដោយឲ្យរដ្ឋាភិបាលដោះស្រាយនូវបញ្ហាក្រីក្រ អំពើហិង្សារបស់ប៉ូលិស និងភាពមិនស្មើគ្នានៅក្នុងប្រព័ន្ធអប់រំ និងសុខាភិបាលជាដើម។ ការធ្វើបាតុកម្មជាហូរហែរបស់ពលរដ្ឋ និងការប្រឆាំងពីសំណាក់មន្ត្រីតាក់តែងច្បាប់ បានបណ្តាលឲ្យមានការលុបចោលកំណែទម្រង់ពន្ធដារ និងការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុកូឡុំប៊ី។ កាលពីឆ្នាំ២០២០ អំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ភាពក្រីក្រនៅប្រទេសកូឡុំប៊ីបានកើនដល់ ៤២,៥ភាគរយ។ កំណើនភាពក្រីក្រនេះកាន់តែធ្វើឲ្យមានគម្លាតខ្លាំងរវាងអ្នកមាន និងអ្នកក្រ ហើយប៉ះពាល់ដល់ដំណើរទៅមុខនៃកិច្ចការអភិវឌ្ឍន៍នៅក្នុងប្រទេសមួយនេះ។ គិតត្រឹមឆ្នាំ ២០២០ ពលរដ្ឋកូឡុំប៊ីដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្របំផុត មានចំនួនកើនដល់ ២,៨ លាននាក់៕ Reuters