ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 ដែលបានគាំទ្រកោះតៃវ៉ាន់ និងដែលបានហៅរដ្ឋាភិបាលទីក្រុងប៉េកាំងថា មានភាពគឃ្លើនដែលក្រសួងការបរទេសចិននិយាយថា ជាការចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ក្រុមរដ្ឋមន្ត្រីការបរទេស G7 ថ្លែងក្នុងសេចក្តីប្រកាសរួមមួយថា ប្រទេសចិនបានប្រព្រឹត្តកំហុសក្នុងការរំលោភសិទ្ធិមនុស្ស និងបានប្រើប្រាស់«គោលនយោបាយសេដ្ឋកិច្ចបង្ខិតបង្ខំ» ហើយថា ក្រុមប្រទេស G7 នឹងប្រឹងប្រែងរួមគ្នា ដើម្បីបញ្ឈប់ទង្វើរបស់ចិន។ លើសពីនេះ ក្រុមប្រទេស G7 ក៏បានសម្តែងការគាំទ្រឱ្យកោះតៃវ៉ាន់អាចចូលរួមក្នុងវេទិកាអង្គការសុខភាពពិភពលោក WHO ។ ក្រុមប្រទេស G7 ក៏បានសម្តែងនូវក្តីបារម្ភអំពី «សកម្មភាពជាឯកតោភាគីណាមួយ ដែលធ្វើឲ្យមានភាពតានតឹងកើនឡើង» នៅច្រកសមុទ្រតៃវ៉ាន់។ សកម្មភាពនោះ គឺសំដៅដោយប្រយោលលើសកម្មភាពយោធារបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសនូវសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដោយលើកឡើងថា វាជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាន និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ លោកថា ក្រុមប្រទេស G7 គួរជំរុញសកម្មភាពស្តារសេដ្ឋកិច្ចសកលលោកឡើងវិញ ជាជាងធ្វើឲ្យរាំងស្ទះដល់ដំណើរការនេះ៕ Reuters