ស្វាត្រោស ជាប្រភេទសត្វកម្រមានចំនួនកើនឡើងនៅកម្ពុជា ខណៈចំនួនស្វាត្រោស លើពិភពលោកមានការថយចុះ

0
68

(ភ្នំពេញ)៖ ស្វាត្រោស ជាប្រភេទសត្វពានរមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ខណៈការវាយតម្លៃរួមថាចំនួនស្វាត្រោសនៅលើពិភពលោក មាននិន្នាការធ្លាក់ចុះ ប៉ុន្តែសម្រាប់នៅកម្ពុជា សត្វស្វាត្រោសនៅក្ន្ងតំបន់ការពារធម្មជាតិ មានចំនួនកើនឡើងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «កំណើននៃប្រភេទសត្វស្វាត្រោស បានបង្ហាញពីភាពជោគជ័យនៃការ អនុវត្តផែនការការពារនិងអភិរក្ស ដែនជម្រកសត្វព្រៃដែលជាផ្នែកមួយគាំទ្រថវិកាដែលបានមកពីការលក់ឥណទានកាបូន នៅក្នុងដែន ជម្រកសត្វព្រៃកែវសីម៉ា ប្រើប្រាស់ដើម្បីគាំទ្រលើការអភិរក្សធនធានធម្មជាតិ និងពង្រឹងជីវភាពសហគមន៍តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់ជម្រើសមុខរបរថ្មីៗដល់ពលរដ្ឋក្នុងសហគមន៍ តំបន់ការពារធម្មជាតិ។ ការណ៍នេះធ្វើឱ្យយើងការពារបានប្រសើរនូវទីជម្រក ប្រភពទឹក និងកន្លែងរកចំណី និងកាត់បន្ថយបាននូវកត្តាគំរាមកំហែងផ្សេងៗ»។

លោកបានបន្តថា យោងតាមរបាយការណ៍សិក្សាធ្វើឡើងដោយក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ឆ្នាំ២០២០ គ្រាន់តែនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ចំនួនស្វាត្រោសបានកើនឡើងពី៧៣៣ ក្រុមនៅឆ្នាំ២០១០ ដល់១,៤៧៣ ក្រុមនៅឆ្នាំ២០២០ ដែលមានចំនួនចន្លោះពី ១,១២២ ដល់ ២,០៨៨ក្បាល។ ស្វាត្រោសត្រូវបានគេដឹងថាមានវត្តមាននៅប្រទេសចិនមានចំនួនប្រមាណ ១,៧០០ក្បាល និងនៅប្រទេសឥណ្ឌាចំនួនប្រមាណ ១,៥០០ក្បាល។ ប្រទេសថៃ ត្រូវបានគេជឿថាមានវត្តមានស្វាត្រោសច្រើនផងដែរ។

អំពីជីវសាស្ត្រ សត្វស្វាត្រោសរស់នៅតាមព្រៃស្រោង និងព្រៃល្បោះ ហើយរស់នៅជាហ្វូងពី៥ ទៅ ៦ក្បាល និងក្រុមធំ រហូតដល់ ៤០ក្បាល។ ហ្វូងរបស់វាមិនរស់នៅកម្លែងណាមួយពិតប្រាកដទេ វាតែងតែដើរគ្រប់ទិសទីពេញព្រៃ។ ចំណីរបស់វាមានផ្លែឈើ ផ្កាឈើ គ្រាប់ធុញ្ញជាតិ និងសត្វល្អិត។ វារកចំណីនៅលើដើមឈើ និងនៅលើដី។

អំពីភិនភាគស្វាត្រោសមានក្បាល ដងខ្លួន និងផ្នែកកន្ទុយមានពណ៌ចាស់ជាងផ្នែកចំហៀងនៃដងខ្លួន ដែលមានពណ៌ភ្លឺរលោង។ កន្ទុយមានប្រវែង ១/៣ នៃប្រវែងក្បាល-ដងខ្លួន ហើយមានកន្ទុយកោងជាទំពក់បះទៅលើ។ នៅលើក្បាលមានក្រយៅពណ៌ត្នោតចាស់ ដែលមានរោមខ្លីបះត្រង់ៗ ម់លទៅរាងដូចមួកកាតឹប។ នៅជុំវិញមុខ មានរោមកញ្ចុំពណ៌ប្រផេះចាស់បះត្រង់ព័ទ្ធជុំវិញស្ទើតែលុបបាត់ត្រចៀក។ ពណ៌សម្បុរស្វាត្រោសប្រែប្រួលទៅតាមអាយុនិងភេទ។ ទម្ងន់ស្វាញីតិចជាងពាក់កណ្តាលទម្ងន់ស្វាឈ្មោល។ ជាទូទៅ ស្វាត្រោសឈ្មោលជំទង់មានទម្ងន់ចន្លោះពី ១១ ទៅ១៣,៥គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here