ថ្មគោល គឺជាសំណង់ដែលបានសង់ឡើង យ៉ាងរឹងមាំសម្រាប់ នាវាចរណ៍ផ្លូវទឹកតាមដង ទន្លេមេគង្គ ខេត្តក្រចេះ- ស្ទឹងត្រែង ដល់ព្រំដែន កម្ពុជា-ឡាវ រហូតមកទល់នឹងពេលនេះ មានរយៈកាល រយឆ្នាំមកហើយ។
អ្នកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង បានប្រាប់នៅព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២១ថា រាល់សំណង់ដែលសង់ឡើង មានអាយុកាល ចាប់ពី ៥០ ឆ្នាំឡើង ទៅចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌជាតិ។ ចំពោះសំណង់ថ្មគោល នៅតាមដងទន្លមេគង្គ ខេត្តស្ទឹងត្រែង យើងអាចហៅបានថា ជាសំណង់ប្រវត្តិសាស្ត្រ ឬសំណង់សម័យអាណានិគមបារាំង។ ចំពោះមុខសំណង់បែបនេះ អាចនឹងក្លាយជាសម្បត្តិបេតិកភណ្ឌ របស់ជាតិយើង។
ទាក់ទងទៅនឹងសំណង់ តាមផ្លូវទឹកនេះដែរ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង បានប្រាប់ថា សំណង់គោល បានសង់ឡើង កាលពីសម័យ អាណានិគមបារាំង មានចាប់ពីស្រុកសំបូរ ខេត្តក្រចេះ រហូត ដល់ព្រំដែនកម្ពុជា-ឡាវ នៅតាមដងទន្លេមេគង្គ។
លោក សរ គឹមណាត បានប្រាប់ថា សំណង់បែបនេះ គឺជាបង្គោលចរាចរណ៍ បង្ហាញផ្លូវទឹក ដោយសារផ្លូវទឹក ពីខេត្តក្រចេះ មកព្រំដែនកម្ពុជា-ឡាវ សម្បូរដោយថ្ម ទឹកហូរខ្លាំង ការធ្វើដំណើរ តាមផ្លូវទឹក មានការលំបាក ជួបឧបសគ្គច្រើន ទើបគេសង់បង្គោលស៊ីម៉ងត៍ នៅតាមប្រឡោះផ្លូវទឹក នារដូវប្រាំង ដើម្បីជាសញ្ញាងាយស្រួល សម្រាប់អ្នកបើកកប៉ាល់ (កាបពីទែន)។
ការធ្វើដំណើរតាមផ្លូវទឹក នៅរដូវប្រាំងទូកកាណូត កប៉ាល់ ដែលអាចដឹកសម្ភារៈ ចំណុះចាប់ពី ១០០ តោនចុះក្រោម។បើវស្សាចាប់ពីខែសីហាខែកញ្ញាទូកធំអាចដាក់សម្ភារៈទំនិញឬដឹងប្រេងចំណុះចាប់ពីលើស ១០០ តោនបាន។
កាលនោះ គេប្រើកប៉ាល់ដឹកទំនិញពាណិជ្ជកម្ម ក្នុងតំបន់ឥណ្ឌូចិន ពីក្រុងភ្នំពេញ ខេត្តកំពង់ចាម -ក្រចេះ -ស្ទឹងត្រែង ទៅចតនៅកំពង់ផែ ប្រទេសឡាវ។ អ្នកបើកនាវាឆ្លងកាត់ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ពិតជាជំនាញខ្លាំងណាស់។
ជំនាន់នោះ កប៉ាល់ធំៗ ដឹកទំនិញពាណិជ្ជកម្ម ក្រុងភ្នំពេញ មកចតនៅក្នុងខេត្តក្រចេះ និងសាងបន្តពី ខេត្តក្រចេះ មកស្ទឹងត្រែង ទៅកំពង់ផែឡាវ។ អ្នកបើកទូកដឹកទំនិញ ពីភ្នំពេញមកចតត្រឹមក្រចេះ។ ផ្ទេរទំនិញពីផែខេត្តក្រចេះ មកស្ទឹងត្រែង តាមទូក គេហៅប្រភេទជើងបង្កងជាបន្ត។ ទូកជើងបង្កង គឺជាទូកស្លាបចាក់ លើកចុះឡើងបាន មានចង្កូតនៅខាងក្រោយ និងមានល្បឿនលឿន ងាយស្រួល ដល់អ្នកបើកទូករេចុះឡើង តាមខ្សែទឹកហូរ ឆ្លងកាត់ថ្មគោលនីមួយៗ។ ទូកប្រភេទជើងបង្កងនេះ មានចំណុះក្រោម ១០០ តោន អាចផ្ទុកទំនិញបាន និងមានទទឹង មិនលើសពី ១០ ម៉ែត្រទេ។ ពេលខែវស្សា ទឹកទន្លេ ចាប់ផ្ដើមឡើងខ្លាំង អ្នកបើកទូកធំៗ មិនបាច់ឆ្លងកាត់ គោលនោះទៀតទេ។ គេធ្វើដំណើរក្បែរ ជ្រាំងទន្លេបាន។
កាលជំនាន់នោះ អ្នកបើកទូកនៅភ្នំពេញ មិនហ៊ានបើកមកខេត្តស្ទឹងត្រែងទេ គឺបានត្រឹមខេត្តក្រចេះ។ គេជួលអ្នកស្ទឹងត្រែង ទៅបើកទូកបន្តពីខេត្តក្រចេះ មកព្រំដែនឡាវ ព្រោះថា អ្នកស្ទឹងត្រែង ស្គាល់ភូមិសាស្ត្រ មានជំនាញក្នុងការបើកទូក។
កំឡុងពេលបើកទូកចេញពីក្រចេះ មកដល់ស្រុកសំបូរ ចតសំរាកមួយយប់ ត្រង់ចំណុចកោះដំបង ជិតព្រំប្រទល់ស្ទឹងត្រែង និងបន្តមកទៀត ក្នុងរយៈពេលមួយយប់ ឬពីរថ្ងៃ ដល់ព្រំដែនឡាវ។ ពេលត្រឡប់ទៅវិញ ប្រើពេលមិនយូរទេ ដោយសារបើកទូក ចុះតាមទឹកហូរ មានល្បឿនលឿន។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង រម្លឹកថា ការសម័យរដ្ឋកម្ពុជា ទូកដឹកទំនិញ ពាណិជ្ជកម្ម ពីភ្នំពេញមកក្រចេះ ចតនៅទីរួមខេត្តស្ទឹងត្រែង។ ទំនិញដែលដឹកបន្តពីស្ទឹងត្រែង ទៅព្រំដែនឡាវ ក្នុងភូមិសាស្ត្រឃុំព្រះរំកិល បច្ចុប្បន្ន ឃុំព្រះរំកិល ជាប់ព្រំដែនឡាវ បានដាក់បញ្ចូល ទៅក្នុងដែនដីរដ្ឋបាល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោក សរ គឹមណាត បានលើកឡើងថា សំណង់នីមួយៗ របស់បារាំង កាលជំនាន់នោះ មានភាពរឹងមាំណាស់ ដូចជា សំណង់ ថ្មគោលដាក់សញ្ញាសម្គាល់ សម្រាប់នាវាចរណ៍ផ្លូវទឹក មានអាយុកាលរយឆ្នាំ មកហើយ នៅតែរក្សាជាប់រឹងមាំ។ បង្គោលខ្លះ បាក់បន្តិចបន្តួចប៉ុណ្ណោះ។ សំណង់ថ្មគោលនេះ បានផុសចេញពីផ្ទៃទឹក នៅខែប្រាំង។ លុះដល់ខែវស្សា ទឹកលិចរាល់ឆ្នាំ អ្នកបើកទូក មិនបាច់ឆ្លងកាត់តាម ថ្មគោលនោះទៀតទេ។
ទោះបីជាសំណង់ថ្មគោលនេះ បានកន្លងទៅ រយឆ្នាំមកហើយ គ្រាន់តែសឹករេចរឹល បាក់នៅធ្លាក់ជា កំណាត់ខ្លះក៏ដោយ។ នៅតែរក្សារឹងមាំ ជាប់បន្សល់ទុក រហូតដល់សព្វថ្ងៃនេះ តាមដងទន្លេមេគង្គ។
លោក សរ គឹមណាត បានឲ្យដឹងថា ចំណុចពិសេស នៃសំណង់សម័យជំនាន់បារាំង មុននឹងសង់អ្វីមួយ គេធ្វើដោយផ្ចិតផ្ចង់ យ៉ាងល្អ លាយគ្រួសខ្សាច់ស៊ីម៉ង់ ត្រឹមត្រូវ តាមក្បួនខ្នាត។
សព្វថ្ងៃនេះ ចរាចរណ៍ដឹកទំនិញ តាមផ្លូវទឹក បានកាត់ផ្ដាច់ទាំងស្រុង ដោយសារគមនាគមន៍ ផ្លូវគោកបង្កលក្ខណៈងាយស្រួល ធ្វើដំណើរបានគ្រប់ពេលវេលា ឆ្លងកាត់ពីរាជធានី ខេត្ត ក្នុងយុគសម័យប្រទេស មានការអភិវឌ្ឍ ដើរទៅមុខក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ផ្លូវទឹកទន្លេមេគង្គ ចាប់ពីចំណុចអន្លង់វិល ព្រំដែនឡាវ ទៅរាជធានីភ្នំពេញ មានប្រវែង ៣៨៨ គីឡូម៉ែត្រ៕
ប្រភព : រស្មីកម្ពុជា