១០ខែឆ្នាំនេះ កសិផលរបស់កម្ពុជាជាង៦លានតោននាំចេញទៅ៦៨ប្រទេស គិតជាទឹកប្រាក់ជាង៤ពាន់លានដុល្លារ

0
28

ភ្នំពេញ៖ ១០ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលចំនួនជាង៦លានតោនទៅទីផ្សារអន្តរជាតិចំនួន៦៨ប្រទេស ដែលគិតជាទឹកប្រាក់មានជាង៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបញ្ជាក់ថា តួលេខនេះគឺមានការកើនឡើងចំនួន៨៧,៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលកសិកម្ម ជាង៦លានតោនទៅ៦៨ប្រទេសនោះគឺចំនួនជាង៤ពាន់លានដុល្លារ ក្នុងនោះកម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករចំនួន ជិត៤០០លានដុល្លារ, បានពីការនាំចេញស្រូវមានជិត៤៧០លានដុល្លារ,បានពីការនំាចេញដំណាំ និងកសិផលផ្សេងៗចំនួន ជាង២៨៣៣លានដុល្លារ និងបានពីការនាំចេញកៅស៊ូធម្មជាតិចំនួនជាង៣៧៩លានដុល្លារ។
ផលិតផលកសិកម្ម ដែលកម្ពុជា នាំចេញគឺមានដូចជា អង្ករ ស្រូវ ដំឡូងមី ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែងសៀង ផ្លៃចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ និងម្ទេសក្រៀមជាដើម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថា ការនាំចេញកសិផលក្នុង១០ខែឆ្នាំនេះ គឺមានការកើនឡើងចំពោះតែផលិតផលកសិកម្ម ក្រៅពីអង្ករប៉ុណ្ណោះដែលមាន១០៦,៦២ភាគរយ ។ ប៉ុន្តែការនាំចេញអង្ករគឺមានការថយចុះ១៤,២០ភាគរយ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការថយចុះនៃការនាំចេញអង្ករនេះ គឺដោយសារបញ្ហាចម្បង២គឺ កង្វះទូរកុងតឺន័រទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករនាំចេញ និងតម្លៃនៃការដឹកជញ្ជូនទៅកាន់ទីផ្សារបរទេសគឺមានការកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here