លោកម៉ៅ ធនិន៖មុននឹងលាចាកលោកទៅគួរបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អ

0
24

កំពតៈ ទោះបីពេលកើតមិនបានយកអ្វីមកជាមួយតែមុននឹងលាចាកលោកគួរនាំទៅ ឬបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃសម្រាប់អ្នកជំនាន់ក្រោយ។ នេះជាសម្តីរបស់អភិបាលខេត្តកំពតក្នុងដំណើរចុះសម្របសម្រួលវិវាទនៃការប្រើប្រាស់ត្រពាំងទឹកមួយកន្លែងស្ថិតក្នុងស្រុកកំពង់ត្រាច។
សូមបញ្ជាក់ថាប្រជាពលរដ្ឋភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពង់ត្រាចបានដាក់បណ្តឹងសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពតព្រោះតែគ្រួសារមួយបម្រុងបិទសិទ្ធិមិនឱ្យពួកគាត់ប្រើប្រាស់ទឹកត្រពាំងដែលធ្លាប់អាស្រ័យផលរួមគ្នាជាយូរមកហើយោះ។ ឆ្លើយតបចំពោះសំណូមពរនេះ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា លោកម៉ៅ ធនិនបានអញ្ជើញចុះដល់ទីតាំងផ្ទាល់ដើម្បីសួរនាំអំពីប្រវត្តិត្រពាំងទឹក និងដើមហេតុនៃវិវាទបំណងឈានទៅដោះស្រាយក្នុងការស្វែងរកភាពចំណេញទាំងសងខាង។
តំណាងប្រជាពលរដ្ឋបានអះអាងថាក្រៅពីអ្នកភូមិស្នាមគូរ នៅមានពលរដ្ឋ២ភូមិផ្សេងទៀតក្នុងឃុំអង្គសុរភីបានប្រើប្រាស់ទឹកត្រពាំងរួមជាយូរមកហើយ។ ប៉ុន្តែថ្មីៗនេះស្រាប់តែលេចឮអំពីគ្រួសារមួយរស់នៅក្បែរត្រពាំងទឹកបម្រុងបិទសិទ្ធិឈប់ឱ្យពួកគាត់ប្រើប្រាស់ដើម្បីជាប្រយោជន៍តទៅទៀត។
ចំណែកភាគីចុងចោទបានបញ្ជាក់ថា ត្រពាំងស្រែនេះគ្រួសារគាត់បានកាន់កាប់ជាង២០ឆ្នាំមកហើយដោយទិញពីមេភូមិដែលមានការទទួលស្គាល់ពីមេឃុំតាមរយៈលិខិតស្នាមបន្សល់ទុក។ មុននឹងមានជម្រៅអាចប្រើប្រាស់បានដល់សព្វថ្ងៃ គ្រួសារគាត់បានជីកស្តារដីអស់៤០០រថយន្ត។ ពីមុនចេះតែចែកគ្នាប្រើដោយយល់ថាមានការខ្វះខាត តែបច្ចុប្បន្នទឹកស្អាតមានប្រើប្រាស់គ្រប់ៗគ្រួសារទៅហើយ។
ក្រោយបានស្តាប់លម្អិត និងមើលឃើញ នូវភាពតានតឹងកើតមានឡើង ពិសេសផ្តើមចេញពីគ្រួសារបម្រុងកាន់កាប់ជាឯកជននោះ អភិបាលខេត្តកំពតបានមានប្រសាសន៍ថាការទិញដូរធ្វើឡើងតែពីរនាក់ដោយមិនបានពិគ្រោះយោបល់ជាមួយអ្នកភូមិជាអំពើមិនស្របនឹងផ្លូវច្បាប់ទេ។ ក្នុងនាមជាសមាជិកគ្រួសារតែមួយ លោកមានបំណងដោះស្រាយជូនតាមរយៈការចំណាយធនធានផ្ទាល់ដើម្បីបាត្រពាំងទឹកនេះប្រើប្រាស់ជាប្រយោជន៍រួមតទៅទៀត ពោលគឺមិនឱ្យភាគីណាមួយខាតបង់នោះឡើយ។
លោកម៉ៅ ធនិនបានបន្តថាសូមចិត្តភាគីដែលត្រូវប្រជាពលរដ្ឋប្តឹងនេះពិភាក្សាមូលមតិគ្នាឱ្យឆាប់ដើម្បីបញ្ចៀសនូវការខាតបង់ទាំង សង ខាងក្នុងករណីតុលាករចេញដីការរក្សាការពារប្រសិនបើមានបណ្តឹង។ មនុស្សគ្រប់រូប ទោះបីពេលកើតមិនបានយកអ្វីមកជាមួយ តែមុននឹងលាចាកលោកគួរនាំទៅ ឬបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃសម្រាប់អ្នកស្រុកជំនាន់ក្រោយៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here