ប្រេងសាំងបន្តឡើងថ្លៃ ខណៈការនាំចូលសាំងគេចពន្ធនៅសមុទ្របន្តកើតមាន?

0
78

(ខេត្តព្រះសីហនុ)៖ តម្លៃប្រេងសាំងបន្តហក់ឡើងខ្ពស់ ដោយសារតម្លៃប្រេងឥន្ធនៈអន្តរជាតិឡើងខ្ពស់ដែរ ដែលបានជំរុញឱ្យតម្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុកនៅកម្ពុជាបន្តហក់ឡើងខ្ពស់ដូចគ្នា។ តម្លៃសាំងខ្ពស់ បានបង្ករផលប៉ះពាលដល់កម្រិតជីវភាពអ្នកប្រើប្រាស់។
តាមប្រភពពាណិជ្ជករ បញ្ហាប្រេងនេះ មិនមែនប៉ះពាល់តែប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក្រុមអ្នករកស៊ីស្របច្បាប់ក្នុងវិស័យប្រេងឥន្ធនៈ ក៏បង្ហាញការតឹងទ្រូងដែរ ដែលម្ខាងតម្លៃប្រេងឥន្ធនៈអន្តរជាតិបន្តឡើងថ្លៃខ្លាំង។ ការព្យាករណ៍ តម្លៃប្រេងនឹងបន្តឡើងថែមទៀត។
វិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ទីផ្សារប្រេង ទាំងបរិមាណការនាំចូល ការលក់ចេញ និងតម្លៃ។ ការធ្លាក់ចុះនៃការនាំចូលប្រេងឥន្ធនៈ និងទំហំការលក់ចេញ ក៏អាចជះឥទ្ធិពលដល់ការប្រមូលពន្ធរបស់រដ្ឋផងដែរ។ ចំណូលថវិកាជាតិមួយផ្នែកធំ គឺមានប្រភពពីការបង់ពន្ធប្រេងឥន្ធនៈ។
ក៏ប៉ុន្តែ អ្វីដែលជាបញ្ហាដ៏រ៉ាំរ៉ៃមួយទៀតក្នុងវិស័យប្រេងនេះ មានសេចក្តីរាយការណ៍មកថា នៅតាមច្រកសមុទ្រ ការនាំចូលប្រេងឥន្ធនៈដោយគេចពន្ធ នៅតែបន្តកើតមានជាហូរហែរក្នុងបរិមាណមួយដ៏ច្រើន។ ប្រេងគេពន្ធនេះ មិនមែនជាបញ្ហាថ្មី ដែលទើបតែនឹងកើតឡើងនោះទេ តែសកម្មភាពនេះត្រូវគេដឹងថា បានកើតមានជាយូរយាណាស់មកហើយ។ គ្រាន់តែមិនមានអ្នកហ៊ានទម្លាយ និងមិននិយាយឱ្យចំឈ្មោះ។
បញ្ហាប្រេងគេចពន្ធតាមសមុទ្រនេះ វាបានបង្ករការលំបាកធំ៣យ៉ាងគឺ ប៉ះពាល់អ្នករកស៊ីស្របច្បាប់ ប៉ះពាល់ប្រជាជនដែលប្រើប្រេងក្នុងតម្លៃថ្លៃ និងម្យ៉ាងទៀត ថវិកាជាតិស្របច្បាប់ក៏ត្រូវបាត់បង់ ហើយផលប្រយោជន៍នានា បានតែទៅលើក្រុមជនដែលឃុបឃិត។
ជុំវិញរឿងរ៉ាវគេចពន្ធប្រេងនេះ តាមការខ្សឹបឱ្យដឹងថា នឹងមានការស្នើអន្តរាគមន៍នៅអគ្គនាយកដ្ឋានគយ ដើម្បីមានវិធានការទប់ស្កាត់ ការលួចរត់ពន្ធការនាំចូលប្រេងឥន្ធនៈតាមច្រកសមុទ្រ។ ការធ្លុះធ្លាយសេដ្ឋកិច្ចជាតិតាមច្រកសមុទ្រ មិនមែនជាបញ្ហាតូចតាចទេ ហើយក៏មិនមែនជាបញ្ហាទើបកើតមាននោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here