នាំអ្នកជំងឺកូវីដ-19កម្រឹតស្រាលមកដាក់ព្យាបាលនៅក្នុងមណ្ឌលព្យាបាលរួមគ្នាមួយកន្លែងក្នុងស្រុកសំពៅលូន

0
20

ចាប់ពីថ្ងៃទី២៥ខែតុលាមក មន្រ្តីសុខាភិបាលនិងអាជ្ញាធរក្រុងស្រុកបាននាំយកបងប្អូនប្រជាពលរដ្ឋមានជំងឺកូវីដ១៩កំរិតស្រាលទៅព្យាបាលរួមគ្នាមួយនៅមណ្ឌល ព្យាបាលជំងឺកូវីដ១៩ថ្មីស្ថិតនៅភូមិ អូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ដែលមានលទ្ធភាពផ្ទុកអ្នកជំងឺជិត២០០០គ្រែ ។
អាជ្ញាធរខតេ្តអោយដឹងថា ទីតាំងថ្មីព្យាបាលថ្មីនេះ គឺជាការរៀបចំសាងសង់ដោយរាជរដ្ឋាភិបាលក្រោមគំនិត្តផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តន៍រៀបចំសាងសង់ដោយឯកឧត្តមនាយឧត្តមសេនីយ ខេង សាម៉េត ប្រធានអនុគណៈកម្មាការសាងសង់ នៃគណកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ ទីតាំងថ្មីនេះ មានទីធ្លាធំទូលាយ ដោយ មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានកន្លែងស្នាក់នៅ និង បន្ទប់ព្យាបាលជាប្រចាំរបស់ក្រុមគ្រូពេទ្យជាដើម ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានអោយដឹងថា ដោយការអនុវត្តន៍យុទ្ធសាស្រ្តគិតគូរវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តនិងមន្រ្តីសុខាភិបាលបាននឹងកំពុងបញ្ជូនអ្នកជំងឺកូវីដ១៩កម្រិតស្រាលតាមបណ្តាស្រុកនានា ទៅព្យាបាលរួមគ្នា ក្នុងមណ្ឌលថ្មីខាងលើនៅស្រុកជាប់តំបន់ជាយដែន ។ការបញ្ជូននេះ ដើម្បីទុកទីតាំងមណ្ឌលព្យាបាលនៅក្នុងសាលារៀនទាំងនោះ រៀបចំសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បើកបវេសនកាល ដល់សិស្ស អោយចូលរៀនឡើងវិញទាំងអស់ នាពេលខ្លីខាងមុខ។
ចំណែកអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ ត្រូវបញ្ជូនដាក់អោយព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

លោកបញ្ជាក់បន្ថែមថាអ្នកជំងឺកូវីដ១៩កម្រិតស្រាល រដ្ឋបាលខេត្តនិងមន្រ្តីសុខាភិបាលក៏បានអនុញ្ញាតិអោយអ្នកជំងឺសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯងផងដែរ តែត្រូវឆ្លងកាត់ការត្រួតពិនិត្យទីតាំងព្យាបាលនៅលំនៅដ្ឋានរបស់អ្នកជំងឺ ថាតើមានបន្ទប់ដាច់ដោយឡែកប្ញទីតាំងធំទូលាយ អាចព្យាបាលដាច់ដោយឡែក ទើបអាចអនុញ្ញាតិ ។ ប្រសិនទីតាំងចង្អៀត រស់នៅមួយបន្ទប់រួមគ្នា គឺមិនអនុញ្ញាតិនោះទេ ។

មន្រ្តីសុខាភិបាលខេត្តបានអោយដឹងថា អ្នកជំងឺកូវីដ១៩ដែលត្រូវបញ្ជូនទៅកាន់មណ្ឌលព្យាបាលថ្មីនៅស្រុកសំពៅលូននេះ មានមកពីមណ្ឌលព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះមន្នីវង្ស វិទ្យាល័យសម្តេចឪ ក្នុងក្រុងបាត់ដំបង និង ស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុករតនមណ្ឌល ស្រុកសំពៅលូន និង ស្រុកកំរៀង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here