លោកស្រី ពុង ឈីវកេក គឺជាអ្នកជួយនៅពីក្រោយឆាកនៃជោគជ័យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយលោកស្រីជាអ្នកដែលរៀបចំឲ្យមានជំនួបដំបូងបង្អស់រវាងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងលោកហ៊ុន សែន ដើម្បីពិភាក្សាអំពីរឿងសន្តិភាពនៅកម្ពុជា។
រំលឹកពីជីវប្រវត្តិអ្នកស្រី ពុង ឈីវកេក កើតនៅឆ្នាំ១៩៤២ ជាកូនស្រីច្បងក្នុងគ្រួសារអភិជនដែលមានកូនស្រី ២នាក់។ ឪពុកឈ្មោះ ពុង ប៉េងចេង ធ្លាប់ជាគ្រូបង្រៀន ដែលក្រោយមកបានធ្វើជារដ្ឋលេខាធិការក្រសួងអប់រំ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ម្ដាយឈ្មោះ ស៊ីវ អេងតុង ជាគ្រូបង្រៀនដែរ ក្រោយមកនាឆ្នាំ១៩៦៨ ម្តាយអ្នកស្រីត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ហើយបានផ្លាស់មកជារដ្ឋមន្ដ្រសួងសុខាភិបាលវិញ។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ឪពុកម្តាយលោកស្រីបានដង្ហែតាមអតីតព្រះមហាក្សត្រ នរោត្តមសីហនុនៅទីក្រុងប៉េកាំង។
កាលពីនៅជាកុមារ លោកស្រីពុង ឈីវកេក រៀននៅភ្នំពេញនៅសាលាបឋមសិក្សាបារាំង និងសាលាលីសេដេកាត (Lycee Descartes) រហូតទទួលបានសញ្ញាប័ត្របាក់ឌុបឆ្នាំ១៩៦០។ លោកស្រីបន្តការសិក្សាជំនាញវេជ្ជសាស្រ្តនៅសាលាពេទ្យក្នុងទីក្រុងភ្នំពេញរយៈពេល៤ឆ្នាំ ត្រឹមឆ្នាំ១៩៦៤ និងបន្តរៀនផ្នែកវេជ្ជសាស្រ្តបន្ថែម២ឆ្នាំទៀតនៅឯទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីយកសញ្ញាប័ត្រវេជ្ជបណ្ឌិត។
ពេលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៦៨ក្រោយរៀនចប់ លោកស្រីបម្រើការក្នុងវិស័យសុខាភិបាល ធ្វើជាគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផង និងជាគ្រូបង្រៀនផ្នែកវេជ្ជសាស្រ្តនៅសាលាពេទ្យផង។ ជាអកុសលនៅឆ្នាំ១៩៧១ ក្រោយរដ្ឋប្រហារ លោកស្រី និងគ្រួសាររបស់លោកស្រីចាកចេញពីកម្ពុជាទៅកាន់ប្រទេសបារាំងវិញ ហើយលោកស្រីបានបន្តរៀនបច្ចេកទេសខាងជំងឺក្នុងឈាម (Hematology)។
អ្នកស្រីមានកូនស្រី ២នាក់ជាមួយស្វាមីទី១ជាជនជាតិបារាំងនោះ មានឈ្មោះ ណាលី ពូឡូក (Naly Pilorge) បច្ចុប្បន្នជានាយិកាអង្គការលីកាដូ និង រ៉ូជិន ពីឡូក (Rozenn Pilorge)។ អ្នកស្រីបានរៀបការម្ដងទៀតកាលពីឆ្នាំ១៩៧៣ ជាមួយមន្ត្រីទូតបារាំង។ អ្នកស្រីមានកូនស្រីម្នាក់ទៀត ឈ្មោះ អីវ៉ា ហ្គាឡាប្រ៊ូ (Eva Galabru)។ បច្ចុប្បន្នអ្នកស្រី ជាស្ត្រីមេម៉ាយបន្ទាប់ពីប្ដីបានអនិច្ចកម្ម។
ស្វាមីលោកស្រីដែលជាមន្ត្រីទូតបារាំងត្រូវបានចាត់តាំងឲ្យទៅធ្វើជាអគ្គកុងស៊ុលប្រចាំនៅប្រទេសកាណាដា។ ដូច្នេះលោកស្រីត្រូវបន្តដំណើរទៅក្រុង Vancouver ប្រទេសកាណាដានៅឆ្នាំ១៩៧៣។ នៅពេលនោះ លោកស្រីស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តជាមួយគ្រូពេទ្យកាណាដាដទៃទៀត។ ទោះជាយ៉ាងណា លោកស្រីពុំដែលភ្លេចអំពីបញ្ហានៅកម្ពុជាឡើយ។ នៅពេលដែលបាត់ដំណឹងពីបងប្អូននៅក្នុងប្រទេស លោកស្រីសង្ស័យអំពីភាពមិនប្រក្រតីក្នុងប្រទេសកម្ពុជា។ ដូចនេះក្នុងឆ្នាំ១៩៧៧ លោកស្រីព្យាយាមខ្នះខ្នែងជួបលោក François Mitterrandដែលពេលនោះកាន់តំណែងក្នុងគណបក្សប្រឆាំងនៅបារាំងនៅឡើយគឺគណបក្ស Socialist Party ដែលមានន័យថា គណបក្សសង្គមនិយម។
លោកស្រីចាំមិនភ្លេចពាក្យសន្យារបស់លោក François Mitterrand ដែលក្រោយមកបានជាប់ឆ្នោតជាប្រធានាធិបតីបារាំង។ «លោក Mitterrand ថា បើលោកជាប់ឆ្នោតឆ្នាំ១៩៨១ លោកសន្យាមុខសហការីគាត់ទាំងអស់ថា បើលោកជាប្រធានាធិបតី លោកនឹងរកមធ្យោបាយគ្រប់មុខដើម្បីជួយឲ្យប្រទេសកម្ពុជាយើងបានស្គាល់សន្តិភាពឡើងវិញ។ នែ!ពាក្យសម្តីហ្នឹងខ្ញុំចងចាំជារៀងរហូត។ តាំងពី១៩៧៧ ខ្ញុំខំបន់ទេវតាហើយឲ្យលោកជាប់ឆ្នោត។ លោកជាប់មែន!»
តែលោកស្រីនិយាយថា ក្នុងឋានៈជាប្រធានាធិបតី គេអាចមិនខ្វល់នឹងពាក្យសន្យាជាមួយ លោកស្រីក៏ព្រោះតែកម្ពុជាជាប្រទេសតូច។ ការណ៍នេះបានធ្វើឲ្យលោកស្រីបារម្ភ និងសុខចិត្តបន្ថយការងារក្នុងវិស័យវេជ្ជសាស្រ្ត មកស្វែងរកយុទ្ធសាស្រ្តការទូត និងធ្វើទំនាក់ទំនងយ៉ាងណាឲ្យមានតុចចារអំពីសន្តិភាពនៅប្រទេសកំណើតខ្លួន។
លោកស្រីបន្តដើរតាមការងាររបស់ស្វាមីទៅដល់ទីក្រុង Rio de Janeiro ប្រទេសប្រេហ្ស៊ីលនៅឆ្នាំ១៩៧៩ និងឆ្នាំ១៩៨២ អ្នកស្រីបន្តទៅប្រទេសអង់ហ្គោឡា (Angola ) ទ្វីបអាហ្វ្រិកទៀត។ ក្នុងឆ្នាំ ១៩៨២ លោកស្រីបានជួបរដ្ឋមន្ត្រីក្រសួងការបរទេសអង់ហ្គោឡាលោកស្រី ពុង ឈីវកេក បានផ្ដាំថា «បើកាលណាលោកមានគណៈប្រតិភូពីភ្នំពេញសូមកុំភ្លេចតេឡេហ្វូនឲ្យខ្ញុំជួបផង។ លោកសន្យាជាមួយខ្ញុំ។ ទេសកាលអី មុនដំណាច់ឆ្នាំ ១៩៨២ លោកតេឡេហ្វូនមកខ្ញុំមែនសួរថាខ្ញុំចង់ជួបទេ? លោកថាគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេស»។
ដូច្នេះនៅប្រទេសអង់ហ្គោឡានោះហើយជាឱកាសដែលលោកស្រីបានជួបលោកហ៊ុន សែន។ ពេលនោះលោកហ៊ុន សែនជារដ្ឋមន្ត្រីក្រសួងការបរទេសដែលធ្វើទស្សនកិច្ចផ្លូវការជាមួយគណៈប្រតិភូមួយក្រុមទៅកាន់ទីនោះ។ ដើម្បីសម្រេចបេសកកម្មដើម្បីសន្តិភាពនៅកម្ពុជា លោកស្រីក៏ចាប់ផ្តើមបោះបង់ការងារជាគ្រូពេទ្យមួយរយៈ។ ចំណុចចាប់ផ្ដើមនៃជំនួបរវាងសម្ដេច ហ៊ុន សែន និងសម្ដេចឪចាប់ផ្ដើមនៅប្រទេសអង់ហ្គោឡានេះឯង។ លោកស្រីបានរំឭកថា៖ «ពេលហ្នឹងខ្ញុំដឹងថានៅទីនោះមានសហភាពសូវៀតច្រើនខ្ញុំដឹងថាពិតជាប្រតិភូពីភ្នំពេញទៅទស្សនកិច្ច»។
សូមបញ្ជាក់ថា ប្រទេសអង់ហ្គោឡានៅពេលនោះទើបតែបានឯករាជ្យឡើងវិញប្រទេសនេះក៏មិនសូវស្រួលដែរ ។ លោកស្រីបានជួបលោក ហ៊ុន សែន និងគណៈប្រតិភូរបស់លោក នៅអូតែលមួយឈ្មោះត្រូពិកាណា។ កាលនោះមានសម្តេចនាយកក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសមានឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ឡុង វិសាលោ ឯកឧត្តម ជុំ ប៊ុនរ៉ុង និងមានប៉ុន្មាននាក់ទៀតដែលលោកស្រីមិនចាំឈ្មោះ។
មានព្រឹត្តិការណ៍មួយដែលលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក នៅចងចាំមិនភ្លេចនោះគឺនៅយប់មួយនៅឆ្នាំ ១៩៨២ ក្រុមគណប្រតិភូក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន បានជួបស្វាមីជនជាតិបារាំងរបស់លោកស្រីនៅគេហដ្ឋានរបស់អគ្គរដ្ឋទូតបារាំងរូបនេះប្រចាំប្រទេសអង់ហ្គោឡា។ ជំនួបនោះចាប់ផ្ដើមពីម៉ោង ៨ យប់ដល់ម៉ោង ១ រំលងអធ្រាត្រ។ លោកស្រីវេជ្ជបណ្ឌិតថា ពេលនោះបានសួរទៅសម្ដេច ហ៊ុន សែន ថាតើលោកចង់ជួបសម្តេចឪទេ? ដើម្បីរកសន្តិភាពកុំឲ្យមានការវ៉ៃគ្នាខ្មែរ និងខ្មែរទេ? រដ្ឋមន្ត្រីការបរទេសដ៏វៃឆ្លាតនោះបានឆ្លើយថា «ខ្ញុំក៏ចង់បានសន្តិភាពដែរ»។ ចាប់ពីចំណុចនោះភាគីទាំងពីរក៏បានដូរលេខតេឡេហ្វូនគ្នា។
នៅឆ្នាំ ១៩៨៤ លោកប្រធានាធិបតីបារាំង François Mitterrand បានបញ្ជារដ្ឋមន្ដ្រីការបរទេសបារាំងឲ្យអញ្ជើញគណៈប្រតិភូស្រុកខ្មែរឲ្យមកជួបសម្តេចឪដើម្បីឲ្យមានសន្តិភាព។ ក្រសួងការបរទេសបារាំងជាអ្នកទាក់ទងខាងភាគីកម្ពុជា រីឯខាងលោកស្រីជាអ្នកទាក់ទងខាងសម្តេចឪ ទាំងសងខាងបានព្រមព្រៀងគ្នាមកជួបនៅប៉ារីស ប៉ុន្ដែជំនួបត្រូវខកខានព្រោះសម្តេចឪបានអវត្តមាន។ ចាប់ពីស្វាមីរបស់លោកស្រីបានជួបសម្ដេច ហ៊ុន សែន មកលោកស្រីអន្ទះសាចង់មកទស្សនកិច្ចកម្ពុជាខ្លាំងមែនទែន។
នៅខែកុម្ភៈ ឆ្នាំ ១៩៨៧ លោកអគ្គរដ្ឋទូតបារាំងបានមកស្រុកខ្មែរជាលក្ខណៈឯកជនដើម្បីសិក្សាពីកម្ពុជាហើយត្រឡប់ទៅវិញជាមួយព័ត៌មាន និងឯកសារជាច្រើនហើយក៏ចង់ជួបសម្តេចឪ។ សម្តេចក្រុមព្រះទៅទូលសម្តេចឪថាជួបបានទេ? លោកថា អត់បានទេ។ ខ្ញុំចង់អស់សង្ឃឹមតែឪពុកខ្ញុំថាកុំទាន់អស់សង្ឃឹម។
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៨៧ សម្តេចឪ លោកយាងពីប៉េកាំងទៅប្រទេសបារាំង។ ឪពុកលោកស្រី បានឲ្យលោកស្រីទៅស្កាត់ជួបសម្ដេចឪនៅព្រលានយន្តហោះ ក្រុងប៉ារីសហើយទូលទ្រង់ពីបំណង ចរចារកសន្ដិភាពជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។ ព្រះករុណាទ្រង់អនុញ្ញាតឲ្យលោកស្រី និងស្វាមីជួបពិភាក្សាអំពីស្រុកខ្មែរនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៨៧ នៅហ្វ៊ែអង់តាដឺន័រដែលមានអូតែលមួយល្អណាស់គេចាត់ទុកជាផ្ទះរបស់រាជវង្សានុវង្ស។ ហ្វ៊ែអង់តាដឺន័រមានចម្ងាយ ១២០ គីឡូម៉ែត្រពីក្រុងប៉ារីស។
«ខ្ញុំគាល់ទ្រង់នៅថ្ងៃទី ២៤ ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ រសៀលទ្រង់សួរអី ខ្ញុំឆ្លើយបាន។ ទីបំផុតសម្ដេចឪទ្រង់អនុញ្ញាតឲ្យសរសេរសំបុត្រទៅលោក ហ៊ុន សែន ដើម្បីធ្វើជំនួបពិភាក្សារកដំណោះស្រាយស្រុកទេស»។
លោកស្រីមានក្ដីរីករាយយ៉ាងខ្លាំងចំពោះផែនការជួបគ្នារវាងសម្ដេចឪ និងសម្ដេច ហ៊ុន សែន។ លោកស្រីបានព្រាងលិខិតគ្រប់បែបយ៉ាងធ្វើការទាក់ទងមកកម្ពុជាតាមរយៈឯកឧត្តម ចម ប្រសិទ្ធ ដោយត្រូវទូរស័ព្ទឆ្លងកាត់ទីក្រុងម៉ូស្គូ សហភាពសូវៀត។ កាលនោះ «សម្តេចឪសរសេរអីៗមក សុទ្ធតែជាភាសាបារាំង ខ្ញុំមើលជាបារាំង ឯកឧត្តម ចម ប្រសិទ្ធ កត់ជាខ្មែរទៅហើយខាងភ្នំពេញផ្ញើសំបុត្រមក ខ្ញុំវាយតេឡេក្រាមទៅសម្តេចម៉ែ។ ទីបំផុតអ្នកនយោបាយកំពូលទាំងពីររូបបានជួបគ្នាដំបូងនៅថ្ងៃ ២ ខែធ្នូឆ្នាំ ១៩៨៧ ជាប្រវត្តិសាស្ដ្រ។ យ៉ាងហោចមានអ្នកកាសែត និងទូរទស្សន៍ជាង ១០០ នាក់បានចូលរួមយកព័ត៌មាន និងផ្សាយប្រាប់ទៅកាន់ពិភពលោក។
ក្រោយមកអ្នកនយោបាយកំពូលទាំងពីរភាគីបានជួបគ្នាពីរដងទៀតខែមករា ១៩៨៨ និងខែវិច្ឆិកា ១៩៨៨ ។ ក្រោយមកទៀតមានកិច្ចប្រជុំផ្លូវការនៅឥណ្ឌូនេស៊ី និងបាងកកប្រទេសថៃជាហូរហែ។ «កាលខ្ញុំរៀបចំមានតែសម្តេចឪ និងខាងរដ្ឋាភិបាលភ្នំពេញអត់មានខ្មែរក្រហម។ ខ្ញុំអត់ចង់ដឹងពីខ្មែរក្រហមសោះ។
ដល់ប្រជុំនោះគេឲ្យហៅទាំងអស់។ ខ្ញុំមិនហ៊ានអញ្ជើញសម្តេច សឺន សាន ខ្លាចលោកខ្មែរក្រហមទារមកដែរ»។
លោកស្រីពន្យល់បន្ថែមថា យុទ្ធសាស្រ្តទំនាក់ទំនងត្រូវតែធ្វើដោយប្រុងប្រយ័ត្ន។
«ឧបសគ្គគឺយើងមិនដឹងថា មានប្រទេសណាចង់ឲ្យយើងមានសន្តិភាពពិតប្រាកដទេ។ មានតែ៤នាក់គត់ទេដែលដឹងគឺលោកឪពុកអ្នកម្តាយជាទីប្រឹក្សា និងគ្រួសារ(ស្វាមី)ខ្ញុំ។ ប្រុងប្រយ័ត្នមែនទែន។ ហើយពិបាកទី២គឺដោយសារបារាំងមិនទាន់ទទួលស្គាល់ផ្លូវការកម្ពុជាពេលហ្នឹងទេ មិនមានប្រទេសសេរីណាទទួលស្គាល់»។
ក្រោយមកលោកស្រីជ្រាបថាខាងប្រទេសអូស្ត្រាលីដែលជាអ្នកព្រាងកិច្ចព្រមព្រៀងក្រុងប៉ារីសគឺលោក វីលសុន ទទួលបន្ទុកខាងឯកសារខ្មែរមានការទាក់ទងជាមួយលោកស្រីជាប់ជានិច្ច។ «កិច្ចព្រមព្រៀងក្រុងប៉ារីសខ្ញុំឃើញមានខ្មែរក្រហមនៅក្នុងហ្នឹងខ្ញុំធ្លាក់ថ្លើមក្ឌុក។ ប៉ុន្ដែគេពន្យល់ប្រាប់ខ្ញុំថាបើបោះបង់ខ្មែរក្រហមសង្គ្រាមនៅតែមាន។ «ខ្ញុំអស់សង្ឃឹមមែនទែនមិនដឹងថាខ្មែរក្រហមចោលគំនិតខូចឬក៏អត់ ទើបបានជាមានគំនិតបង្កើតអង្គការលីកាដូនៅប៉ារីសឆ្នាំ ១៩៩១ យកច្បាប់បារាំងក្នុងបំណងតែមួយគត់គឺតាមដានសកម្មភាពខ្មែរក្រហមនៅប៉ារីស។ លោកស្រីបានបង្កើតលីកាដូខ្មែរនៅឆ្នាំ ១៩៩២។
សូមរំលឹកថាកាលពីឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណនិងកោតសរសើរលោកស្រី ពុង ឈីវកេក ថាជាឥស្សរជនម្នាក់ដែលបានជួយភាគីជម្លោះកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងជាមួយ គ្នាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលជាង២ទសវត្សរ៍ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១។
បន្ទាប់ពីការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេកផ្តួចផ្តើមបង្កើតអង្គការលីកាដូ ក្នុងគោលបំណងតាមដានការងាររបស់ខ្មែរក្រហម។ អង្គការលីកាដូត្រូវបានបង្កើតដំបូងនៅទីក្រុងប៉ារីស។ អង្គការនេះបង្កើតឡើងជាលក្ខណៈគ្រួសារ។ ក្រោយមកទើបចាប់ប្រតិបត្តិការនៅភ្នំពេញនៅឆ្នាំ១៩៩២។ មិនយូរប៉ុន្មានលីកាដូបានក្លាយទៅជាអង្គការក្រៅរដ្ឋាភិបាលមួយដ៏លេចធ្លោក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា ការការពារសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលការបោះឆ្នោត។ ដោយនៅស្តាយជំនាញជាពេទ្យ លោកស្រីពុង ឈីវកេកក៏បង្កើតកម្មវិធីពិសេសមួយក្នុងអង្គការលីកាដូ គឺការផ្តល់ជំនួយផ្នែកមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្តដល់អ្នកជាប់ពន្ធនាគារ។
«ខ្ញុំនៅតែនឹកស្រណោះរឿងពេទ្យ ចង់ធ្វើពេទ្យ តែមិនអាចធ្វើទាំងពីរ តែដោយសារយើងចង់បានសន្តិភាពពុះពារ។ អញ្ចឹងថ្វីដ្បិតមិនបានធ្វើពេទ្យខ្លួនឯង ក៏បង្កើតកម្មវិធីពេទ្យមួយក្នុងអង្គការលីកាដូ»។
ឯកអគ្គរដ្ឋទូតបារាំង លោក Jean-Claude Poimboeuf ទទួលស្គាល់ជោគជ័យរបស់អង្គការលីកាដូ។ លោកថា ជាង២០ឆ្នាំមកនេះលីកាដូបានរួមចំណែកពង្រឹងនីតិរដ្ឋ និងជួយជនងាយរងគ្រោះនៅកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេកធ្លាប់ទទួលការតែងតាំងជាបេក្ខនារីទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងចំណោមបេក្ខជន១០០០នាក់ ក្នុងឆ្នាំ២០០៥។ មិនត្រឹមតែប៉ុណ្ណោះកាលពីឆ្នាំ២០១៦ លោកស្រីទទួលបានគ្រឿងឥស្សរិយយស La Légion d’Honneur ថ្នាក់អស្សឫទ្ធិពីរដ្ឋាភិបាលបារាំង៕