ភាគីចិនអះអាងពីការខិតខំជួយ​កម្ពុជា​កាត់បន្ថយភាពក្រីក្រ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អនិងជាបងប្អូនល្អ

0
405

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​ កាលពីថ្ងៃទី៥ ឧសភា ២០២១ បានលើកឡើងថា ចិនតែងតែប្រឹងប្រែងជួយដល់កម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ជាពិសេស គម្រោងភូមិគំរូមិត្តភាពកម្ពុជានិងចិន នៅឆ្នាំ២០២១នេះ។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍បែបនេះ តាមរយៈសំណេរអត្ថបទរបស់ឯកឧត្តម សម្រាប់សៀវភៅសក្រោមជំណងជើងថា ការអនុវត្តរបស់ចិនសម្រាប់មនុស្សជាតិ​ក្នុងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម វ៉ាង វិនធៀន បានបញ្ជាក់ថា កាលពីថ្ងៃទី៦ មេសា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា ការអនុវត្តរបស់ចិនសម្រាប់មនុស្សជាតិក្នុងការកាត់បន្ថយភាពក្រីក្រ។ អត្ថបទទាំងស្រុងមានចំនួន៣ម៉ឺនអក្សរ បានលើកឡើងវិញនូវប្រវត្ថិសាស្ត្រដ៏មហិមារបស់គណបក្សកម្មុយនីស្តចិន ក្នុងការបង្រួបបង្រួមដឹកនាំប្រជាជនប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ជាពិសេសនោះ គឺការយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ចាប់តាំងពីសមាជមជ្ឈឹមបក្សកុម្មុយនីស្តចិនលើកទី១៨ និងបានណែនាំអំពីការរុករកនិងការអនុវត្តរបស់ចិន ក្នុងការកាត់បន្ថយភាពក្រីក្រ សម្រាប់មនុស្សជាតិ និងបានចែករំលែកបទពិសោធន៍និងមធ្យោបាយនៃការអនុវត្ត ក្នុងការងារកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសចិន។

នៅក្នុងចំណុចមួយ តាមរយៈសំណេរនេះ ឯកឧត្តម វ៉ាង វិនធៀន បានលើកឡើងដែរថា ចិននិងកម្ពុជាមានភារកិច្ចសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងជាបងប្អូនល្អ ចិនតែងជួយប្រជាជនកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ខិតខំធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាដែលជាបងប្អួនរបស់ចិន មានជីវភាពរស់នៅកាន់តែល្អប្រសើរ។ ជាក់ស្តែង កាលពីដើមខែមករា ២០២១ គម្រោងភូមិគំរូមិត្តភាពចិននិងកម្ពុជា សម្រាប់ការកាត់បន្ថយភាពក្រីក្រ ត្រូវចាប់ផ្តើមដំណើរការជាផ្លូវការ ក្នុងស្រុកបាទី ខេត្តតាកែវ ដែលគម្រោងខាងលើនេះជាការផ្តួចផ្តើមរួមគ្នា ដោយមូលនិធិដើម្បីសន្តិភាពការអភិវឌ្ឍ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជាបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រ រវាងប្រទេសទាំងពីរ។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជឿជាក់ថា ស្ថិតក្រោមការខិតខំរួមគ្នារបស់ភាគីទាំងពីរ គម្រោងនេះនឹងដឹកនាំប្រជាជនក្នុងមូលដ្ឋានឆ្ពោះទៅរកមាគ៌ានៃការកាត់បន្ថយភាពក្រីក្រ និងមានភាពធូរធារ ហើយនឹងក្លាយជាចំណុចគំរូ និងចំណុចចាប់ផ្តើមថ្មី សម្រាប់ការងារកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា។

ទាក់ទងកិច្ចការងារកាត់បន្ថយភាពក្រីក្រនេះដែរ ឯកឧត្តម វ៉ាង វិនធៀន បានបន្ថែមទៀតថា ពេលបច្ចុប្បន្ននេះ ប្រជាជននៅបណ្តាប្រទេសលើពិភពលោកកំពុងខិតខំប្រឹងប្រែងដើម្បីកសសាងពិភពលោកមួយដែលប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខទាំងស្រុង រុងរឿងវិបុលភាពរួមគ្នា បើកចំហរអត់ឳនគ្នា និងប្រកបដោយភាពស្រស់ស្អាត។ ចិនរីករាយបន្តចែករំលែកបទពិសោធន៍កាត់បន្ថយភាពក្រីក្រជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកម្ពុជា ពង្រឹងការប្រាស្រ័យគ្នាលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ លើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍គ្នាទៅវិញទៅមក និងប្រកបដោយភាពជាក់ស្តែង។

ឯកឧត្តម វ៉ាង វិនធៀន សសង្កត់ធ្ងន់ថា ពួកយើងពួតដៃគ្នាឆ្ពោះទៅមុខដោយអង់អាចដើម្បីកិច្ចការកាត់បន្ថយភាពក្រីក្រ លើសកលលោក រួមគ្នាកសាងភាពត្រចះត្រចង់នាពេលអនាគត សម្រាប់ការអភិវឌ្ឍន៍ និងប្រកបដោយវិបុលភាពដល់មនុស្សជាតិគ្រប់រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here