ក្រោយ​​បរាជ័យនៅ​អាហ្វហ្កានីស្ថាន អូតង់​ចង់​ប្រមូល​​កម្លាំងមកផ្តុំ​ការពារ​ប្រទេស​សមាជិក​សម្ព័ន្ធ​អាត្លង់ទិក​វិញ

0
33

 

អង្គការសម្ព័ន្ធអាត្លង់ទិកខាងជើង ហៅកាត់​ថា អូតង់ បាន​បើក​ការប្រជុំរយៈពេល ​២ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ទី​២១ ខែតុលា ដើម្បីពិភាក្សាគ្នាពី​ការ​ប្រមូលរៀបចំកម្លាំង មក​ផ្តុំការពារ​ប្រទេសសមាជិក​នៃសម្ព័ន្ធនេះវិញ។ ជាការបង្វែរទិសដៅយុទ្ធសាស្ត្រ ខណៈដែល​អូតង់សង្កេតឃើញកាន់តែច្បាស់ អំពីគ្រោះថ្នាក់​ប្រឈម ក្រោមការគំរាមកំហែងរបស់រុស្ស៊ី និងចិន។ ការពិចារណា​ប្តូរយុទ្ធសាស្ត្រនេះ ក៏បណ្តាល​មកពីបរាជ័យ​របស់បេសកកម្មអូតង់ នៅអាហ្វហ្កានីស្ថានផងដែរ ទាំងដែលការពិត អាហ្វហ្កានីស្ថានគ្មានអ្វីពាក់ព័ន្ធជាមួយ​នឹងអូតង់សោះ។ លោក Jens Stoltenberg អគ្គលេខាធិការអូតង់ បានមានប្រសាសន៍នៅចំពោះមុខអ្នកកាសែត​ មុននឹងបើកការប្រជុំនៅទីស្នាក់ការក្នុង​ក្រុងព្រុចស៊ែលថា កំណែទម្រង់យុទ្ធសាស្រ្តកំពុងត្រូវបាន​ចាប់ផ្តើមធ្វើហើយ។ យើងនឹងកាត់បន្ថយឲ្យ​បានច្រើនបំផុត នូវការ​បញ្ជូនកម្លាំងទៅធ្វើបេសកកម្ម ដែលស្ថិតនៅក្រៅតំបន់ភូមិសាស្ត្រ នៃសម្ព័ន្ធអាត្លង់ទិកខាងជើង។ លោក​បានបន្ថែមថា កម្មវត្ថុថ្មី គឺធ្វើយ៉ាងណារៀបកម្លាំងឲ្យល្អ ឲ្យចំគោលដៅ និងចំកាលៈទេសៈ។ កិច្ចប្រជុំរបស់អូតង់នឹងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកទាំងអស់ ដោយ​លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏នឹងមានវត្តមានដែរ។ នៅថ្ងៃសុក្រនេះ ការជជែកគ្នានឹងផ្តោតសំខាន់ទៅលើតួនាទីរបស់សហភាពអឺរ៉ុប និងការចង់បានរបស់ប្រទេសខ្លះ ដូចជា បារាំងជាដើម ទាក់ទិននឹងការបង្កើតកម្លាំងពិសេសរបស់អឺរ៉ុប ដើម្បីធ្វើបេសកកម្មជំនួសអូតង់​ នៅពេលណាដែលអូតង់មិនអាច ឬ មិនចង់ធ្វើ។ លោកអគ្គលេខាធិការអូតង់ បានបញ្ជាក់ថា ចិន និងរុស្ស៊ីកំពុងពង្រឹង និងវិវឌ្ឍន៍សព្វាវុធទំនើបសំបើមណាស់ ជាក់ស្តែង មីស៊ីលល្បឿនលឿនជាងសំឡេង អាវុធអវកាស ព្រមទាំងសមត្ថភាព​វាយ​ប្រហារដោយ​ប្រើប្រព័ន្ធបច្ចេកវិទ្យាជាដើម។ កត្តាទាំងអស់នេះ គឺបានជំរុញឲ្យ​អូតង់ត្រូវតែពិចារណារៀបផែនការជាថ្មី ដើម្បីការពារទប់ទល់។ កិច្ចប្រជុំអូតង់នៅពេលនេះ គឺជាឱកាសឲ្យ​សមាជិក​និយាយលើកឡើងបូកសរុបពីបទពិសោធន៍​ល្អ និង​អាក្រក់ បន្ទាប់ពី​ការដកទ័ព​យ៉ាងតក់ក្រហល់របស់អូតង់ និងអាមេរិក ចេញពីអាហ្វហ្កានីស្ថាន។ ជាការដកទ័ពដែលមតិខ្លះ លើកឡើងថា ជាបរាជ័យ​ដ៏ធំរបស់អូតង់ ទាំងដែលតាំងពីដំបូង អូតង់​មិនគួរទៅចូលរួម​ក្នុងសង្គ្រាម​នៅអាហ្វហ្កានីស្ថានសោះ ព្រោះវាមិនមែនជាដែនភូមិសាស្ត្ររបស់អូតង់។​ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានអះអាងថា ភាគីអាមេរិកត្រៀមខ្លួននិយាយក្នុងអង្គប្រជុំនេះ អំពីបទពិសោធន៍ដែលបានទាញចេញពីបញ្ហាចលាចល អាណាធិបតេយ្យ ដែលបាន​កើតឡើងក្នុងអំឡុងពេលដកទ័ព​ចេញពីអាហ្វហ្កានីស្ថាន។ ដោយឡែក មន្ត្រីទូតអឺរ៉ុបម្នាក់ បានលើកឡើងថា អូតង់បរាជ័យ និង​គ្មានការទទួលខុសត្រូវ ព្រោះប្រតិបត្តិការដកទ័ពជម្លៀសមនុស្សចេញ​ពីកាប៊ុលបានធ្វើឡើង ដោយ​គ្មានពិគ្រោះយោបល់ ឬ ជូនដំណឹងដល់​​សមាជិកផ្សេងទៀតសូម្បីតែមួយម៉ាត់។ ជាងនេះទៀត ក្នុងពេល​ដែល​អូតង់កំពុងដកទ័ព ទាំងលោកអគ្គលេខាធិការ និងអគ្គលេខាធិការរង សុទ្ធតែកំពុងតែសំរាក​វិស្សមកាលលំហែរកាយ៕ (AP ថ្ងៃទី២១ ខែតុលា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here