សត្វព្រៃចំនួន១០ប្រភេទ ត្រូវបានថតឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល១ខែប៉ុណ្ណោះ

0
282

ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា សត្វព្រៃសំខាន់ៗចំនួន១០ប្រភេទ ត្រូវបានថតឃើញដោយម៉ាស៊ីនថត ស្វ័យប្រវត្តិ ដែលក្រុមអភិរក្សបានដាក់បង្កប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ចន្លោះពីខែមីនា ដល់ចុងខែមេសាកន្លង ទៅនេះ។

អង្គការ WCS ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រភេទសត្វព្រៃសំខាន់ៗទាំងនោះរួមមាន៖ ប្រើស ខ្ទីង ស្វាត្រោស ឈ្លូស ជ្រូកព្រៃ កាំប្រមា ក្ងោក ស្វាអង្គត់ ស្តេចកូលីត និងស្កាធំ។ រូបសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារទាញយកពីម៉ាស៊ីនថតសត្វព្រៃស្វ័យប្រវត្តិ ដែលដាក់បង្កប់ចំនួន១០គ្រឿង កាលពីខែមីនាកន្លង ទៅ ដើម្បីតាមដានវត្តមាននៃប្រភេទសត្វព្រៃដែលមានដោយកម្រ និងជិតផុតពូជបំផុតក្នុងដែនជម្រកសត្វព្រៃកែវសីមា។

សូមបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS សហការជាមួយសហគមន៍មូលដ្ឋានបានចុះ បំពេញការងារទីវាលនៅតាមតំបន់សំខាន់ៗមួយចំនួនស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្វែងរកមើលអន្ទាក់ដែលពួកព្រានបានដាក់ ខុសច្បាប់ ដើម្បីចាប់សត្វព្រៃ និងស្រាវជ្រាវបន្ថែមអំពីវត្តមាននៃប្រភេទសត្វព្រៃដែលមានដោយកម្រនិងជិតផុតពូជ។

ក្រុមការងារ បានចំណាយពេលចំនួនមួយសប្តាហ៍ ក្នុងការដើររុករកតាមតំបន់គោលដៅសំខាន់ៗ និងដោះបានអន្ទាក់ចំនួន៣១អន្ទាក់ ដែលអន្ទាក់ទាំងនេះ គឺជាកត្តាគំរាមកំហែងដ៏ធំមួយ រួមចំណែកក្នុងការសម្លាប់សត្វព្រៃគ្រប់ប្រភេទនៅប្រទេសកម្ពុជា ក្នុងរយៈពេល កន្លងមក៕

ប្រភព : ក្រសួងព័ត៍មាន

LEAVE A REPLY

Please enter your comment!
Please enter your name here