កូរ៉េខាង​ត្បូង​បរាជ័យ​ក្នុងការបាញ់​សាកល្បង​រ៉ុកកែត​អវកាស ទៅ​កាន់​គន្លង​តារាវិថី

0
32

កូរ៉េខាង​ត្បូង​បានបាញ់​សាកល្បង​រ៉ុកកែតបង្ហោះផ្កាយ​រណប Nuri ជា​ឈ្មោះ​រ៉ុកកែត “Korean Satellite Launch Vehicle II ​ ដែល​ផលិត​ក្នុង​ស្រុក​សុទ្ធសាធ កាលពីថ្ងៃព្រហស្បតិ៍ ​ទី២១ ខែតុលា វេលា​ម៉ោង​១០​ ត្រូវ​នឹង​ម៉ោង ​៣រសៀល​នៅ​ប្រទេសកម្ពុជា។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​អស់​ជាង​ ១០​ឆ្នាំ  និង​ថវិកា​អស់ ​១,៤៦​លានអឺរ៉ូ ​កាំជ្រួច​​បី​ជាន់ទម្ងន់ ​២០០តោន កម្ពស់ ​៤៧,២ម៉ែត្រ មាន​ម៉ាស៊ីន ៦ ​ដើរ​ដោយ​ចំហេះ​រាវ​ បានបាញ់បង្ហោះទៅ​​ក្នុង​អវកាស ទំនង​ជា​ហោះ​ចេញ​ទៅ​ប្រកប​ដោយ​ជោគជ័យ ប៉ុន្តែក្តី​សង្ឃឹមរបស់​កូរ៉េខាង​ត្បូង​ចង់​ក្លាយ​ជា​ប្រទេស​មហាអំណាច​អវកាស​ត្រូវ​រលាយ​​សូន្យ​ទៅ​វិញ តែប៉ុន្មាន​​ម៉ោង​ក្រោយ​ការ​បាញ់​បង្ហោះ​សាកល្បង ដែលបាន​ហោះចេញ​ផុត​ពី​ដី​មែន ប៉ុន្តែ​មិន​អាច​ទៅ​ដល់​គន្លងតារាវិថី​ដូច​ការចង់​បានទេ។ រ៉ុកកែត​បី​ជាន់ មាន​ដំណើរការ​ល្អ ហោះ​ឡើង​ដល់​កម្ពស់ ​៧០០​គីឡូម៉ែត្រ​ ហើយ​ផ្កាយ​រណប​សិប្បនិម្មិតទម្ងន់​មួយ​តោនកន្លះ​ ក៏​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​កាំជ្រួច​ប្រកប​​ដោយ​ជោគជ័យ ប៉ុន្តែ​មិន​អាច​ទៅ​ភ្ជាប់​ខ្លួន​ក្នុង​គន្លង​តារាវិថីបាន​ដូច​ការ​ចង់​បានទេ ​គឺ​ការ​បង្ហោះ​រ៉ុកកែត​អវកាស ​មិន​អាច​បំពេញ​បេសកកម្មបាន​ចប់​សព្វគ្រប់។ នេះ​បើ​តាម​សេចក្តីប្រកាសរបស់​លោក​ មូន ចែអ៊ីន ប្រធានាធិបតី​​កូរ៉េខាង​ត្បូង។ មូលហេតុ​ គឺបណ្តាលមកពី​ម៉ាស៊ីន​របស់​កាំជ្រួច​ជាន់​ទីបី បាន​រលត់​នៅ​ ៤៦វិនាទី​ មុន​កំណត់។ នេះបើ​តាមការ​លម្អិត​របស់​​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​កូរ៉េខាង​ត្បូង លោក Lim Hye-sook។ ប៉ុន្តែសម្រាប់​លោកប្រធានាធិបតី ​ទោះ​បី​ជាបេសកកម្ម​​មិន​អាច​សម្រេច​កម្មវត្ថុ​ក៏​ដោយ ក៏​កូរ៉េខាង​ត្បូង​មាន​មោទនភាពនឹងការ​សាកល្បងជា​លើក​ទី​មួយ បង្ហោះ​​​រ៉ុកកែត​ផលិតក្នុង​ស្រុក​ទាំងស្រុងនេះ​ដែរ។ កូរ៉េខាងត្បូង​នឹង​ធ្វើ​ការ​សាកល្បង​ជា​ថ្មី នៅ​ខែ​ឧសភាខាង​មុខ​ ព្រោះ​ប្រទេស​ណា​មាន​បច្ចេកវិទ្យាអវកាស​នាំមុខ​គេ នឹងនាំ​មុខ​គេនៅ​ពេល​អនាគត​ ហើយ​កូរ៉េខាង​ត្បូងអាច​ធ្វើ​បាន ដោយ​​មិន​ទាន់​ហួស​ពេល​ទេ។ នៅ​ពេលបាញ់​បង្ហោះ​​ សភា​កូរ៉េខាងត្បូងបាន​ផ្អាក​សកម្មភាព​ប្រជុំ​របស់​ខ្លួន ចំណែក​លោក​ប្រធានាធិបតី​ មូន ចែអ៊ីន បាន​អញ្ជើញ​ទៅ​​ចូល​រួម​តាមដាន ​ការបាញ់​សាកល្បងរ៉ុកកែត​អវកាសដោយ​ផ្ទាល់​ផង។ ប្រទេសដែលមានសេដ្ឋកិច្ច​លូតលាស់​ខ្លាំង​លំដាប់​ទី​១២ ​លើពិភពលោក ​មាន​បច្ចេកវិទ្យា​ជឿន​លឿន​ជាងគេ​បំផុត​មួយ ខាង​ផ្នែក​ទូរស័ព្ទ​ចល័ត ​កូរ៉េខាង​ត្បូងយឺតយ៉ាវ​ខ្លាំង​ក្នុង​វិស័យ​អវកាស។ កាលពី​ឆ្នាំ​២០០៩-២០១០ សេអ៊ូល​បាន​សាកល្បង​​បង្ហោះ​កាំជ្រួចទៅ​អវកាស​ដោយ​ប្រើ​បច្ចេកវិទ្យារុស្ស៊ី​ ពីរ​លើក​ តែ​ត្រូវ​​បរាជ័យទាំង ពីរដង។ កាំជ្រួច​ទីពីរ​បាន​ផ្ទុះ​ឆេះ​នៅ​ពេល​ហោះ​ចេញ​បាន​តែ​ពីរ​នាទី។ តែ​​កូរ៉េខាង​ត្បូងបង្ហោះ​រ៉ុកកែត(​ប្រើ​បច្ចេកវិទ្យា​រុស្ស៊ី​) ​បាន​សម្រេច នៅ​ឆ្នាំ​២០១៣​។ ហើយ​កាលពី​ខែ​មីនា​ ឆ្នាំ២០២១ លោក​ ម៉ូន ចែអ៊ីន បាន​កំណត់​កម្មវត្ថុ​អវកាស​បង្ហោះ​យាន​អវកាស​ទៅក្នុង​តារាវិថី​នៅ​ឆ្នាំក្រោយ និងប្រែក្លាយ​ក្តី​ស្រមៃ​បង្ហោះ​យានទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០៣០៕ (AP ថ្ងៃទី២១ ខែតុលា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here