ប្រវត្តិនៃវចនានុក្រមខ្មែរ​ .. ……….

0
30

ប្រវត្តិនៃវចនានុក្រមខ្មែរ​ ..
……….
វចនានុក្រមខ្មែរ​ គឺជាឈ្មោះសៀវភៅគោលអក្សរសាស្រ្តខ្មែរដ៏ធំមួយដែលបានកេីតមុនគេបង្អស់ក្នុងប្រទេសកម្ពុជា។ សៀវភៅនេះមាន១៨៥៨ទំព័រ​ ដែលប្រជុំទៅដោយមេពាក្យ​ វេយ្យាករណ៍​ និង​ គោលក្បួនខ្នាតទាំងឡាយ​ សម្រាប់ពង្រីកភាសា​ និងអក្សរសាស្រ្ត។
​ វចនានុក្រមខ្មែរនេះ​ បានរៀបចំជាបណ្តេីរៗ​ តាំងពីឆ្នាំ១៩១៥​ ក្នុងរជ្ជកាលព្រះបាទសុីសុវត្ថិ​ ដោយអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរជំនាន់នោះ​ មានសម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ លោកឱកញ្ញ៉ាសុត្តន្តប្រីជាឥន្ត​ ព្រះតេជព្រះគុណ​ សួស​ នៅវត្តប្រយូវង្សជាដេីម។ ក្រៅពីនេះក៏មានការយកចិត្តទុកដាក់ពីព្រះករុណាព្រះបាទសុីសុវត្ថិនិងជនជាតិបារាំងម្នាក់ឈ្មោះលោកស្សកសឺដេស។
​ ក្នុងចំណោមបុព្វការីជន​ ដែលបានបង្កេីតស្នាដៃ​ ជាកេរមត៌កដ៏ធំឥតមានពីនេះ​ មានតែសម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ មួយអង្គឯងគត់ដែលបានស្រាវជ្រាវនិពន្ធ​ និង​ ធ្វេីការងារនេះជាប់លាប់​ ហូរហែតាំងដេីមដំបូង​ រហូតបានស្រេចបោះពុម្ពជាចុងក្រោយ​ នៅឆ្នាំ១៩៦៧-១៩៦៨​ មុនពេលសម្តេចព្រះសង្ឃរាជ​ ជួន​ ណាត ចូលទិវង្គតមួយឆ្នាំ។
សព្វថ្ងៃនេះ​ ភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្តៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួន​ ។ មានមតិច្រេីនត្រូវបានលេីកឡេីង​ ប៉ុន្តែ​ ផ្លូវ​ដែលត្រូវដេីររួមគ្នាមួយនោះ​ មិនទាន់ត្រូវបានគេរកឃេីញជាក់ច្បាស់នៅឡេីយ។ ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ន​ ដែលផ្តល់នូវភាពមិនច្បាស់លាស់សម្រាប់ប្រេីប្រាស់ភាសាខ្មែរ​ គណៈកម្មាធិការ​ជាតិភាសាខ្មែរ​ សម្រេចឱ្យប្រេីប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ​ សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ។
​ វចនានុក្រមសម្តេចព្រះសង្ឃរាជ​ ជួន​ណាត​ ជាគន្លឹះសំខាន់​ សម្រាប់កូនខ្មែរជំនាន់ក្រោយធ្វេីការសិក្សាស្រាវជ្រាវ​ និង​ ពង្រីកពាក្យខ្មែរឱ្យសម្បូរបែបថែមទៀត។
​ និយាយពីទំព័រ​ នៅក្នុងវចនានុក្រមខ្មែរ​ មានចំនួន​ ១៨៥៨ទំព័រ​។
​ ក្នុងវចនានុក្រមខ្មែរនោះផងដែរមានពាក្យចំនួន​ ១៨០០៨ពាក្យ ក្នុង នោះ
​ ពាក្យខ្មែរសុទ្ធមានចំនួន​ ១២២៨៨;
​ ភាសាបាលី-ភាសាសំស្ក្រឹត​មានចំនួន​ ៣៣០៧​ ពាក្យ;
​ ភាសាបាលីមានចំនួន​ ១២៣៥​ ពាក្យ;
​ ភាសាសំស្ក្រឹត​មានចំនួន​ ៥៤១​ ពាក្យ;
​ ភាសាសៀមមានចំនួន​ ៣៨៨​ ពាក្យ;
​ ភាសាបារាំងមានចំនួន​ ៨២​ ពាក្យ;
​ ភាសាចិនមានចំនួន​ ៨១​ ពាក្យ;
​ ភាសាវៀតណាម​មានចំនួន​ ៤២​ ពាក្យ;
​ ភាសាលាវមានចំនួន​ ៣៥​ ពាក្យ​ ;
​ ភាសាឥណ្ឌាមានចំនួន​ ៤​ ពាក្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here