សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក សម្រាប់តែពលរដ្ឋសង្ស័យកើតកូវីដ១៩ប៉ុណ្ណោះ

0
32

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អភិបាលរាជធានី ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋចូលទៅខេត្តខ្លួននោះ សម្រាប់តែអ្នកមានហានិភ័យ ឬសង្ស័យមានជំងឺកូវីដ១៩ប៉ុណ្ណោះ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តមួយចំនួន បានសម្រេចអនុវត្តន៍វិធានការតម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅពេលចូលទៅកាន់ខេត្តរបស់ខ្លួន។

ក្នុងសារសំឡេងពិសេស និងបន្ទាន់មួយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចអនុវត្តវិធានការបែបនេះ មិនខុសពីការបិទប្រទេសនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ «យើងត្រូវបន្តគ្រប់គ្រង និងធ្វើចត្តាឡីស័កចំពោះតែអ្នកដែលសង្ស័យមានហានិភ័យអាចមានជំងឺកូវីដ១៩ ទៅយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សដែលឆ្លងខេត្តនោះទេ។ បើធ្វើដូច្នេះប្រជាពលរដ្ឋហាក់ដូចជានៅក្នុងទ្រុងដដែល។ អ៊ីចឹងសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណា ដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមានការចរាចរណ៍»។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលខេត្ត ដែលបានដាក់ចេញសេចក្តីសម្រេចបែបនេះ ត្រូវប្រញាប់កែសម្រួលឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចមិនបានឱ្យទម្លាក់ចោលវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩នោះទេ គ្រាន់តែត្រូវអនុវត្តវិធានការទន់ភ្លន់មួយចំនួនដូចរាជធានីភ្នំពេញ ដោយកំណត់តំបន់ត្រូវបិទខ្ទប់ក្នុងករណីតំបន់នោះមានការរីករាលដាលខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here