សម្តេចតេជោ ហ៊ុន សែន៖ គួរស្វែងយល់ឱ្យច្បាស់ ចំពោះរូបថតរំលឹកប្រវត្តិសាស្ត្រកាលពី៣០ឆ្នាំមុន ហើយត្រូវបានរំលេចលើក្រដាសប្រាក់ថ្មី

0
17

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញរូបថតមួយសន្លឹក ដែលជាព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់ប្រថាប់លើរថយន្ត ជាមួយសម្តេច ក្នុងពេលយាងត្រឡប់ចូលមកប្រទេសកម្ពុជាជាថ្មី កាលពី៣០ឆ្នាំ។

រូបថតមួយសន្លឹកនេះត្រូវបានធនាគារជាតិកម្ពុជា រំលេចនៅលើក្រដាសប្រាក់ ៣០,០០០រៀល ទើបបោះពុម្ពថ្មី ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការយាងត្រឡប់ចូលប្រទេសវិញ របស់ព្រះបរមរតនកោដ្ឋ។ រូបភាពមួយសន្លឹករំលេចលើក្រដាសប្រាក់ថ្មីនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីប្រជាជាតិខ្មែរ ព្រោះជាការបង្ហាញឱ្យឃើញនូវតថភាពពិតនៃប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា។ ក៏ប៉ុន្តែមានក្រុមប្រឆាំងមួយចំនួនតូចប៉ុណ្ណោះបានសម្តែងប្រតិកម្ម និងបង្ហាញនូវទស្សនៈអវិជ្ជមានចំរូបភាពនេះ។

ជាមួយនឹងការបង្ហាញរូបភាពនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាសហស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាកុលបុត្រខ្មែរដែលនាំអំណាចថ្វាយ ព្រះនរោត្តម សីហនុ វិញនោះ បានណែនាំដល់ជនប្រតិកម្មលើរូបភាពនេះ គួរតែស្វែងយល់ឱ្យបានច្បាស់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «នេះជារូបថតប្រវត្តិសាស្រ្តកាលពី៣០ឆ្នាំ មុនដែលមនុស្សខ្លះមិនយល់គួរស្វែងយល់ឱ្យបានច្បាស់»។

សូមបញ្ជាក់ថា បន្ទាប់ពីមានជំនួបចរចាជាច្រើនលើករវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ឈានដល់មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១) ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានយាងសម្តេចព្រះ នរោត្តម សីហនុ ពីទីក្រុងប៉េកាំង ប្រទេសចិន ចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។ នេះជាការយាងត្រឡប់លើកដំបូងរបស់ព្រះអង្គ បន្ទាប់ពីបានយាងចាកចេញពីកម្ពុជានៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ មុនពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះវាយចូលកាន់កាប់រាជធានីភ្នំពេញ។

ការយាងនិវត្តន៍របស់សម្តេច នរោត្តម សីហនុ នាពេលនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលរដ្ឋកម្ពុជា រៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ នៅតាមដងផ្លូវចាប់ពីអាកាសយានដ្ឋានរហូតដល់ព្រះបរមរាជវាំង សិស្ស និស្សិត និងប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី បានឈរតម្រៀបគ្នាជាជួរទាំងសងខាងផ្លូវ។ សមមិត្ត ហ៊ុន សែន និងសម្តេច នរោត្តម សីហនុ បានគង់ និងជិះលើរថយន្តតែមួយឈរទន្ទឹមគ្នាលើកព្រះហស្ថ និងដៃបក់ស្វាគមន៍ដោយក្តីរីករាយទៅកាន់ប្រជាពលរដ្ឋនៅតាមដងផ្លូវដ៏ច្រើនកុះករនោះ។

ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការយាងនិវត្តន៍របស់សម្តេច នរោត្តម សីហនុ មកកាន់មាតុភូមិកម្ពុជាជាថ្មី គឺជាដំណើរវិវឌ្ឍន៍ដ៏ល្អប្រសើរនៅក្នុងឆាកនយោបាយរបស់កម្ពុជា និងជាក្តីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លាននូវពន្លឺសុខសន្តិភាពផងដែរ។ តែក៏មិនទាន់ឈានដល់បិទនូវទំព័រសករាជដ៏ខ្មៅងងឹតនៃជម្លោះនយោបាយកម្ពុជានោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here