ក្រោយបើកការរុករកសាជាថ្មី​ រថយន្ដដែលបាត់តាំងពីឆ្នាំ ២០០២ ដែលបានបើកចូលទន្លេដោយស្ត្រីជាម្ដាយ ព្រមជាមួយកូនពីរនាក់ ត្រូវបានគេរកឃើញហើយ

0
24

អាមេរិក៖ រថយន្ដម៉ាក SUV មួយគ្រឿងត្រូវបានក្រុមអ្នកតាមស្វែងរកធ្វើការទាញចេញពីក្នុងទន្លេអូហៃយ៉ូ ខណៈរថយន្ដនេះជាកម្មសិទ្ធិរបស់ស្ត្រីជាម្ដាយម្នាក់ឈ្មោះថា Stephanie Van Nguyen អាយុ ២៦ ឆ្នាំ ដែលបានបាត់ខ្លួនកាលពីឆ្នាំ២០០២ ព្រមជាមួយនឹងកូនប្រុសអាយុ ៣ ឆ្នាំ និងកូនស្រីអាយុ ៤ ឆ្នាំ។

ចំពោះករណីនេះ ប៉ូលិសបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា មុនពេលបាត់ខ្លួនជាមួយកូនៗ ស្ត្រីជាម្ដាយបានទុកក្រដាសស្នាមមួយសន្លឹក ដោយបានសរសេរថា ខ្លួននឹងបើករថយន្ដចូលទៅក្នុងទន្លេអូហៃយ៉ូ​ ព្រមជាមួយនឹងកូនពីរនាក់។ ក្នុងនោះ បច្ចេកវិទ្យាស្កេនសូណា បាននាំអ្នកមុជទឹកទៅកាន់រថយន្ដមួយគ្រឿងនេះ ដែលមានចម្ងាយជាងប្រមាណ ១៥ ម៉ែត្រពីក្រោមផ្ទៃទឹក និងប្រមាណ ៩១ ម៉ែត្រពីច្រាំងទន្លេ។

យ៉ាងណាមិញ ករណីចាស់នេះដែរត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការសើរើមកស៊ើបអង្កេតម្ដងទៀត ដោយចាប់ផ្ដើមតាំងពី ៦ ខែមុនម៉្លេះ ដែលអំឡុងពេលនៃការស្រាវជ្រាវ បានប្រទះឃើញរថយន្ដលិចទឹកចំនួន ៣ គ្រឿងផ្សេងទៀតផងដែរ។

គួរបញ្ជាក់បន្តិចថា នៅក្នុងរថយន្ដដែលរកឃើញខាងលើនេះមិនត្រូវបានគេប្រទះឃើញសាកសពឡើយ ហើយចំណែកឯរថយន្ដវិញត្រូវបានបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាព ដែលក្រុមមអ្នកស៊ើបអង្កេតនឹងពិនិត្យវាដើម្បីកំណត់ថា តើម្ដាយកូនទាំងបីនាក់ពិតជាបានស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្ដឬយ៉ាងណា។ ជាមួយគ្នានេះ ក្រុមប៉ូលិសក៏សង្ឃឹមថាករណីនេះនឹងអាចបិទដោយជោគជ័យនៅក្នុងពេលឆាប់ៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here