លោក Zalmay Khalilzad ប្រេសិត អាមេរិក ក្នុងកិច្ចការ អាហ្វហ្កានីស្ថាន លាឈប់ ពី តំណែង ក្រោយ បរាជ័យ ដ៏អាម៉ាស

0
62

លោក Zalmay Khalilzad ប្រេសិតតំណាងសហរដ្ឋអាមេរិក ក្នុង ការចរចាសន្តិភាព នៅអាហ្វហ្កានីស្ថាន បានសម្រេចចិត្តលាឈប់ពីមុខងារនេះហើយ។ នេះបើយោងតាម ការបញ្ជាក់ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃចន្ទ ទី ១៨ ខែតុលា។ លោក Zalmay Khalilzad គឺជា អ្នកដឹកនាំ ការចរចា ឈានទៅសម្រេច កិច្ចព្រមព្រៀងសន្តិភាព ជាមួយ ក្រុមតាលីបង់ កាលពីខែកុម្ភៈ ឆ្នាំ ២០២០ តែទីបំផុតក្រុមតាលីបង់បានឈានមកកាន់អំណាចវិញដោយផ្តាច់មុខ រីឯអាមេរិកត្រូវដកទ័ព និងជម្លៀសមនុស្សយ៉ាងតក់ក្រហល់បំផុត កាលពីចុងខែ សីហាកន្លងទៅ។ មុខងារប្រេសិតពិសេសតំណាងរដ្ឋាភិបាលអាមេរិក ក្នុងកិច្ចការអាហ្វហ្កានីស្ថាននឹងត្រូវប្រគល់ទៅឲ្យ លោក Thomas West ដែលធ្លាប់ជាអតីតទីប្រឹក្សា សេតវិមាន កាលពីក្នុងអាណត្តិលោក អូបាម៉ា។ នេះបើតាមការបញ្ជាក់ ក្នុងលិខិតប្រកាសដ៏ខ្លីរបស់ លោក អង់តូនី ប្លីងកិន ប្រមុខការបរទេសអាមេរិក។ នៅក្នុងលិខិតលាឈប់ លោក Zalmay Khalilzad បាន លើកឡើងការពារ អ្វីដែលសម្រេចបាន នៅក្នុង បេសកកម្ម កន្លងមក ក្នុងសំណុំរឿងអាហ្វហ្កានីស្ថាន តែលោកក៏បាន ទទួលស្គាល់ផងដែរអំពីបរាជ័យ។ លោក បានសរសេរថា៖ «កិច្ចព្រមព្រៀងសន្តិភាព ជាមួយ ក្រុមតាលីបង់ មិនបាន ប្រព្រឹត្តិទៅ ដូចអ្វីដែលបានគ្រោងទុកទេ។ វាបណ្តាល មកពីហេតុផលស្មុគស្មាញច្រើនណាស់ ដែលខ្ញុំនឹងជំរាបឲ្យ ដឹង ពីការយល់ឃើញរបស់ខ្ញុំនៅពេលក្រោយ»។ លោក Zalmay Khalilzad ដែលមានដើមកំណើតអាហ្វហ្កានីស្ថាន បច្ចុប្បន្នអាយុ ៧០ឆ្នាំ ត្រូវបាន គេស្គាល់ថា ជា អ្នកការទូតដ៏ឆ្នើមម្នាក់ តាំងពីជំនាន់អាណត្តិលោក George W. Bush។ លោកធ្លាប់ជាអគ្គរដ្ឋទូតអាមេរិកប្រចាំអាហ្វហ្កានីស្ថាន រវាងឆ្នាំ២០០៣-២០០៥។ នៅឆ្នាំ ២០១៨ លោក ដូណាល់ ត្រាំ បានតែងតាំងលោកឲ្យធ្វើជាប្រេសិត ពិសេស ដឹកនាំការចរចាសន្តិភាពជាមួយ ក្រុមតាលីបង់ដោយ ផ្ទាល់តែម្តង។ លោក Zalmay Khalilzad តែងតែបានអះអាងជានិច្ចថា ក្រុមតាលីបង់នឹងគោរពការ សន្យា ហើយព្រមធ្វើសម្បទាន ដើម្បី រៀបចំសន្តិភាព នៅ អាហ្វហ្កានីស្ថាន។ តែការពិតជាក់ស្តែង គឺក្រុម តាលីបង់បានត្រលប់មកកាន់អំណាច វិញដោយផ្តាច់មុខតែម្នាក់ឯង និងដោយ មិនគោរពការសន្យាទាំងឡាយ នៅក្នុងកិច្ចព្រមព្រៀងក្រុងដូហានោះទេ។ គួរកត់សំគាល់ដែរថា សំណុំរឿងអាហ្វហ្កានីស្ថាន ហាក់កំពុងតែធ្លាក់ទៅក្នុងដៃរុស្ស៊ី និង ចិនហើយ។ កាលពីថ្ងៃអង្គារ ទី ១៩ ខែតុលា នៅក្រុងម៉ូស្គូ រុស្ស៊ីនឹងចាប់ផ្តើម បើក ការ ប្រជុំចរចា លើសំណុំរឿងអាហ្វហ្កានីស្ថាន ដោយ មាន ចិន និងប៉ាគីស្ថានចូលរួមដែរ ។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា អាមេរិកនឹងមិនចូលរួម ក្នុងកិច្ចប្រជុំនេះទេ៕ (AP ថ្ងៃទី១៩ ខែតុលា)

LEAVE A REPLY

Please enter your comment!
Please enter your name here