ឯកឧត្តមបណ្ឌិត ថោង ខុនពិនិត្យមើលគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនរបស់ CAMSOC

0
37

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានដឹកនាំប្រជុំជាមួយគណៈកម្មការស្នាក់នៅហូបចុកនិងដឹកជញ្ជូននាព្រឹកថ្ងៃទី១៩តុលាដើម្បីជំរុញបន្ថែមឲ្យដំណើរការឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ទទួលបានជោគជ័យ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា អ្វីដែលសំខាន់នៅក្នុងប្រជុំថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ វាយតម្លៃ និងភាពលម្អិតលើវឌ្ឍនភាពការងាររបស់គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដែលជាគណៈកម្មការសំខាន់មួយក្នុងការធ្វើបដិសណ្ឋាកិច្ចទទួលស្វាគមន៍ភ្ញៀវនិងធ្វើឲ្យភ្ញៀវមានភាពកក់ក្តៅនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តមបន្ដ ថាដោយបានទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាក្នុងឋានៈម្ចាស់ផ្ទះ ធ្វើយ៉ាងណាឲ្យការទទួលភ្ញៀវទទួលបានកិត្តិយសល្អ សេចក្តីថ្លៃថ្នូ ក្រៅអំពីការប្រកួតកីឡា។ដូច្នេះនៅក្នុងកិច្ចប្រជុំថ្ងៃនេះ យើងបានលម្អិតអំពីថាតើការដឹកជញ្ជូនត្រូវការរថយន្តប៉ុន្មាន កន្លែងស្នាក់នៅហូបចុកត្រូវរៀបចំយ៉ាងណាបន្ថែម ក្រៅពីភូមិកីឡា ដែលជាកន្លែងស្នាក់នៅហូបចុករួម។ជាមួយគ្នានោះសណ្ឋាគារហ្គាឌិនស៊ីធីដែលនៅជិតនឹងពហុកីឡដ្ឋានជាតិមរតកតេជោនឹងប្រើប្រាស់សម្រាប់ធ្វើជាការិយាល័យកណ្តាលនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាការិយា ល័យធំ សម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឲ្យទទួលបានជោគជ័យ។

ការិយាល័យកណ្តាលធំនៅសណ្ឋាគារនេះ គឺនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងប្រកួតកីឡាមួយភាគធំនៅទីនេះ ហើយវានឹងផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រង ដឹកនាំ និងដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេលវេលាផងដែរ។ ក្រៅពីនេះ សណ្ឋាគារ សុខា ក៏ជាកន្លែងត្រៀមទទួលភ្ញៀវកិត្តិយសថ្នាក់ខ្ពស់ៗ ដូចជាប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ព្រមទាំងត្រៀមទទួលប្រធានអូឡាំពិកអន្តរជាតិ ប្រធានអូឡាំពិកអាស៊ី និងប្រតិភូសហព័ន្ធកីឡាអន្តរជាតិមកពីជុំវិញពិភពលោក ដែលមកជួយដល់ការរៀបចំស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ផងដែរ។
ជាមួយគ្នានេះគណៈកម្មការជំនាញនេះក៏បានបង្ហាញពីវឌ្ឍនភាពការងារយ៉ាងលម្អិតពីភារកិច្ចមួយទៅភារកិច្ចមួយទៀតក្នុងការត្រៀមរៀបចំការដឹកជញ្ជ្ជូន-ស្នាក់នៅ-ហូបចុក ពីព្រលានយន្តហោះទៅកន្លែងស្នាក់នៅ ពីកន្លែងស្នាក់នៅទៅកន្លែងហ្វឹកហាត់ និងពីកន្លែងស្នាក់នៅទៅទីលានប្រកួត និងត្រឡប់ពីការប្រកួតវិញជាដើម។
បច្ចុប្បន្ន CAMSOC បានបែងចែកនូវទីលានប្រកួតរួចហើយ ដូចជាពហុកីឡដ្ឋានជាតិមករតកតេជោ ស្តាតចាស់ ស្តាតអូឡាំពិក សាលពិព័រណ៌អន្តរជាតិជ្រោយចង្វាររបស់ក្រុមហ៊ុនOCIC(សម្រាប់ប្រភេទកីឡាក្នុងសាល)ដោយគណៈកម្មការជំនាញនេះនឹងប្រើប្រាស់យន្តការនៃការផ្សាភ្ជាប់ទំនាក់ទំនងនៃការដឹកជញ្ជូនទៅកាន់គ្រប់ទីកន្លែងទាំងអស់នោះ។


ការដឹកជញ្ជូននេះក៏បានរៀបចំផែនការរួចរាល់អស់ហើយៗយើងនឹងផ្សារភ្ជាប់ជាមួយនឹងសន្តិសុខ សណ្តាប់ធ្នាប់-ចរាចរណ៍។ ក្នុងនោះមានផ្លូវស៊ីហ្គេមដែលកំណត់អទិភាពសម្រាប់ការដឹកជញ្ជូនតាមដងផ្លូវស៊ីហ្គេមនេះដែលមិនអនុញ្ញាតឲ្យមហាជនធ្វើដំណើរលើផ្លូវស៊ីហ្គេមនេះទេ។ទាំងអស់នេះគឺជាការគិតគូយ៉ាងលម្អិតដើម្បីជំរុញឲ្យការទទួលបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះកម្ពុជាជូនដល់ភ្ញៀវស៊ីហ្គេមទាំងអស់ប្រកបដោយភាពកក់ក្តៅ កិត្តិយស និងជោគជ័យជាប្រវត្តិសាស្ត្រផងដែរ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតថោងខុនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញនិងការផ្តល់មតិយោបល់ហើយក្នុងថានៈជាម្ចាស់ផ្ទះយើងក៏បានដាក់ក្ដីសង្ឃឹមលើកម្លាំងសាមគ្គីភាពកាន់តែល្អប្រសើរពីមួយជំហានទៅ
មួយជំហាននៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here