កម្លាំងអាវុធហត្ថរួមគ្នាបំបែកសំណុំរឿងឃាតកម្ម មិត្តភក្តិសម្លាប់មិត្តភក្តិនៅខេត្តកណ្តាល ដោយចាប់បានជនដៃដល់នៅកន្លែងបុណ្យសពជនរងគ្រោះក្នុងខេត្តព្រៃវែងតែម្តង

0
689

(កណ្តាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រៃវែង បានរួមគ្នាប្រើរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ រហូតឈានទៅបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន គឺមិត្តភក្តិ ចាក់សសម្លាប់មិត្តភក្តិ ដោយឈានដល់ការចាប់បានឃាតកតែម្តង។

ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល ក្រោមការសម្រមសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ក្រោមការចុះដឹកនាំស្រាវជ្រាវផ្ទាល់ដោយលោក ទូច អ៊ីណាន មេបញ្ជាការរងទទួលជំនាញ និងចុះអនុវត្តស្រាវជ្រាវគ្រប់គោលដៅពាក់ព័ន្ធជាក់ស្តែងដោយលោក សឿ បញ្ញា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត។

របាយការណ៍របស់អាវុធហត្ថខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានបង្ហាញថា ករណីឃាតកម្មគិតទុកជាមុនមួយនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវ២៦១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុសម្នាក់នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញខេត្ត និងស្រុក បានចុះពិនិត្យសាកសពដល់ទីកន្លែងកើតហេតុស្វែងរកវត្ថុតាង សាក្សី តាមលក្ខណៈបច្ចេកទេស បទពិសោធន៍របស់ជំនាញ។ សពជនរងគ្រោះឈ្មោះ ង្វៀង ដាងជុង ភេទប្រុស ជនជាតិវៀតណាម (មានបណ្ណស្នាក់នៅ) អាយុ៤០ឆ្នាំ មុខរបរម៉ៅការសំណង់។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត ឃុំព្រែកខ្សាយ (ខ) ស្រុកពារក៍ ខេត្តព្រៃវែង។

សម្ភារបន្សល់ទុកកន្លែងកើតហេតុមានដូចជា៖ ទូរស័ព្ទដៃ កាបូបដាក់ប្រាក់ មួកសុវត្ថិភាព អាវភ្លៀង របស់ជនរងគ្រោះ។ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវទាំងថ្ងៃទាំងយប់ មិនខ្លាចនឿយហត់ ប្រើរយៈពេលត្រឹមតែ២ថ្ងៃ ក្រោយពីរកឃើញសាកសពប៉ុណ្ណោះរហូតចាប់ឃាតក បានដោយមានការជួយជ្រោមជ្រែងពីស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានកិច្ចសហការល្អ ស្អិតល្មួត ពីកងរាជអាវុធហត្ថខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ពិសេសការចូលរួមសហការយ៉ាងល្អក្នុងការផ្តល់ព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ។

ជនសង្ស័យដែលជាឃាតកមានឈ្មោះ ស្រេង តាយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង (មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានយកសំណាកជនសង្ស័យរកកូវីដ១៩ (លទ្ធផលអវិជ្ជមាន)។

នៅចំពោះមុខកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យឈ្មោះ ស្រេង តាយ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទូរស័ព្ទហៅរូបគេទៅជួបគ្នាមើលការងារសំណង់នៅភ្នំពេញ លុះដល់ថ្ងៃត្រង់ជនសង្ស័យ ក៏បានជិះរថយន្តឈ្នួលចេញពីផ្ទះក្នុងខេត្តព្រៃវែង ទៅម្តុំផ្សារច្បារអំពៅ ដោយយកកូនកាំបិតចុងស្រួចដងជ័រពណ៌លឿង០១ដើម ទុកក្នុងហោប៉ៅខោទៅជាមួយ ក្នុងគោលបំណងចាក់ជនរងគ្រោះ ពីព្រោះធ្លាប់កុហកខ្លួនច្រើនដងមកហើយ ធ្វើឱ្យខាតពេលវេលា និងអស់សោហ៊ុយជាច្រើនដង។

ពេលទៅដល់ផ្សារច្បារអំពៅ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះជាច្រើនដងឱ្យទៅយកខ្លួន តែជនរងគ្រោះជាប់រវល់លេងអុក ដោយប្រាប់ថាឱ្យចាំមួយភ្លែតៗ រហូតដល់វេលាល្ងាចទើបទៅជួបគ្នា ហើយជនសង្ស័យក៏មានចិត្តខឹងជាខ្លាំង រួចហើយជនរងគ្រោះបានដឹកជនសង្ស័យទៅមើលការងារជិះតាមផ្លូវជាតិលេខ6A និងបន្តចូលទៅជិតដល់កន្លែងកើតហេតុក៏មានភ្លៀង រួចក៏បាននាំគ្នាចូលទៅអង្គុយនៅហាងជិតនោះ និងបានហៅស្រាបៀរផឹកមួយសន្ទុះ (អស់ចំនួនកន្លះកេស)។

ពេលនោះជនសង្ស័យ បានឱ្យជនរងគ្រោះទាក់ទងទៅគេ ដែលហៅមកមើលការងារនោះ តែជនរងគ្រោះបែជាទូស័ព្ទទៅប្រាប់គេថា មេឃភ្លៀងហើយយប់ងងឹតទៀតមិនបានទៅជួបទេ។ ជនសង្ស័យបាននិយាយថា ជនរងគ្រោះនិយាយកុហក ហើយបានឈ្លោះប្រកែកគ្នា (ពាក្យសម្តី) រួចគិតលុយចេញដំណើរទៅទៀត ដោយជនរងគ្រោះជាអ្នកឌុប និងប្រាប់ជនសង្ស័យឱ្យទៅដេកនៅផ្ទះខ្លួននៅម្តុំស្ទឹងមានជ័យសិនទៅ ស្អែកចាំមកជួបគេនិយាយការងារទៀត។

ពេលកំពុងជិះម៉ូតូនោះជនសង្ស័យ និងជនរងគ្រោះនៅតែបន្តប្រកែកគ្នា ស្របពេលជនរងគ្រោះចង់ឈប់ចុះនោមសិន ក៏បង្អង់ម៉ូតូរៀបនឹងឈប់ដាក់ចន្ទល់ ក៏ស្រាប់តែជនសង្ស័យបានយកកូនកាំបិតចុងស្រួចដែលទុកក្នុងហោប៉ៅខោ ដកចេញធ្វើសកម្មភាពចាក់ខ្នងជនរងគ្រោះពីក្រោយ០១កាំបិត ភ្លាមនោះជនរងគ្រោះបានតបតទៅវិញដោយយកមួកសុវត្ថិភាពដេញវាយជនសង្ស័យ ហើយជនសង្ស័យក៏បានរត់តែជនរងគ្រោះនៅតែបន្តដេញ ជនសង្ស័យក៏បានបែរមកចាក់ជនរងគ្រោះត្រូវ០១កាំបិតទៀត ចំទ្រូងខាងឆ្វេង និងចាក់លើខ្នងជាច្រើនកាំបិតបន្ថែមបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។

តាមរបាយការណ៍សួរចម្លើយរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះចេញទៅ និងបានបោះកូនកាំបិតចោលនៅជិតកន្លែងកើតហេតុ រួចយកម៉ូតូជនរងគ្រោះជិះតាមផ្លូវជាតិលេខ6A ឡើងផ្លូវជាតិលេខ៨ ឆ្ពោះទៅផ្ទះរបស់ខ្លួននៅស្រុកពាមរក៏ ខេត្តព្រៃវែង និងឈប់កាច់ស្លាកលេខម៉ូតូចោលតាមផ្លូវ (មិនចាំកន្លែង) ដោយខ្លាចបែកការណ៍រូបគេក៏យកម៉ូតូទៅរុញទម្លាក់ចោលក្នុងទឹកស្រះ ស្ថិតនៅវត្តមួយ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ក្រោយទម្លាក់ម៉ូតូចោលហើយខ្លួនក៏បានទៅចូលរួមបុណ្យសពជនរងគ្រោះដែលជាមិត្តភក្តិ រស់នៅភូមិជាមួយគ្នានៅថ្ងៃបន្ទាប់ (ធ្វើខ្លួនជាធម្មតា ដើម្បីកុំឱ្យគេសង្ស័យ) តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងខេត្តព្រៃវែង។

ជាថ្មីម្តងទៀត កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាំជនសង្សយ័ទៅចង្អុលបង្ហាញទីតាំងដែលខ្លួនទំលាក់ម៉ូតូចោលក្នុងទឹកស្រះ (លទ្ធផលរកឃើញ) និងបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះនៅទីនោះតែម្តង និងបន្តរុករកកូនកាំបិត និងវត្ថុតាងផ្សេងៗទៀត នៅក្បែរកន្លែងកើតហេតុ តែរកពុំឃើញដោយមិនចាំចំណុចច្បាស់លាស់ ម៉្យាងទីនោះមានស្មៅដុះស៊ុបទ្រុបច្រើន និងថ្ងៃកើតហេតុមេឃភ្លៀងខ្លាំង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាល និងបញ្ជូនបន្តដាក់ឃុំខ្លួននៅពន្ធនាគារខេត្តរួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here