នូវែលសេឡង់ បង្កើន ៤ដង ប្រាក់ជំនួយ អន្តរជាតិ សម្រាប់ បញ្ហាអាកាសធាតុ

0
25

១២ ថ្ងៃ មុន បើកសន្និសីទ អន្តរជាតិ ស្តីពីអាកាសធាតុ ដែលត្រូវ រៀបចំ នៅប្រទេស អង់គ្លេស នាយករដ្ឋមន្រ្តី នូវែល សេឡង់ បាន ប្រកាស បង្កើន ៤ដង ប្រាក់ជំនួយ អន្តរជាតិ សម្រាប់ បញ្ហា អាកាសធាតុ។ នៅក្នុងសេចក្តី ថ្លែងការណ៍ កាលពីថ្ងៃ ចន្ទ ប្រមុខរដ្ឋាភិបាល នូវែលសេឡង់លោកស្រី ហ្សាស៊ីនដា អារឌែន បានប្រកាស ផ្តល់ប្រាក់ជំនួយ សម្រាប់ ជួយ បណ្តា ប្រទេស ដែល មានប្រាក់ចំណូលទាប ឲ្យ មាន សមត្ថភាព បង្ការ ទប់ទល់នឹង ការខូចខាត ដែល បង្កឡើង ដោយសារ ការប្រែប្រួល អាកាសធាតុ។ នាយករដ្ឋមន្រ្តី នូវែលសេឡង់លោកស្រី ហ្សាស៊ីនដា អារឌែន បានសម្រេច ផ្តល់ ថវិកា ១,៣ពាន់លាន ដុល្លារនូវែលសេឡង់ ស្មើ នឹង ទឹកប្រាក់ ៩៣០លាន ដុល្លារ អាមេរិក ដល់ បណ្តា ប្រទេស ដែល កំពុង ប្រឈម បន្ទាន់ នឹង ការប្រែប្រួល អាកាសធាតុ។ លោកស្រីនាយករដ្ឋមន្រ្តី នូវែលសេឡង់ បាន អះអាងថា ពាក់កណ្តាល នៃ ទឹកប្រាក់ជំនួយ របស់ នូវែលសេឡង់ សម្រាប់ រយៈពេល ៤ឆ្នាំ (ពី ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥) នឹង ត្រូវ ផ្តល់ ទៅ ឲ្យ បណ្តាប្រទេស កោះ ក្នុង មហាសមុទ្រ ប៉ាស៊ីហ្វិក ដែល មួយភាគធំ រង ការគំរាមកំហែង លិចបាត់ទៅ ក្នុងទឹក ដោយសារ ការឡើង កំពស់ទឹកសមុទ្រ។ លោកស្រី អារឌែន បាន បញ្ជាក់ បន្ថែមថា ទឹកប្រាក់ ជំនួយ របស់ នូវែលសេឡង់ នឹង ជួយ ប្រជាជន របស់ បណ្តាប្រទេស ផ្សេងទៀត ឲ្យ អាច ទប់ទល់ ការខូចខាត ដែល បង្កឡើង ដោយ ខ្យល់ព្យុះ ការឡើង កំពស់ទឹកសមុទ្រ និងហេតុការណ៍ ឧតុនិយមផ្សេងទៀត ដែល អាច បង្ក ជា ទឹកជំនន់ ទឹកភ្លៀង ឬ គ្រោះរាំងស្ងួត ហើយប្រាក់ជំនួយ របស់ នូវែលសេឡង់ នឹង ផ្តោត សំខាន់ ផងដែរ លើ គម្រោងការ ប្រើ ថាមពលស្អាតស្អំ នៅតាម បណ្តាប្រទេស កំពុង អភិវឌ្ឍន៍។ នូវែលសេឡង់ ដែល មាន ប្រជាជន តែជាង ៥លាននាក់ បាន ចូលរួមប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ស្មើ នឹង កម្រិតចូលរួម របស់ ប្រទេស អង់គ្លេស។ នូវែលសេឡង់ បាន ចូលរួម ក្នុង ចំណោម ប្រទេស មហាអំណាច ដើម្បី ប្រយុទ្ធប្រឆាំង នឹង ការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្រ្តី ទទួលបន្ទុក ការប្រែប្រួលអាកាសធាតុ របស់ នូវែលសេឡង់លោក James Shaw ដែល ត្រូវ ចូលរួម ក្នុង សន្និសីទអន្តរជាតិ ស្តីពីអាកាសធាតុ នៅប្រទេស អង់គ្លេស នៅ ចុងខែ តុលា បាន និយាយ ថា វា ជា កាតព្វកិច្ច របស់ ប្រទេស អ្នកមាន ដូចជា នូវែលសេឡង់ ដែល ត្រូវ ជួយ ប្រទេស ដែល ងាយរងគ្រោះ ដោយសារ ការប្រែប្រួល អាកាសធាតុ។ Climate Action Tracker វាយតម្លៃថា កញ្ចប់ ថវិកា របស់ រដ្ឋាភិបាល នូវែលសេឡង់ សម្រាប់ បញ្ហា អាកាសធាតុ នៅ តែ តិចខ្លាំង ចំណែក វិធានការ ជាទូទៅ របស់ នូវែលសេឡង់ ដើម្បី អាកាសធាតុ នៅតែ មិនទាន់ គ្រប់គ្រាន់៕ (AP ថ្ងៃទី១៨ ខែតុលា)

LEAVE A REPLY

Please enter your comment!
Please enter your name here