លោកយាយ​ ដួង​ តារា​ សិល្បការិនីភាពយន្តប្រាំជំនាន់និងជាភរិយាទី១របស់លោកណុបណែម​ កំពុងរស់នៅក្នុងជីវភាពក្រីក្រគ្មានទីពឹង​

0
23

លោកយាយ​ ដួង​ តារា​ ឆ្នាំនេះមានអាយុ៨២ឆ្នាំហេីយ​ កំពុងរស់នៅក្នុងជីវភាពខ្វះខាតលំបាក​ជាខ្លាំង​ នៅខណៈដែលមិត្តសិល្បករដូចគ្នា​ និងមហាជនមួយចំនួនបាត់ដំណឹងលោកយាយឈឹង​ ក្រោយពេលដែលលោកយាយធ្លាប់ខ្លួនឈឺមិនអាចបំរេីសិល្បៈបាន​ ហេីយជីវិតលោកយាយកាន់តែដុនដាបទៅៗ​ ក្រោយពីកូនស្រីបង្កេីតជាទីពឹងតែមួយគាត់របស់លោកយាយក៏លាចាកលោកទៅដោយជំងឺមហារីក​។ ជីវិតកាន់តែលំបាកៗទៅ​ លោកយាយធ្លាប់ខ្លួនរស់នៅជាមួយអ្នកសប្បុរសម្នាក់ដែលរាប់អានគ្នាតាំងពីក្នុងរបបខ្មែរក្រហម​ ហេីយបន្ទុកគ្រួសារបានធ្លាក់ទៅចៅស្រីតែមួយគត់របស់លោកយាយដែលកំពុងជាប់សិក្សានៅឡេីយ។

ដោយបានដឹងពីទុក្ខលំបាករបស់លោកយាយ​យ៉ាងដូច្នេះ​ កាលពីថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១​ លោកជំទាវ សុខ​ ស៉ីថន​ អនុប្រធានកិត្តិយសនៃក្រុមព្រះសុរិយា​ លោក​ យាង​ វណ្ឌី​ ប្រធានក្រុមព្រះសុរិយា​
វីរៈ​ វ៉ារ៉ានី​ អនុប្រធានក្រុមព្រះសុរិយា​
និងលោក​ ជា​ វណ្ណា​ តំណាងក្រុមហ៊ុនបុរី​ ស៉ីអេសវីឡា​ ព្រមទាំងក្រុមការងារ​ បានមូលមតិគ្នានាំយកអំណោយមួយចំនួនដូចជា​ អង្គរ១ប៉ាវ​ ៥០គីឡូក្រាម​ ទឹកសុទ្ធ​ ទឹកសណ្តែក​ ទឹកផ្លែឈេី​ មី​ ទឹកត្រី​ ទឹកស៉ីអ៉ីវ​ សាប៊ូលាងចាន​ សាប៊ូ​បោកខោអាវ​ ព្រមទាំងថវិកាចំនួន​ ៦០ម៉ឺនរៀល​ទៅជូនលោកយាយដោយផ្ទាល់នៅភូមិបាក់ចិញ្ជៀន​ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងជំនួបនេះ​ លោកយាយ​បានសម្តែងអារម្មណ៍រំភេីបរីករាយលាយជាមួយអារម្មណ៍ក្តុកក្តួលអួលអាក់​ ទឹកភ្នែកហៀហូរ​។ លោកយាយ​ ចង់ទៅសម្តែងភាពយន្តបន្ត​ តែដោយជំងឺមិនអាចធ្វេីអោយលោកយាយទៅបាន។ បំណងក្នុងជីវិតចុងក្រោយ លោកយាយ​ ចង់សុំតែកូនផ្ទះតូចមួយប៉ុណ្ណោះដេីម្បីរស់នៅ​ ដោយលោកយាយមិនចង់បានអ្វីច្រេីនទេ។

ក្រុមព្រះសុរិយា​ សូមអំពាវនាវយ៉ាងទទូចសុំសប្បុរសជនខ្មែរទាំងក្នុងស្រុក​ និងក្រៅស្រុកទាំងអស់មេត្តាជួយលោកយាយតាមកម្លាំងសទ្ធាតិចក្តីច្រេីនក្តី​ តាមរយះចៅស្រីបង្កេីតរបស់លោកយាយ​ឈ្មោះ​ យ៉ា​ រ៉េត​ 0967111406​ រឺតាម គណនី​ ABA លេខ​ 000710640 PICH MAKARED។

លោកយាយ​ ដួងតារា​ ដែលគេស្គាល់នាមថា លោកស្រី​ ណុប​ ណែម​ បានចូលបំរេីក្នុងវិស័យសិល្បៈខ្មែរតាំងពីដេីមទសវត្ស៦០​ ក្នុងខ្សែភាពយន្តដំបូងរឿង​រលកវាសនា។​ នៅពេលនោះ​ លោកយាយ​ ក៏បានរួមមេត្រីភាពស្នេហាជាមួយតារាភាពយន្តណុប​ ណែម​ ដោយកូនប្រុសស្រីពីរនាក់រួមគ្នា។

លោកយាយបានសម្តែងភាពយន្តជាច្រេីនដូចជា​ រឿង​ សព្វសិទ្ធិ​ រឿងលោហិតវាសនា​ រឿង​ ប្រហារដួងចិត្ត​ រឿង​ តិកឆេង​ រឿង​ ស៉ីយិនគុយ​ រឿង​ កន្សែងស្លាដក​ ជាដេីម។​ ក្រោយរបបខ្មែរក្រហម​ លោកយាយវិលមកបំរេីវិស័យសិល្បៈភាពយន្តវិញ​ ហេីយក៏មានឈ្មោះល្បីល្បាញម្តងទៀត។

ជាអកុសល​កម្ម​ កូនៗដែលតំណក់ឈាមរបស់តារាភាពយន្តណុប​ ណែម​ទាំងពីររូបនោះ​ បានបាត់ស្រមោលពីផែនដីនេះទៅហេីយ​ ដោយកូនប្រុសច្បងឈ្មោះ​ ណុបណែម​ វីរៈ​ បានបាត់ដំណឹងសូន្យឈឹងជាង១០ឆ្នាំមកហេីយ​ ក្រោយពីទៅធ្វេីជាពលករនៅប្រទេស​ថៃ ដែលលោកយាយគិតថា​ រូបគេប្រាកដជាស្លាប់ជាមិនខាន​ ហេីយកូនស្រីទី២ឈ្មោះ​ ណុបណែម​ ចរិយា​ ក៏លាចាកលោកទៅកាលពីឆ្នាំ២០២០ដោយជំងឺមហារីកទៀត។

ប្រសិនបេីបងប្អូនចង់បរិច្ឆាគថវិកាជួយលោកយាយ​ សូមទាក់ទងទៅ​ចៅស្រីគាត់​ និងតាមរយះគណនីខាងលេីដោយផ្ទាល់​ ក្រុមព្រះសុរិយា​និងធ្វេីរបាយការណ៍នាមសប្បុរសជននៅពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here