អ្នកគាំទ្រក្លឹប Newcastle អបអរសាទរ ខណៈព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតទិញយកក្លឹបក្នុងតម្លៃ ៣០៥ លានផោននិងបង្កព្យុះនយោបាយពេញពិភពបាល់ទាត់

0
59

 

ក្លឹប Newcastle United ស្ថិតនៅចំកណ្តាលនៃព្យុះនយោបាយនៅថ្ងៃទី៨ តុលានេះបន្ទាប់ពីក្រុមហ៊ុនពហុផលិតកម្មមួយដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានទិញយកក្លឹបនៅ Premier League ពីលោក Mike Ashley ដោយលោកនាយករដ្ឋមន្ត្រី Boris Johnson ឥឡូវកំពុងស្ថិតក្រោមសម្ពាធដើម្បីនិយាយប្រឆាំងនឹងកិច្ចព្រមព្រៀង “ប្រើកីឡាបិទបាំងអំពើអាក្រក់នេះ” ដែលពួកអ្នករិះគន់និយាយថាបានធ្វើឱ្យព្រះអង្គម្ចាស់រជ្ជទាយាទឃាតកររបស់អារ៉ាប៊ីសាអូឌីតក្លាយជាម្ចាស់ក្លិបជាក់ស្តែងនិងថានេះសបញ្ជាក់ថាសាច់ប្រាក់គឺជាស្តេចក្នុងបាល់ទាត់។

ការទិញនេះដំណើរការអស់រយៈពេល១៤ខែបន្ទាប់ពីមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) បានដកខ្លួនចេញពីការដេញថ្លៃទិញក្លឹបនៅភាគឦសាន្តអង់គ្លេសតម្លៃ៣០៥លានផោនពីម្ចាស់ក្លឹបផ្ទាល់គឺលោក Ashley បន្ទាប់ពីក្របខ័ណ្ឌ Premier League មិនព្រមផ្តល់ការអនុម័តច្បាប់។ ការទិញបានសម្រេចនេះកើតឡើងចំពេលអាជ្ញាធរដកបម្រាម ៤ ឆ្នាំលើប៉ុស្តិ៍ beIN Sports ដែលបង្ហាញការប្រកួត EPL នៅប្រទេសតំបន់ឈូងសមុទ្រពែក្សមួយនេះ។
មានការអបអរសាទរនៅខាងក្រៅឧទ្យាន St James កាលពីម្សិលមិញនៅពេលដែលកិច្ចព្រមព្រៀងទិញត្រូវបានប្រកាស ប៉ុន្តែសមាជិកសភានិងក្រុមសិទ្ធិមនុស្សបានខឹងសម្បាយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះដែលធ្វើឱ្យ Newcastle ក្លាយជាក្លឹបអ្នកមានបំផុតនៅលើពិភពលោកដែលគាំទ្រដោយមូលនិធិយ៉ាងតិច ៥០០ ពាន់លានដុល្លារហើយគេព្យាករណ៍ថានឹងមានរហូតដល់ ១ ទ្រីលានដុល្លារនៅត្រឹមឆ្នាំ ២០២៥ ។

អ្នកគាំទ្រគប់ស្រាបៀរ ពាក់ឈុតអារ៉ាប់លើក្បាលរបស់ពួកគេ ស្លៀកពាក់ឈុតដូចព្រះអង្គម្ចាស់ Sheikh និងគ្រវីទង់ជាតិអារ៉ាប៊ីសាអូឌីតដើម្បីអបអរការបញ្ចប់នៃសម័យដឹកនាំរបស់លោក Ashley និងក្តីសង្ឃឹមថ្មី ដែលពួកគេអាចឈ្នះពានរង្វាន់ធំៗលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៥៥ ប៉ុន្តែឥឡូវនេះពួកគេស្ថិតនៅក្នុងកណ្តាប់ដៃរបបផ្តាច់ការដែលក្រុមសិទ្ធិមនុស្សជឿថានឹងកេងប្រវ័ញ្ចក្លឹបអង់គ្លេសនេះដើម្បីប៉ូលារូបភាពអាក្រក់របស់ខ្លួននៅលើពិភពលោក ជាពិសេសជុំវិញការធ្វើឃាតនិងការឃុំឃាំងអ្នករិះគន់និងសង្គ្រាមដែលកំពុងបន្តជាមួយយេម៉ែន។
ហិរញ្ញធិការី Amanda Staveley ជាអតីតមិត្តស្រីរបស់ព្រះអង្គម្ចាស់ Andrew ដែលជាជាតិអង់គ្លេសប្រឈមមុខនៃកិច្ចព្រមព្រៀងនេះបានទទូចកាលពីយប់មិញថា “ដៃគូរបស់យើងមិនមែនជារដ្ឋអារ៉ាប៊ីសាអូឌីតទេ” ទោះបីជា PIF ផ្តល់មូលនិធិ ៨០ ភាគរយនៃកិច្ចព្រមព្រៀងនេះក៏ដោយ។ Alan Shearer កីឡាករឆ្នើមរបស់ក្លឹបដែលម្ចាស់ថ្មីសង្ឃឹមថានឹងធ្វើជាឯកអគ្គរដ្ឋទូតក្លឹបជាមួយ Kevin Keegan បាននិយាយនៅថ្ងៃនេះថាវាជា “ថ្ងៃពិសេស” សម្រាប់ក្លឹបប៉ុន្តែបានបន្ថែមថា “ខ្ញុំយល់អំពីសំណួរដែលត្រូវសួរអំពីបញ្ហាសិទ្ធិមនុស្ស ហើយវាពិតជាសំខាន់ណាស់ដែលយើងមិនត្រូវបោះវាទៅក្រោមកំរាលព្រំទេ”។

ក្របខ័ណ្ឌ Premier League ត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយត្រូវបានស្នើសុំឱ្យលាតត្រដាងអំពី “ការធានាដោយស្របច្បាប់” មុនពេលពួកគេទទួលស្គាល់ការអះអាងរបស់ PIF ថាកិច្ចព្រមព្រៀងទិញនេះគឺញែកដាច់ពីរដ្ឋផ្តាច់ការហើយគ្រួសាររាជវង្សដែលកំពុងកាន់អំណាចរបស់អារ៉ាប៊ីសាអូឌីតនឹងមិនជ្រៀតជ្រែកឡើយទោះបីព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ជាប្រធាន PIF ក៏ដោយ។
ក្រុមអ្នករិះគន់បានហៅវាថាជាថ្ងៃងងឹតបំផុតរបស់កីឡាបាល់ទាត់ដែលអនុញ្ញាតឱ្យរដ្ឋឃាតករនេះ “ប្រើកីឡាបិទបាំងអំពើអាក្រក់” កេរ្តិ៍ឈ្មោះអាក្រក់របស់ខ្លួននៅជុំវិញពិភពលោក។ រជ្ជទាយាទ Bin Salman ត្រូវបានគេនិយាយថាបានព្រមាន Boris Johnson ថាទំនាក់ទំនងអង់គ្លេស-អារ៉ាប៊ីសាអ៊ូឌីតអាចរងផលប៉ះពាល់ប្រសិនបើក្របខ័ណ្ឌ Premier League មិនយល់ព្រមលើការកាន់កាប់នេះ៕ ប្រភព ៖ Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here