ដំរីទាំង៣ក្បាលរបស់សមាគមមូលនិធិអភិរក្សដំរីអៃរាវត្តានៅក្នុងខេត្តរតនគិរី បានពិនិត្យសុខភាពពីអ្នកជំនាញ

0
85

ដំរីទាំង៣ក្បាលរបស់សមាគមមូលនិធីអភិរក្សដំរីអៃរាវត្តានៅក្នុងខេត្តរតនគិរី បានពិនិត្យសុខភាពពីអ្នកជំនាញ។ការពិនិត្យសុខភាពអោយដំរីទាំងបីក្បាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្នុងសហគមន៍កាទៀង ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។

     លោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមមូលនិធីអភិរក្សដំរីអៃរាវត្តា បានអោយដឹងថាការពិនិត្យសុខភាពនេះធ្វើឡើងដោយផ្ទាល់ពីក្រុមគ្រូពេទ្យជំនាញសត្វដំរីគឺ លោកស្រី វ៉ឺជីនី ស្កេនកា(Virginie Scanga) និងលោក ដេន ខូល (Dan Koehl) អ្នកប្រឹក្សាជំនាញលើសត្វដំរី។ លោកស្រីបន្តថាឆ្លងតាមការពិនិត្យរបស់អ្នកជំនាញទាំងពីរបានបង្ហាញថាដំរីញីដែលមានឈ្មោះអ៊ីកែវ មានពោះបោងប្លែកខុសពីដំរីធម្មតា ចំពោះដើមទ្រូងដំរីញីមួយនេះ គឺមានលក្ខណៈធំជាងប្រក្រតីផងដែរ ដែលជាសញ្ញាបញ្ជាក់ថាដំរីញីមួយនេះអាចនឹងកំពុងមានផ្ទៃពោះ។ តែដើម្បី ជាក់ច្បាស់ក្រុមការងារបានបូមឈាម អ៊ីកែវ យកទៅពិនិត្យតាមបែបវិទ្យាសាស្រ្ដនៅមន្ទីរពិសោធន៍ភ្នំពេញ ដើម្បីដឹងលទ្ធផលថាតើដំរីញីនេះ ពិតជាមានកូនប្រាកដឬទេ។ហើយការបូមឈាមនេះគឺយកឈាមដំរីទាំង៣ក្បាលដើម្បីយកទៅមន្ទីរពិសោធន៍តេស្ដរកជំងឺដំរីទាំង៣ក្បាលថាតើ មានជំងឺប្រចាំកាយ ឬទេ។

លោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមមូលនិធីអភិរក្សដំរីអៃរាវត្តា និងក្រុមការងារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញ ដែលបានមកពិនិត្យសុខភាពដល់ដំរីទាំង៣ក្បាល ក៏ដូចជាបង្ហាត់បង្ហាញនូវក្បួនមើលថែសត្វដំរីជាច្រើនដល់ក្រុមការងារសមាគមរបស់លោកស្រី។

សូមបញ្ជាក់ផងដែរថាសមាគមអភិរក្សសត្វដំរី អៃរាវត្តា
(AIRAVATA)ដែលមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាននិងជាប្រធានកិត្តិយសនិងលោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមបានបង្កើតឡើងក្នុងឆ្នាំ២០១៥ក្រោមហេតុផលចង់អោយមានវត្តមានសត្វដំរីក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗនាថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here