មានការទារលុយពីគ្រួសារ ដែលមានសមាជិកស្លាប់ដោយសារកូវីដ១៩ ចំនួន១លានរៀលក្នុង១សព នៅខេត្តកំពង់ឆ្នាំង

0
16

(កំពង់ឆ្នាំង)៖ ពលរដ្ឋចំនួន២គ្រួសារ រស់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានសមាជិកគ្រួសារស្លាប់ដោយសារកូវីដ-១៩ បានអះអាងថា ពួកគាត់ត្រូវបានគេទារប្រាក់ថ្លៃបូជាសពក្នុងសព ១នាក់ ចំនួន១លានរៀល។

ពលរដ្ឋទាំងពីរគ្រួសារខាងលើនេះ មួយគ្រួសារមានទីលំនៅក្នុងភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសមាជិកគ្រួសារម្នាក់បានស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ហើយត្រូវបានរថយន្តពេទ្យដឹកសពយកទៅបូជានៅទីតាំងបូជាសពមួយកន្លែង ដែលទើបនឹងបង្កើតថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ។

នៅពេលដែលបូជាសពរួចរាល់ហើយនោះ គណៈកម្មការបូជាសពនៅទីនោះ តម្រូវឲ្យគ្រួសារសពបង់ប្រាក់ចំនួន ១លានរៀលសម្រាប់ថ្លៃបូជាសព និង ១០ម៉ឺនរៀលបង់ឲ្យរថយន្តរបស់មន្ទីរពេទ្យ ដែលបានដឹកសពយកមកបូជា។ គណៈកម្មការរូបនោះប្រាប់ថា ប្រាក់ ១លានរៀលនេះខាងមន្ទីរគេឱ្យយក តែមិនបានប្រាប់ថាមន្ទីរណានោះទេ។ នេះគឺជាការអះអាងរបស់លោក ប្រាក់ ឡុង ដែលជាក្រុមគ្រួសារសពមានទីលំនៅក្នុងភូមិឃុំខាងលើ។

ចំណែកគ្រួសារទី២ មានទីលំនៅក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ គ្រួសារទី២នេះ ក៏បានបញ្ជាក់ប្រាប់ថា ពួកគាត់មានសមាជិកគ្រួសារម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ និងបានយកទៅបូជានៅទីតាំងបូជាសព ដែលទើបនឹងសាងសង់ថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខាងលើនេះផងដែរ។ នៅមុនពេលដឹកសពយកទៅបូជា មានមន្ត្រីធម្មការម្នាក់បានទំនាក់ទំនងតាមទូរស័ព្ទ ដោយបានទារប្រាក់ថ្លៃបូជាសពពីគ្រួសាររបស់ពួកគាត់ចំនួន ១លានរៀល។ នេះបើតាមការអះអាងពីស្ត្រីឈ្មោះ សាយ ផល្លា ដែលត្រូវជាបងស្រីបង្កើតរបស់សពស្លាប់ដោយជំងឺកូវីដ-១៩។

ពួកគាត់សុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធសុំជួយពិនិត្យមើលករណីខាងលើនេះផង ការតម្រូវឲ្យបង់ប្រាក់ថ្លៃបូជាសពស្លាប់ដោយកូវីដនេះ តើជាគោលការណ៍របស់អាជ្ញាធរ ឬក៏មន្ត្រីឆ្លៀតឱកាស ព្រោះកន្លងមកការបូជា សពស្លាប់ដោយជំងឺកូវីដ-១៩ មិនត្រូវបានតម្រូវឲ្យក្រុមគ្រួសារសពបង់ប្រាក់ឡើយ។ តែជាទឹកចិត្តសម្រាប់គ្រួសារសព តែងតែបានជួយឧបត្ថម្ភខ្លះៗ និងកន្លែងបូជាដូចជាប្រគេនបច្ច័យដល់ព្រះសង្ឃបង្សុកូល លោកអាចារ្យ និងជូនសុគុណដល់ព្លុកជាដើមទៅតាមធនធាន និងសទ្ធា។

លោក យឹម គ្រឿន អាយុ៦២ឆ្នាំ ជាព្លុកបូជាសពស្លាប់ដោយជំងឺកូវីដ-១៩ ប្រចាំនៅឈាបនដ្ឋានថ្មី ក្នុងភូមិដំណាក់កីឃុំជើងគ្រាវ ស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា ការតម្រូវឲ្យគ្រួសារសពស្លាប់ដោយជំងឺកូវីដ បង់ប្រាក់ក្នុងសពមួយចំនួន ១លានរៀលនេះ គឺលោកយកប្រាក់នេះសម្រាប់ចាត់ចែងក្នុងការបូជាសព ដូចជាត្រូវទិញអុស ទិញឃ្យូង នឹងតម្លៃពលកម្ម កម្មករដែលមានគ្នារហូតទៅដល់ ៣-៤នាក់ ហើយមុននឹងសម្រេច យកប្រាក់ពីក្រុមគ្រួសារសព ក៏បានសុំការអនុញ្ញាតពីមន្ទីរធម្មការ ពិសេស គឺមានការព្រមព្រៀងពីរក្រុមគ្រួសារសពផងដែរ។ ពាក់ព័ន្ធទៅនឹងការដែលថា ខាងក្រុមការងាររបស់គាត់បានសុំលុយ ១០ម៉ឺន ឱ្យទៅខាងតែកុងរថយន្តមន្ទីរពេទ្យដែលដឹកសពមកបូជានោះ គឺពួកគាត់មិនដែលបានសុំ ហើយក៏មិនបានពាក់ព័ន្ធជាមួយនឹងរថយន្តពេទ្យអីនោះដែរ ពួកគាត់មានតួនាទីជាអ្នកបូជាសពតែប៉ុណ្ណោះ។

លោក សរ លាង ប្រធានមន្ទីរធម្មការខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះថា កន្លងមកការបូជាសពស្លាប់ដោយសារកូវីដ-១៩ គឺខេត្តជាអ្នកចេញលុយក្នុងសពម្នាក់ ៧០០ដុល្លារ។ តែចាប់តាំងពីធ្វើឈាបនដ្ឋានថ្មីរួចមកសពមួយតែ១លានរៀល រីឯការចំណាយប្រាក់ថ្លៃបូជាសពកូវីដ-១៩ រដ្ឋបាលខេត្តបានប្រគល់ទៅឲ្យស្រុក ក្រុង ជាអ្នកចេញតាមមូលដ្ឋានរៀងៗខ្លួន។

ក្រោយមកតាមបណ្ដាស្រុក ក្រុង ក៏អស់លទ្ធភាពក្នុងការចំណាយប្រាក់ថ្លៃបូជាសពកូវីដ-១៩ ទើបមន្ទីរសុខាភិបាលខេត្តចេញលិខិតណែនាំ ដោយចេញសេចក្តីណែនាំដល់គ្រួសារសពដែលស្លាប់ដោយកូវីដ-១៩ អាចមកទទួលយកទៅបូជា ដែលមានទីតាំងដូចជាឈាបនដ្ឋានថ្មីនៅឃុំជើងគ្រាវ ហើយក្រុមគ្រួសារជួយចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីមុនលោកបង្សុកូល និងអាចារ្យជាដើម ទៅតាមលទ្ធភាពដែលពួកគាត់មាន។

ប៉ុន្តែអ្នកដែលគ្រប់គ្រង ការបូជាសពបានសុំប្រាក់សម្រាប់ថ្លៃបូជាសពក្នុងសពមួយ ១លានរៀល ដោយសារពួកគាត់ត្រូវចំណាយទិញអុស ឃ្យូង និងថ្លៃពលកម្មរបស់កម្មករផង ហើយមានពេលខ្លះក៏ត្រូវបូជាសពទាំងយប់ក៏មានដែរ។ ចំណែកខាងមន្ទីរធម្មការ មិនមានគោលការណ៍ឲ្យយកប្រាក់ពីគ្រួសារសពស្លាប់ដោយកូវីដ-១៩ ដែលបានយកមកបូជានោះឡើយ គ្រាន់តែបានជួយសម្របសម្រួលក្នុងការបូជាសពតែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់ដែរថា បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់យកដីសហគមន៍ ដែលនៅឆ្ងាយពីភូមិឋានប្រជាពលរដ្ឋគឺនៅភូមិដំណាក់កី ឃុំជើងគ្រៀវ ស្រុករលាប្អៀរ សម្រាប់សាងសង់ឈាបនដ្ឋានបូជាសពអ្នកដែលស្លាប់ដោយសារកូវីដ-១៩ រួចមក ក៏បានប្រគល់ទីតាំងឈាបនដ្ឋាននេះទៅឱ្យមន្ទីរធម្មការជាអ្នកគ្រប់គ្រង និងចាត់ចែងរាល់ការបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ ចំណែកថវិកាថ្លៃបូជាសពខាងរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុកជាអ្នកចេញ។

បន្ទាប់ពីសាងសង់ឈាបនដ្ឋានថ្មីខាងលើនេះរួច ខាងមន្ទីរសុខាភិបាលខេត្ត ក៏បានចេញសេចក្តីជូនដំណឹងពីការបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ ដោយអនុញ្ញាតឲ្យក្រុមគ្រួសារសព អាចមកទទួលសពយកទៅបូជាទៅតាមកន្លែងដែលបានកំណត់៖

*១៖ បូជាសពនៅឈាបនឋានក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ។
*២៖ ទីវត្តអារាមនានាដែលមានឈាបនដ្ឋានត្រឹមត្រូវក្នុងខេត្តកំពង់ឆ្នាំង និងដោយមានការយល់ព្រមពីប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

លោអភិបាលរងខេត្តបន្តថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ១០៨នាក់។ ចំពោះគោលការណ៍របស់អភិបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ពុំដែលចេញគោលការណ៍អនុញ្ញាតឲ្យយកថវិកាពីក្រុមគ្រួសារសពដែលស្លាប់ដោយសារកូវីដ១៩នោះឡើយ។

ចំណែកឯក្រសួងសុខាភិបាល បញ្ជាក់ថា ការបូជាសពអ្នកកើតកូវីដ១៩ មិនមានការយកប្រាក់នោះទេ ហើយការបូជាសព អ្នកកើតកូវីដ១៩ នេះទៀតសោត មានអនុគណៈកម្មការត្រឹមត្រូវ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ការយកប្រាក់បូជាសពអ្នកកើតកូវីដ១៩ មិនត្រឹមត្រូវទេណា ។ មិនមានការយកប្រាក់នោះឡើយ ហើយការគ្រប់គ្រងសពមានអនុគណ:កម្មការមួយ និងមានក្រុមការងារ ព្រមទាំងអ្នកដឹកនាំដោយឡែក។ ប្រសិនបើមានការទាមទារប្រាក់ទើបដឹកនោះ សុំទាក់ទងទៅអនុគណៈកម្មការនេះតាមលេខ 012 212 170»៕

LEAVE A REPLY

Please enter your comment!
Please enter your name here