អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបិទមិនបន្ដឲ្យប្រជាពលដ្ឋចូលទៅលេងក្នុងបរិវេណទឹកទំនប់អន្លង់ជ្រៃ នៅស្រុកពញាក្រែក ក្រោយមិនអនុវត្តវិធានសុខាភិបាល

0
24

(ត្បូងឃ្មុំ)៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩។

បើតាម ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ រូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ហើយស្ថានភាពនោះ គឺនៅថ្ងៃទី០៥ ខែតុលាម្សិលមិញ។

ឯកឧត្តម ហាក់ សុខមករា បញ្ជាក់ថានៅថ្ងៃនេះ ក៏មានភ្ញៀវទេសចរបន្ដទៅលេងកម្សាន្ដនៅតំបន់នោះ យ៉ាងច្រើនកុះករដូចកាលពីម្សិលមិញដែរ។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល ក៏បានចែកនូវម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាលជាបន្ដបន្ទាប់ ប៉ុន្ដែភ្ញៀវទេសចរទាំងអស់នោះ មិនព្រមសហការនោះឡើយ។

ឯកឧត្តមបន្ថែមថា ដោយប្រជាពលរដ្ឋមិនព្រមសហការបែបនេះ គិតត្រឹមវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃនេះ អាជ្ញាធរបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងទឹកនៅទំនប់បង្ហៀរនោះបន្ដទៀត ដើម្បីកាត់បន្ថយចំនួននៃការប្រមូលផ្ដុំនោះ ដែលអាចកើតមានហានិភ័យបានគ្រប់ពេលវេលា ពិសេសការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយ ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅទំនប់បង្ហៀរអន្លង់ជ្រៃនោះ ត្រូវសហការអនុវត្តវិធានសុខាភិបាល ព្រមទាំងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅទីតាំងកម្សាន្ដសប្បាយនោះ៕.

LEAVE A REPLY

Please enter your comment!
Please enter your name here