កិច្ចប្រជុំវិសាមញ្ញ G20 ស្តីពីអាហ្វហ្គានីស្ថាននឹងរៀបចំធ្វើនៅថ្ងៃទី១២ ខែតុលា

0
337

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែកញ្ញាថា កិច្ចប្រជុំវិសាមញ្ញមួយនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ដើម្បីពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលាខាងមុខ។ ប្រទេសអ៊ីតាលីកាន់តំណែងជាប្រធាន G20 នៅឆ្នាំនេះហើយថ្មីៗនេះលោក Draghi បានពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយមេដឹកនាំពិភពលោកផ្សេងទៀត រួមមាន លោក វ្ល៉ាឌីមៀ ពូទីន របស់ប្រទេសរុស្ស៊ី និងលោក ស៊ី ជីនពីង របស់ចិន ក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រប្រឈមមុខនឹងវិបត្តិនេះ។ លោក Draghi បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងត្រូវមើលឃើញថា តើមានគោលបំណងរួមគ្នាក្នុងចំណោមប្រទេស G20 ដែរឬអត់ យើងបានឈានដល់ចំណុចមួយ ដែលយើងព្រួយបារម្ភអំពីការជួយសង្គ្រោះជីវិតមនុស្ស”។ លោកបាននិយាយថា សហគមន៍អន្តរជាតិក៏ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីរារាំងអាហ្វហ្គានីស្ថានក្លាយជាជម្រករបស់ពួកសកម្មប្រយុទ្ធ។ កិច្ចប្រជុំវិសាមញ្ញ G20 នឹងប្រព្រឹត្តទៅ ពីរបីសប្តាហ៍ មុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 ដែលបានគ្រោងទុកនៅទីក្រុងរ៉ូម សម្រាប់ថ្ងៃទី៣០-៣១ ខែតុលា។ លោក Draghi បាននិយាយថា មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងអង្គការសហប្រជាជាតិក៏នឹងចូលរួមផងដែរ។ វិបត្តិអាហ្វហ្គានីស្ថានកំពុងបញ្ឆេះការព្រួយបារម្ភនៅក្នុងសហភាពអឺរ៉ុប ចំពោះហានិភ័យនៃលំហូរជនចំណាកស្រុកយ៉ាងច្រើន ហើយប្រទេសជាសមាជិកខ្លះបានប្រឆាំងរួចទៅហើយ ចំពោះផែនការទទួលជនភៀសខ្លួន។ បន្ទាប់ពីកាន់កាប់អាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានប្រកាសថា ខ្លួននឹងស្តារឡើងវិញការប្រើទណ្ឌកម្មធ្ងន់ធ្ងរលើអ្នកល្មើសច្បាប់ រួមទាំង ការកាត់ផ្តាច់ដៃជើង និងការកាត់ទោសប្រហារជីវិត និងទប់ស្កាត់សិទ្ធិស្ត្រី។ ទីក្រុងរ៉ូម បាននិយាយថា ការរំលោភសិទ្ធិស្ត្រីជាប្រព័ន្ធ ធ្វើឱ្យយើងមិនអាចទទួលស្គាល់រដ្ឋបាលតាលីបង់បានទេ ប៉ុន្តែបានជំរុញឱ្យរដ្ឋាភិបាលបរទេសធានាការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ជនស៊ីវិលអាហ្វហ្គានីស្ថាន។ លោក Draghi បាននិយាយថា “ខ្ញុំជឿថា វាជាកាតព្វកិច្ចរបស់ប្រទេសអ្នកមានលើពិភពលោក ក្នុងការធ្វើអ្វីមួយដើម្បីចៀសវាងមហន្តរាយមនុស្សធម៌”៕ (Reuters ថ្ងៃទី២៩ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here