UN អំពាវនាវឲ្យអន្តរជាតិឆ្លើយតបជាបន្ទាន់ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា

0
26

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការឆ្លើយតបជាបន្ទាន់ពីអន្តរជាតិ ចំពោះវិបត្តិនយោបាយដែលបានបង្កើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ យោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២៩ ខែកញ្ញា។ នៅក្នុងឯកសារស្តីពី “ស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ប្រមុខអង្គការសហប្រជាជាតិក៏បាននិយាយដែរថា លោកមានការភ័យខ្លាចថា ការក្តាប់អំណាចរបស់យោធានឹងកាន់តែពិបាកទប់ទល់។ លោកបាននិយាយថា “វាជាការបន្ទាន់ក្នុងការឆ្លើយតបពីអន្តរជាតិ និងតំបន់ដែលរួបរួមគ្នា ដើម្បីជួយធ្វើឱ្យមីយ៉ាន់ម៉ាដើរលើផ្លូវឆ្ពោះទៅរកកំណែទម្រង់ប្រជាធិបតេយ្យ”។ ឯកសារនេះត្រូវបានអនុម័តដោយប្រទេសចំនួន ១១៩ ដោយមាន ៣៦ ប្រទេស រួមទាំង ប្រទេសចិនផងដែរ បានអនុប្បវាទ និងប្រទេសបេឡារុសបានបោះឆ្នោតប្រឆាំង។ កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ “ត្រូវតែអមដោយការដោះលែងលោកប្រធានាធិបតី Win Myint លោកស្រី អ៊ុងសាន ស៊ូជី និងមន្រ្តីរដ្ឋាភិបាលដទៃទៀត” នេះបើតាមលោក Guterres បាននិយាយនៅក្នុងរបាយការណ៍។ លោកបានបន្ថែមថា ត្រូវតែមាន “ការទទួលបានជំនួយ និងជំនួយមនុស្សធម៌ភ្លាមៗ ជាពិសេសជួយដល់សហគមន៍ងាយរងគ្រោះ ក្នុងនោះ មានជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា ដែលពួកគេភាគច្រើនកំពុងរស់នៅនិរទេសនៅបង់ក្លាដែស និងកន្លែងផ្សេងទៀត”។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា យោធាបានចាប់ផ្តើមការបង្ក្រាបដោយបង្ហូរឈាមទៅលើក្រុមប្រឆាំង ដោយមានជនស៊ីវិលជាង ១.១០០ នាក់ ត្រូវបានសម្លាប់ និង ៨.៤០០ នាក់កំពុងជាប់ពន្ធនាគារ៕ (AFP ថ្ងៃទី២៩ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here